- 2020-03-31 06:27:46
- ព័ត៌មាន
លោក គួច សុខលី៖ «Domino’s Pizza ក៏ខាតបង់ចំណូល តែយើងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចប្រសើរឡើងឆាប់ៗ»
- 2020-03-31 06:27:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក គួច សុខលី៖ «Domino’s Pizza ក៏ខាតបង់ចំណូល តែយើងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចប្រសើរឡើងឆាប់ៗ»
ចន្លោះមិនឃើញ
ជំងឺកូវីដ១៩ បានវាយប្រហារពិភពលោករួមទាំងកម្ពុជា ធ្វើឲ្យសេដ្ឋកិច្ចជាប់គាំងស្ទើរគ្រប់ទីកន្លែង។ មិនខុសពីបណ្ដាក្រុមហ៊ុន ផ្សេងៗ Domino’s Pizza ដែលជាអ្នកឯកទេសធ្វើនំភីហ្សា ក៏បានទទួលស្គាល់ថា នៅក្នុងកាលៈទេសៈនេះ ក៏ជួបការលំបាករឿងប្រាក់ចំណូល ប៉ុន្ដែក្រុមហ៊ុនមិនបិទទ្វារ ផ្ទុយទៅវិញបានធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈការចែកអាហារ និង សម្ភារៈដល់ក្រុមគ្រូពេទ្យជួរមុខ ប្រយុទ្ធប្រឆាំងនឹងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី កូវីដ១៩។ នេះជាការលើកឡើងរបស់ លោក គួច សុខលី ប្រធានក្រុមហ៊ុន CBM Corporation និង ជាតំណាង Domino’s Pizza នៅកម្ពុជា។
នៅក្នុងកាលៈទេសៈនេះ តើការបិទក្រុមហ៊ុនអាចចំណេញជាង ឬការបើករកស៊ីបន្ដចំណេញ? ឆ្លើយតបនឹងសំណួរនេះ លោក គួច សុខលី បានលើកឡើងថា ការបិទក្រុមហ៊ុនអាចចំណេញជាង តែយើងមិនបិទ ព្រោះយើងអត់ចង់បិទហាង គឺចង់ឲ្យសេដ្ឋកិច្ចដំណើររការ ទោះតិចឬច្រើន យើងចង់ឲ្យសេដ្ឋកិច្ចដំណើរការទៅមុខ។
ដើម្បីឲ្យសេដ្ឋកិច្ចឆាប់ងើបឡើងវិញ ហាង Domino’s Pizza បានបង្កើតយុទ្ធនាការមួយ គឺគ្រប់អតិថិជនបញ្ជាទិញតាមរយៈសេវាដឹកជញ្ជូន នៃភីហ្សាឈុតណាមួយ គឺហាងនឹងចំណាយថវិការបស់ខ្លួនចំនួន១ដុល្លារ សម្រាប់ចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។
គិតចាប់ពីដើមខែមីនា រហូតមកទល់នឹងពេលនេះ ហាងដូមីណូភីហ្សា បានសន្សំប្រាក់ពីការបញ្ជាទិញរបស់អតិថិជន សរុប ៦ពាន់ដុល្លារហើយ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។ ថវិកា ទាំងនេះ សម្រាប់ទិញអាហារ សម្ភារៈផ្សេងៗ ដើម្បីចែកដល់ក្រុមគ្រូពេទ្យជួរមុខ និងក្រសួងសុខាភិបាល ចូលរួមទប់ស្កាត់ជំងឺកូវីដ។
«យើងដឹងហើយថា កូវីដ១៩ ប៉ះពាល់សេដ្ឋកិច្ចជាសកល ដូមីណូភីហ្សាក៏ប៉ះពាល់ដែរ តែយើងចូលរួមសកម្មភាពមនុស្សធម៌ ព្រោះចង់ស្ដារឲ្យស្ថានភាពប្រសើរឡើងឆាប់ៗ ហើយសេដ្ឋកិច្ចយើងងើបឡើងទៅមុខយ៉ាងលឿនវិញដែរ។ ដូច្នេះនៅក្នុងកាលៈទេសៈនេះ វិស័យឯកជន ត្រូវចូលរួមយ៉ាងសកម្មភាព តើយើងអាចធ្វើអ្វីបាន យើងធ្វើ ទោះតិចក្ដី ច្រើនក្ដី ដើម្បីឲ្យសេដ្ឋកិច្ចរបស់យើងងើបឡើងវិញឆាប់ៗ»។ លោក គួច សុខលី និយាយប្រាប់ Sabay នៅអំឡុងពេលយកអាហារ និងសម្ភារៈ មួយចំនួនទៅចែកជូនក្រុមគ្រូពេទ្យជួរមុខ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។
លោក គួច សុខលី បានបញ្ជាក់ថា សកម្មភាពនេះនឹងមានជាបន្ដបន្ទាប់ ថវិកាដែលហាងចំណាយផ្ទាល់ខ្លួន ក្រោយពីអតិថិជនបញ្ជាទិញ តាមរយៈសេវាដឹកជញ្ជូននោះ ហាងនឹងទិញជាអាហារ និងសម្ភារៈផ្សេងៗ ដើម្បីចែកជូនជាបន្ដបន្ទាប់។ ការទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក៏ជាផ្នែកមួយសិក្សាអំពីលទ្ធភាពរបស់ហាង ដើម្បីផ្គត់ផ្គង់នៅពេលបន្ដបន្ទាប់ទៀតដែរ។
ផ្អែកតាមសារពីផេកផ្លូវការរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមហ៊ុន Domino's Pizza បានឧបត្ថម្ភ Pizza ចំនួន ១ ៣០០ ប្រអប់ ស្មើនឹង ៣ ១៦៨ដុល្លារ ជូនដល់ក្រុមគ្រូពេទ្យ និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតក្នុងសកម្មភាពពិនិត្យ ធ្វើតេស្ត និងព្យាបាលអ្នកជំងឺ Covid-19 ។
ប្រភពដដែលបានសរសេរទៀតថា តាំងនាមថ្នាក់ដឹកនាំ និងបុគ្គលិកមន្រ្តីរាជការទាំងអស់ សូមជូនពរក្រុមហ៊ុន Domino's Pizza ព្រមទាំងក្រុមការងារទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារៈកិច្ចការងារ។
ក្រៅពីកិច្ចការមនុស្សធម៌ លោក គួច សុខលី បានលើកឡើងអំពីទំនួលខុសត្រូវរបស់ហាង លើការងារទប់ស្កាត់ ជំងឺកូវីដ១៩ ដោយហាងតម្រូវឲ្យគ្រប់បុគ្គលិកទាំងអស់ មានអនាម័យ ហើយភ្ញៀវចូលហាង ត្រូវទទួលសេវាលាងដៃ និងវាស់កម្ដៅជាដើម។ ទន្ទឹមនឹងនេះ សេវាដឹកជញ្ជូនក៏ធានា អំពីសុវត្ថិភាព ដល់អតិថិជនផងដែរ។
ជាចុងក្រោយ លោកគួច សុខលី អំពាវនាវឲ្យប្រជាជនទាំងអស់ចូលរួមស្ដាប់គោលនយោបាយរបស់រាជរដ្ឋាភិបាល គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិស័យឯកជនចូលរួមតាមលទ្ធភាព ដើម្បីជួយសង្គ្រោះប្រទេសកម្ពុជា ឲ្យរួចផុតពីជំងឺកូវីដ១៩ ឲ្យបានឆាប់រហ័ស ដើម្បីស្ដារសេដ្ឋកិច្ចរបស់យើងទៅមុខយ៉ាងលឿនផងដែរ។