- 2020-03-16 03:42:02
- សេដ្ឋកិច្ច
ការចិញ្ចឹមកន្ធាយសាច់ងាយស្រួលថែទាំ និងកំពុងមានទីផ្សារល្អ
- 2020-03-16 03:42:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការចិញ្ចឹមកន្ធាយសាច់ងាយស្រួលថែទាំ និងកំពុងមានទីផ្សារល្អ
ចន្លោះមិនឃើញ
លោក លី ហៀង ម្ចាស់កសិដ្ឋានចិញ្ចឹមកន្ធាយ នៅក្នុងភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួកខេត្តសៀមរាបបានប្រាប់ sabay ថា ការចិញ្ចឹមកន្ធាយសាច់ងាយស្រួលថែទាំមិនដូចការចិញ្ចឹមមាន់ ឬចិញ្ចឹមកង្កែបឡើយ។ ការចិញ្ចឹមមាន់ និងកង្កែប ត្បិតថា មានតម្រូវការលើទីផ្សារ តែទាមទារការមើលថែដិតដល់ និងប្រឈម និងជំងឺដង្កាត់ច្រើនជាងចិញ្ចឹមកន្ធាយ។ កន្ធាយសាច់កំពុងមានទីផ្សារល្អពិសេសនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តគោលដៅទេសចរមួយចំនួន។
បន្ទាប់ពីបានសិក្សាបច្ចេកទេសចិញ្ចឹមកន្ធាយ លោក ហៀង បានសាកល្បងចិញ្ចឹមជាលក្ខណៈគ្រួសារក្នុងឆ្នាំដំបូង ក្រោយមកចូលហ៊ុនជាមួយមិត្តភ័ក្ដិ ដោយចំណាយដើមទុនប្រមាណ ៥០០០ដុល្លារអាមេរិកចិញ្ចឹមកន្ធាយលើផ្ទៃដីកន្លះហិចតា និងគ្រោងពង្រីកជាបន្តបន្ទាប់ទៅថ្ងៃអនាគត។
"អញ្ចឹងដំបូងខ្ញុំរៀនទេ ខ្ញុំធ្វើដើម្បីបានពិសោធន៍ពីកូនកន្ធាយ៥០០ក្បាលកាលពីដើមឆ្នាំទី១ ដល់ពេលខ្ញុំចិញ្ចឹមបាន ៨ ទៅ៩ខែ ខ្ញុំយល់ពីវាច្រើនដូចជាការផ្ដល់ចំណី ប្រភេទទឹក ការរស់នៅ និងប្រភេទជំងឺរបស់វា ទើបខ្ញុំចាប់ផ្ដើមគម្រោងទី២ ជាមួយមិត្តភ័ក្ដិគ្នា៥នាក់”។
ឆ្លងកាត់បទពិសោធន៍ចិញ្ចឹមកន្ធាយជាងពីរឆ្នាំមកនេះលោក ហៀង បានបង្ហើបទៀតថា ការចិញ្ចឹមកន្ធាយអាចឱ្យលោកសល់ម៉ោង ដើម្បីបម្រើការងារផ្សេង និងអាចចាប់លក់ចន្លោះពី ៧ ខែទៅ៨ ខែ ប្រសិនបើឱ្យចំណីដិតដល់។
"អញ្ចឹងខ្ញុំប្រៀបធៀបការចិញ្ចឹមមាន់ និងកង្កែបគឺយើងត្រូវថែទាំច្រើនជាងកន្ធាយ បើមិនដិតដល់ទេ ច្បាស់ជាបរាជ័យហើយ ដោយសារខ្ញុំក៏ធ្លាប់មានបទពិសោធន៍ចិញ្ចឹមមាន់ និងកង្កែបច្រើនដែរ។ខ្ញុំក៏ជាបុគ្គលិកបម្រើការងារនៅសណ្ឋាគារមួយដែរនៅសៀមរាប”។
លោកបានឱ្យដឹងទៀតថា កន្ធាយស៊ីកូនត្រី កូនកំពឹស និងឱ្យចំណីដូចចំណីត្រីដែរ ដោយឱ្យស៊ីពីរដងក្នុងមួយថ្ងៃ ហើយត្រូវការពារកុំឱ្យកខ្វក់ទឹក ដោយត្រូវបូមទឹកចាស់ចេញ ៣០% ថែមទឹកថ្មី ដើម្បីកុំឱ្យកន្ធាយដំបៅខ្នងឬជំងឺផ្សេងៗ។ ត្រូវការពារកុំឱ្យមានស្រមោចក្រហមខាំ បើមិនដូច្នេះទេ កន្ធាយនឹងអាចងាប់បាន។
"បច្ចុប្បន្នកូនត្រី និងកំពឹសមានតម្លៃថ្លៃដូច្នេះ ខ្ញុំឱ្យចំណីដូចត្រីដែរ ដោយក្នុងមួយប៉ាវតម្លៃ៥ម៉ឺនរៀល”។
បច្ចុប្បន្នលោកមានកន្ធាយមេពង ៤០០ក្បាល ខណៈកូនកន្ធាយមានជាង ៥០០ក្បាល ដែលអាចលក់ចែកជូនដល់បងប្អូនដែលមានបំណងចិញ្ចឹមកន្ធាយ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ ដោយលោកមានប្រាប់វិធីចិញ្ចឹមថែទាំ និងធ្វើអាងហើយក៏មានទទួលទិញវិញក្នុងតម្លៃសមរម្យដែរ។
សម្រាប់ផែនការលើផ្ទៃដីកន្លះហិចតាលោកគ្រោងចិញ្ចឹមកន្ធាយចន្លោះពី ២ម៉ឺនក្បាលទៅ៣ម៉ឺនក្បាល ដើម្បីយកសាច់ និងលក់ជូនបងប្អូនប្រជាកសិករមានបំណងចិញ្ចឹម។ លោកបានឱ្យដឹងទៀតថា បច្ចុប្បន្នការផ្គត់ផ្គង់កន្ធាយនៅលើទីផ្សារមានតម្រូវការច្រើន ដែលទាមទារឱ្យមានការនាំចូលពីប្រទេសជិត។ ដូច្នេះប្រជាពលរដ្ឋខ្មែរគួរនាំគ្នាចិញ្ចឹមកន្ធាយផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក និងអាចលក់កូនកន្ធាយ បង្កើនប្រាក់ចំណូលបាន។ កន្ធាយសាច់លក់នៅលើទីផ្សារមានតម្លៃចន្លោះពី ១៣ ដុល្លារ ទៅ១៥ ដុល្លារក្នុងមួយគីឡូក្រាម។
ចំពោះផែនការអនាគតក្រៅពីផលិតកន្ធាយសាច់ និងកូនកន្ធាយ លោក ហៀង គ្រោងនឹងបង្កើតហាងលក់ដុំនិងរាយសាច់កន្ធាយនៅខេត្តសៀមរាប និងតាមបណ្ដាខេត្តមួយចំនួន៕