- 2020-03-27 03:56:46
- ព័ត៌មាន
ចូលរួមរំលែកទុក្ខ! វេជ្ជបណ្ឌិតហ្វីលីពីន ៩ នាក់ស្លាប់ដោយសារកូវីដ១៩
- 2020-03-27 03:56:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលរួមរំលែកទុក្ខ! វេជ្ជបណ្ឌិតហ្វីលីពីន ៩ នាក់ស្លាប់ដោយសារកូវីដ១៩
ចន្លោះមិនឃើញ
សមាគមវេជ្ជសាស្ត្រកំពូលរបស់ហ្វីលីពីននិយាយនៅថ្ងៃព្រហស្បតិ៍ទី២៦មីនានេះថា វេជ្ជបណ្ឌិតចំនួន ៩ នាក់បានស្លាប់នៅក្នុងប្រទេសហ្វីលីពីនដោយសារជំងឺកូវីដ១៩ ខណៈមន្ទីរពេទ្យជាច្រើននិងគ្រូពេទ្យបានត្អូញត្អែរអំពីកង្វះឈុតការពារនៅសមរភូមិជួរមុខប្រឆាំងនឹងកូវីដ។
ការប្រកាសអំពីការស្លាប់វេជ្ជបណ្ឌិតបានធ្វើឱ្យមានការភ័យខ្លាចកាន់តែខ្លាំងឡើងថាទំហំនៃវិបត្តិសុខភាពនៅក្នុងប្រទេសហ្វីលីពីនគឺអាក្រក់ជាងការដែលត្រូវបានរាយការណ៍ជាផ្លូវការ ដែលចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ មានត្រឹមតែ ៣៨ នាក់។ កោះលូហ្សុន កន្លែងដែលមានប្រជាជនរស់នៅ ៥៥ លាននាក់ កំពុងស្ថិតនៅក្នុងសប្តាហ៍ទី ២ នៃការបិទដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ទោះយ៉ាងណា គ្រូពេទ្យព្រមានថាករណីឆ្លងថ្មីៗនៅតែកើនឡើងជាលំដាប់។ សមាគមគ្រូពេទ្យហ្វីលីពីនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វេជ្ជបណ្ឌិតទី ៩ បានស្លាប់ដោយសារវីរុសនេះ ហើយបុគ្គលិកសុខាភិបាលមិនបានទទួលបានឈុតការពារគ្រប់គ្រាន់ទេ។
អនុប្រធានសមាគមវេជ្ជសាស្ត្រហ្វីលីពីន លោក បេនីតូ អាធៀនហ្សា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ប្រសិនបើខ្ញុំជាអ្នកសម្រេច នោះត្រូវធ្វើតេស្តបុគ្គលិកពេទ្យជួរមុខជាមុនសិន ហើយត្រូវធ្វើតេស្តម្តងទៀតបន្ទាប់ពីប្រាំពីរថ្ងៃ។ គ្រូពេទ្យអាចជាអ្នកចម្លងមេរោគដោយមិនដឹងខ្លួន”។ មន្ទីរពេទ្យធំៗចំនួន ៣ នៅទីក្រុងម៉ានីលបានប្រកាសកាលពីថ្ងៃពុធថា ពួកគេផ្ទុកអ្នកជំងឺពេញអស់ហើយ ហើយមិនអាចទទួលយកអ្នកជំងឺថ្មីៗបានតទៅទៀតទេ។ មន្ទីរពេទ្យទាំងនោះនិយាយថាបុគ្គលិកពេទ្យរាប់រយនាក់លែងទទួលយកអ្នកជំងឺទៀតហើយពីព្រោះពួកគេកំពុងដាក់ខ្លួនឯងនៅឯកោរយៈពេល ១៤ ថ្ងៃបន្ទាប់ពីមានការសង្ស័យថាឆ្លងកូវីដ១៩ហើយចម្លងឱ្យទៅអ្នកជំងឺទៅវិញ។
មានមនុស្សតិចជាង ២.០០០ នាក់ត្រូវបានគេធ្វើតេស្តនៅក្នុងប្រទេសហ្វីលីពីនគិតត្រឹមថ្ងៃអង្គារ រាប់ចាប់ពីអ្នកដែលមានរោគសញ្ញាធ្ងន់ធ្ងរនិងអ្នកដែលត្រូវគេចាត់ទុកថាងាយរងគ្រោះបំផុតរហូតដល់អ្នកកើតជំងឺកូវីដ១៩ ដូចជា មនុស្សចាស់ អ្នកដែលមានជំងឺគ្រោះថ្នាក់ប្រចាំកាយ និង ស្ត្រីមានផ្ទៃពោះ៕