- 2020-04-03 06:52:06
- ព័ត៌មាន
អ្នកដាំបន្លែសុវត្ថិភាពថា ១ថ្ងៃរកចំណូលមិនក្រោមជិត ១០ម៉ឺនរៀល បើធ្វើឲ្យប្រាកដ
- 2020-04-03 06:52:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកដាំបន្លែសុវត្ថិភាពថា ១ថ្ងៃរកចំណូលមិនក្រោមជិត ១០ម៉ឺនរៀល បើធ្វើឲ្យប្រាកដ
ចន្លោះមិនឃើញ
«ខ្ញុំមួយថ្ងៃរកចំណូលតែបន្លែមួយមុខមិនក្រោម ៥ម៉ឺនរៀល ទៅម៉ឺនរៀលនោះទេសម្រាប់ការលក់នៅផ្ទះ បើបូករួមទាំងការលក់នៅផ្សារអាចជិតដល់ ១០ម៉ឺនរៀលក្នុង១ថ្ងៃ។ ចំណូលនេះមិនរាប់ពីការចិញ្ចឹមសត្វ និងការដាំដុះដំណាំស្រូវផ្សេងទៀតឡើយ»។ នេះជាការលើកឡើងរបស់ លោក រស់ ម៉ៅ កសិករគំរូ នៅឃុំពពិល ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានប្រាប់ Sabay តាមទូរសព្ទ កាលពីពេលថ្មីៗនេះ។
លោក រស់ ម៉ៅ ដែលជាអ្នកដាំបន្លែចម្រុះជុំវិញផ្ទះ ប្រមាណជា ៤០មុខ លើផ្ទៃដី ២០អា ដោយបានចាប់ផ្ដើមនៅឆ្នាំ ២០០៣ បានលើកឡើងថា នៅពេលនោះគឺការចាប់ផ្ដើមដាំដុះបន្លែធធម្មជាតិតាមរយៈការណែនាំពីអង្គការសេដាក ដោយផ្ដើមការដាំដុះជាលក្ខណៈគ្រួសារប៉ុណ្ណោះ ប៉ុន្ដែរហូតមកទល់នឹងពេលនេះ ដោយសារលទ្ធផលជាផ្លែផ្កាបានល្អ គឺមានអ្នកជិត-ឆ្ងាយ បានមកទិញបន្លែដល់ផ្ទះ ខណៈកន្លងមកដឹកបន្លែយកទៅលក់ឯផ្សារ។ «សព្វថ្ងៃនេះ ការដាំដុះបន្លែ គឺជាចំណូលសំខាន់សម្រប់ចិញ្ចឹមគ្រួសារ»។
លោក រស់ ម៉ៅ វ័យ៦២ឆ្នាំ មានកូនចំនួន ៥នាក់ បានលើកឡើងទៀតថា ការដាំដុះបន្លែធម្មជាតិ គឺចំណេញច្រើន គឺទី១ ចំណេញសុខភាព ទី២ រកប្រាក់ចំណូលនៅផ្ទះ និងទី៣ មិនចំណាកស្រុក អាចជួបជុំកូនចៅ ។ «ខ្ញុំមិននិយាយអីទេ កូនទាំង ៥នាក់ ខ្ញុំចិញ្ចឹមមិនលំបាក ហើយខ្ញុំរៀបការកូនបានទៀត តាមរយៈរបរកសិកម្មនេះ។ យើងចេះអីចេះឲ្យប្រាកដ គឺមិនខ្វះចំណូលទេ»។
ទោះយ៉ាងណាលោក រស់ ម៉ៅ បាននិយាយថា «មិនថាគេ មិនថាខ្ញុំ ជីវិតជាអ្នកកសិកម្មម្ដងម្កាល ចង់បោះបង់ចោលការងារនេះ ព្រោះពេលធ្វើហត់អស់កម្លាំង ហើយមិនសូវចំណេញ។ ខ្ញុំក៏ដូចគ្នាដែរ ខ្ញុំចង់បោះបង់ចោលម្ដងៗ កាលពីជាង១០ឆ្នាំមុន ប៉ុន្ដែខ្ញុំបានកម្លាំងចិត្ត និងចិត្តស្រឡាញ់ តស៊ូ រៀនសូត្រ នៅចំណុចខ្វះខាត ដែលយើងធ្វើកិច្ចការកសិកម្ម ឃើញថា លទ្ធផលផ្លាស់ប្ដូរ។ មួយទៀតចង់ធ្វើកសិកម្ម ត្រូវឲ្យច្បាស់ និង ប្រើកម្លាំងកាយចិត្ត ថែទាំ និងមើលថែ នោះលទ្ធផលនឹងបានសមប្រកបមិនខាន»។
