• 2020-04-01 03:22:59
  • ព័ត៌មាន

ទស្សនៈពលរដ្ឋចង់បានបន្លែធម្មជាតិ និងតម្លៃធូរថ្លៃ

  • 2020-04-01 03:22:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើងៗ ចង់ហូបបន្លែសុវត្ថិភាព បន្លែធម្មជាតិ គ្មានជាតិគីមី ក្រោយពីឥទ្ធិពលបន្លែគីមី ហាក់គ្របដណ្ដប់កាន់តែច្រើននៅលើទីផ្សារ។ ប៉ុន្ដែពលរដ្ឋមួយចំនួន ទទួលស្គាល់ថា បន្លែធម្មជាតិភាគច្រើន លក់នៅក្នុងទីផ្សារទំនើប ហើយអ្នកមានជីវភាពក្រោមមធ្យម រមែងមិនហ៊ានចូលទិញ ទើបទិញប្រថុយប្រថានបន្លែនៅលើទីផ្សារបែបប្រពៃណី។

អ្នកស្រី គន្ធី អ្នករស់នៅម្ដុំអូរឬស្សី បានប្រាប់ Sabay ថា «យើងដឹងថាបន្លែគីមីឥលូវមានច្រើននៅលើទីផ្សារ ប៉ុន្ដែយើងពិបាកបែងចែកវា ហើយយើងជាមេផ្ទះក៏ចង់បានបន្លែល្អៗដែរ ប៉ុន្ដែបន្លែល្អ យើងដឹងហើយច្រើនលក់នៅលើទីផ្សារទំនើប ហើយតម្លៃហាក់ខ្ពស់ជាងបន្លែតាមផ្សារ ដូចជា ផ្សារអូឬស្សីជាដើម»។

អ្នកស្រី វរល័ក្ដិ រស់នៅម្ដុំចំការដូង បានបញ្ចេញទស្សនៈដែរថា «ខ្ញុំធ្លាប់ចូលហូបស៊ុបនៅតាមហាងល្មមៗ នៅម្ដុំចំការដូង ហូបល្ងាច យប់ឡើងរាគចង់ស្លាប់។ ខ្ញុំគិតថា ប្រហែលបន្លែទាំងនោះ មានជាតិគីមី ដូច្នេះ ខ្ញុំចង់ឲ្យម្ចាស់ហាងទាំងអស់គិតគូពីសុខភាពរបស់អតិថិជន គួរគប្បីជ្រើសរើសបន្លែដែលល្អ សុវត្ថិភាព បើទោះថ្លៃបន្ដិចក៏មិនអីដែរ តែសំខាន់ហូបហើយសុខភាពល្អ»។

ចំពោះទស្សនៈរបស់អ្នកស្រី ស្រស់ រស់នៅម្ដុំផ្លូវត្រសក់ផ្អែម បានលើកឡើងថា «ខ្ញុំយល់ថា ការហូបបន្លែសំខាន់ដល់សុខភាព ដូច្នេះ ខ្ញុំតែងតែទីផ្សរទំនើប ដើម្បីជ្រើសរើសបន្លែ ដែលសុវត្ថិភាព ដើម្បីទិញយកមកហូប ដើម្បីសុខភាពគ្រួសារខ្ញុំ។ ខ្ញុំគិតថា បន្លែក្នុងផ្សារទំនើបដូចជាមិនថ្លៃខ្លាំងណាស់ណា ជាងបន្លែតាមផ្សារប្រពៃណីនោះទេ ប៉ុន្ដែបើយើងហូបបន្លែមានសុវត្ថិភាព បន្លែធម្មជាតិ យើងចំណេញច្រើនជាង គឺចំណេញសុខភាព មិនឈឺ មិនចំណាយលុយទិញថ្នាំសង្កូវ»

លោក យ៉ង សាំងកុមារ ទីប្រឹក្សាអង្គការសេដាក ដែលជាជំនាញផ្នែកកសិកម្ម ធ្លាប់ប្រាប់ Sabay ថា ឥទ្ធិពលបន្លែគីមី ផ្ដល់ផលប៉ះពាល់ដល់សុខភាព រយៈពេលខ្លី និងវែង។ រយៈពេលខ្លី អាចមានក្អួត រាគ ឬបញ្ហាផ្លូវដង្ហើមជាដើម។ រយៈពេលវែង អាចជាជំងឺរុំារ៉ៃ។ លោកក៏ធ្លាប់បានជំរុញឲ្យមានការដាំដុះបន្លែធម្មជាតិឲ្យបានកាន់តែច្រើន ដើម្បីកាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេស។ «ការបណ្ដុះបណ្ដាលជំនាញ និងការស្វែងរកទីផ្សារ ជារឿងសំខាន់សម្រាប់ជួយដល់កសិករ ឲ្យខិតខំការដាំដុះបន្ថែមទៀត»

កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា នឹងកាត់បន្ថយការនាំបន្លែ និង សាច់ពីប្រទេសខាងក្រៅ ហើយងាកមកបង្កើនការដាំដុះ និងការចិញ្ចឹមនៅក្នុងស្រុកដោយមិនតម្រូវឲ្យប្រើគីមីច្រើន ។ «ចាប់ពីពេលនេះតទៅ នឹងត្រូវបំផុសឱ្យប្រជាពលរដ្ឋខ្មែរធ្វើការដាំដុះដោយមិនឲ្យប្រើសារធាតុគីមី និងត្រូវកាត់បន្ថយ ការនាំចូលពីប្រទេសខាងក្រៅ ដែលបានប្រើប្រាស់គីមីច្រើន»៕

ឥឡូវនេះប្រិយមិត្ត អាចរកទិញត្រី សាច់ បន្លែ និងផ្លែឈើសុទ្ធ១០០% បាននៅផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ស្ថិតនៅជាន់ផ្ទាល់ដី នៃផ្សារទំនើបអូឡាំព្យាក្បែរស្តុបនាងគង្ហីង ក្នុងខណ្ឌ៧ មករា។ សម្រាប់សេវាកម្មកុម្ម៉ង់ និងដឹកជញ្ជូនកសិផលធម្មជាតិដល់ផ្ទះដោយឥតគិតថ្លៃ អាចទាក់តាមទូរស័ព្ទលេខ៖ ០១១ ៤៤៤ ៤៤៤៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់