- 2020-03-16 10:01:15
- ព័ត៌មាន
ស្ថាប័នរដ្ឋមួយរបស់កម្ពុជា ប្រកាសឱ្យបុគ្គលិកធ្វើការងារពីផ្ទះ ដើម្បីទប់ស្កាត់ការឆ្លង Covid-19
- 2020-03-16 10:01:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថាប័នរដ្ឋមួយរបស់កម្ពុជា ប្រកាសឱ្យបុគ្គលិកធ្វើការងារពីផ្ទះ ដើម្បីទប់ស្កាត់ការឆ្លង Covid-19
ចន្លោះមិនឃើញ
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រកាសឱ្យបុគ្គលិកធ្វើការងារពីផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺ Covid-19។ នេះបើតាមសារសម្លេងដែលលោកបានផ្ញើតាមប្រព័ន្ធ Telegram ទៅមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ។
លោកបានលើកឡើងថា អ្នកដែលធ្វើការងារតាមអនឡាញអាចធ្វើពីផ្ទះបាន ដោយមិនចាំបាច់មកមកធ្វើការងារនៅទីស្តីការក្រសួងទេ លើកលែងតែបុគ្គលិកចាំបាច់បំផុតទើបតម្រូវឱ្យមកកន្លែង ដោយវិធានការដាក់ចេញនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃស្អែកនេះតទៅពោលគឺនៅថ្ងៃទី១៦ ខែមីនានេះ។
“អ្នកណាអាចធ្វើការតាមអនឡាញបាននាំគ្នាធ្វើការនៅផ្ទះទៅ មកក្រសួងតែអ្នកណាចាំបាច់ទៅបានអញ្ចឹងសុំអនុវត្តប្រាកដប្រជាចាប់ពីថ្ងៃពីថ្ងៃស្អែកនេះតទៅ”។
ក្រៅពីនេះលោករដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីទាំងឡាយដែលទើបមកពីបេសកកម្មវិញ ពិសេសមកពីប្រទេសដែលកំពុងឆ្លងរីករាលដាលនៃជំងឺ Covid-19 នេះសូមឱ្យដាក់ខ្លួនឯងនៅដាច់ដោយឡែករយៈពេល១៤ ថ្ងៃ ហើយគ្រប់នាយកដ្ឋាន អគ្គនាយកដ្ឋានត្រូវធ្វើបញ្ជីមន្ត្រីរបស់ខ្លួនដែលចេញទៅបេសកកម្ម ដែលទើបត្រលប់វិញ បញ្ជូនមកលោក ប្រាក់ ងួនហុង ដែលជាអ្នកទទួលខុសត្រូវ សម្របសម្រួលទៅនឹងការប្រឆាំងនឹងជំងឺCovid-19 នេះ។ រាល់បេសកកម្មទៅកាន់បណ្ដាប្រទេសមានឆ្លងរីក រាលដាលនៃជំងឺCovid-19 ត្រូវផ្អាកក្នុងរយៈពេល១ខែ លើកលែងតែករណីចាំបាច់ និងមានការយល់ព្រមពីលោករដ្ឋមន្ត្រីផ្ទាល់។ រាល់ការជួបភ្ញៀវបរទេសនិងភ្ញៀវនានាត្រូវផ្អាក ហើយបើខានមិនបានទី១ កុំចាប់ដៃ ដោយគ្រាន់តែសំពះទៅបានហើយ និងត្រូវរក្សាចម្ងាយឱ្យបាន១ម៉ែត្រកន្លះ និងត្រូវលាងដៃរាល់ពេលភ្ញៀវចូល និងចេញទៅវិញ។
កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានចេញ សារាចរណែនាំស្ដីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ចំនួន៤ ចំណុច ខណៈសព្វថ្ងៃនេះជំងឺកូវីដ១៩កំពុងរាតត្បាតជាសកលពិសេសកំពុងមានភាពធ្ងន់ធ្ងរនៅបណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលនាំឲ្យមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទៅ៕