• 2020-04-01 03:07:38
  • ព័ត៌មាន

លេងសើចមិនពិត ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ក្នុងថ្ងៃ April Fools' Day អាចជាប់គុកដល់៥ឆ្នាំ

  • 2020-04-01 03:07:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសជាច្រើនបានព្រមានប្រាប់ពលរដ្ឋរបស់ខ្លួន មិនឲ្យលេងសើចមិនពិតពាក់ព័ន្ធនឹងជំងឺកូវីដ១៩ឡើយ នៅក្នុងថ្ងៃ April Fools' Day (ត្រូវនឹងថ្ងៃទី០១ មេសា) នេះ ដោយគំរាមចាប់ដាក់គុក ស្របពេលដែលប្រទេសទាំងនោះ កំពុងខិតខំប្រឹងប្រែងលុបបំបាត់ពាក្យចចាមអារ៉ាម និងព័ត៌មានមិនពិត ដែលបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សជាច្រើន។

ក្នុងនោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានលុបចោលនូវប្រពៃណីលេងល្បែងនិយាយកុហកនៅក្នុងថ្ងៃ April Fools' Day នេះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានសម្លាប់មនុស្សប្រមាណ ៤០ ០០០នាក់នៅទូទាំងពិភពលោក។

ដោយឡែក នៅក្នុងប្រទេសថៃឯណោះវិញ បានគំរាមដាក់ទោសឲ្យជាប់គុករយៈពេលរហូតដល់ទៅ ៥ឆ្នាំ ចំពោះអ្នកនិយាយលេងសើចមិនពិត ពាក់ព័ន្ធនឹងជំងឺកូវីដ១៩។

រីឯប្រធានាធិបតីនៃកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានប្រាប់ពលរដ្ឋឲ្យរបស់ខ្លួនមិនឲ្យលេងសើចពាក់ព័ន្ធនឹងជំងឺឆ្លងនេះឡើយ ហើយបន្ថែមថា ការចែកចាយពាក្យចចាមអារ៉ាម ឬព័ត៌មានមិនពិត អាចជាប់គុករហូតដល់ទៅ ៣ឆ្នាំ និង/ឬ ពិន័យជាប្រាក់ ១០ម៉ឺនដុល្លារទៀត៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់