លោក ឡាយ ប៊ុនលាង ម្ចាស់កសិដ្ឋាន នៅភូមិដូនធី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម បានលើកឡើងថា លោកបានចាប់ផ្ដើមធ្វើការដាំដុះដំណាំចម្រុះ លើផ្ទៃដីជិត៣០ហិកតា ក្នុងនោះមានដំណាំបន្លែសុវត្ថិភាព លើផ្ទៃដីប្រមាណជា១ហិកតា ដែលការដាំដុះនេះទទួលបានការបណ្ដុះបណ្ដាលពីមន្ទីរកសិកម្មខេត្ត។
«ខ្ញុំទទួលស្គាល់ថា ការដាំដុះបន្លែសុវត្ថិភាពកំពុងមានទីផ្សារខ្លាំង និងបានតម្លៃខ្ពស់ ប្រសិនបើយើងធ្វើតាមស្ដង់ដារ។ ប៉ុន្ដែខ្ញុំនៅមិនទាន់ផលិតឲ្យបានទៀងទាត់នៅឡើយ ដោយសារតែកង្វះកម្លាំងពលកម្ម និង ទឹក សម្រាប់ស្រោចស្រព ជាពិសេសរដូវក្ដៅនេះកំពុងខ្វះទឹកខ្លាំង»។
បើទោះការផលិតនៅមិនទាន់គ្រប់គ្រាន់ និងមិនទៀងទាត់ ផ្គត់ផ្គង់សម្រាប់ទីផ្សារក៏ពិតមែន តែលោកឡាយ ប៊ុនលាង ថា សព្វថ្ងៃនេះបន្លែសុវត្ថិភាពរបស់លោកបានដឹកទៅកាន់ទីផ្សារតាមហាងធំៗ និងកន្លែងលក់គុយទាវផ្ទាល់តែម្ដង ហើយជាមហិច្ឆតារបស់លោកចង់លក់តាមអនឡាញនៅពេលខាងមុខ នៅពេលការផលិតបានទៀតទាត់ និងមានទុនគ្រប់គ្រាន់សម្រាប់ធ្វើការងារកសិកម្មនេះ។
ទាក់ទងនឹងការផលិតបន្លែសុវត្ថិភាពនេះ លោក ឡាយ ប៊ុនលាង បានទទូចទៅកាន់ផ្នែកពាក់ព័ន្ធកសិកម្មទាំងឡាយ ឲ្យជួយបណ្ដុះបណ្ដាលជំនាញឲ្យបានទៀងទាត់ ហើយផ្ដល់ប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាបសម្រាប់កសិករ មានលទ្ធភាពពង្រីកការងារកសិកម្ម ជាពិសេសការដាំដុះបន្លែសុវត្ថិភាព ដើម្បីជាប្រយោជន៍សុខភាពសាធារណៈ៕
ឥឡូវនេះប្រិយមិត្ត អាចរកទិញត្រី សាច់ បន្លែ និងផ្លែឈើសុទ្ធ១០០% បាននៅផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ស្ថិតនៅជាន់ផ្ទាល់ដី នៃផ្សារទំនើបអូឡាំព្យាក្បែរស្តុបនាងគង្ហីង ក្នុងខណ្ឌ៧ មករា។ សម្រាប់សេវាកម្មកុម្ម៉ង់ និងដឹកជញ្ជូនកសិផលធម្មជាតិដល់ផ្ទះដោយឥតគិតថ្លៃ អាចទាក់តាមទូរស័ព្ទលេខ៖ ០១១ ៤៤៤ ៤៤៤៕