• 2020-03-24 00:39:07
  • ព័ត៌មាន

អង់គ្លេស ប្រកាសបិទប្រទេស៣សប្តាហ៍ ទប់ទល់នឹងជំងឺកូវីដ១៩

  • 2020-03-24 00:39:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃច័ន្ទ ទី២៣ ខែមីនា ម្សិលមិញនេះ រដ្ឋាភិបាលចក្រភពអង់គ្លេស បានបញ្ជាឲ្យបិទប្រទេសរយៈពេល ៣សប្តាហ៍ ដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដោយក្នុងនោះបានបញ្ជាឲ្យបិទហាង និងសេវាកម្មដែលមិនចាំបាច់ ព្រមទាំងហាមឃាត់ការជួបជុំគ្នាលើសពី ២នាក់ទៀតផង។

លោក Boris Johnson នាយករដ្ឋមន្រ្តីអង់គ្លេស

"ស្នាក់នៅក្នុងផ្ទះ”។ នេះជាសម្តីលោក Boris Johnson នាយករដ្ឋមន្រ្តីអង់គ្លេស បាននិយាយនៅក្នុងសុន្ទរកថាមួយតាមទូរទស្សន៍ ទៅកាន់ពលរដ្ឋខ្លួន ខណៈដែលលោកបានបង្ហាញនូវវិធានការណ៍មិនធ្លាប់មានពីមុនមក បន្ទាប់ពីចំនួនអ្នកស្លាប់ក្នុងប្រទេសបានកើនឡើងដល់ ៣៣៥នាក់ ដោយសារជំងឺកូវីដ១៩។

ការប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីផ្ទុះមានកំហឹងចំពោះរដ្ឋាភិបាលថា មិនអើពើចំពោះការផ្តល់អនុសាសន៍ អំពីការកាត់បន្ថយទំនាក់ទំនងសង្គម ដើម្បីទប់ទល់នឹងការឆ្លងជំងឺ។

គួរបញ្ជាក់ឲ្យដឹងថា ស្ថិតនៅក្រោមវិធានការណ៍ថ្មី លោក Johnson បាននិយាយថា ការចេញទៅទិញឥវ៉ាន់ចាំបាច់នៅតែត្រូវបានអនុញ្ញាត រួមទាំងការធ្វើដំណើរទៅ និងមកពីកន្លែងធ្វើការផងដែរ។ ប៉ុន្តែហាងដែលលក់របស់របរដូចជា សម្លៀកបំពាក់ ឬគ្រឿងអេឡិចត្រូនិក ក៏ដូចជា បណ្ណាល័យ កន្លែងក្មេងលេង កន្លែងគោរពបូជា ពិធីមង្គលការ និងពិធីបុណ្យជ្រមុជទឹក សុទ្ធតែត្រូវបានហាមឃាត់ ប៉ុន្តែមិនហាមឃាត់ពិធីបុណ្យសពនោះទេ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់