• 2020-04-08 05:08:23
  • ព័ត៌មាន

ក្រោយដាក់ប្រទេសក្នុងភាពអាសន្ន ប្រជាជនជប៉ុនរស់នៅបែបណា?

  • 2020-04-08 05:08:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃអង្គារ ទី០៧ ខែមេសា ជប៉ុនបានប្រកាសដាក់ផ្នែកជាច្រើននៃប្រទេសរបស់ខ្លួន ដែលមានការរីករាលដាលនៃវីរុសកូវីដ១៩ខ្លាំង នៅក្នុងភាពអាសន្ន។ ក្រោយដាក់ប្រទេសក្នុងភាពអាសន្នបែបនេះ តើប្រជាជនជប៉ុនរស់នៅបែបណា?

នាយករដ្ឋមន្រ្តីជប៉ុន លោកស៊ីនហ្សូ អាបេ

បើស្តាប់ទៅ ហាក់បីដូចជាធ្ងន់ធ្ងរណាស់ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង គឺមិនដូចអ្វីដែលអ្នកគិតឡើយ។ ប្រជាជនជប៉ុនត្រូវបានណែនាំឲ្យស្នាក់នៅក្នុងផ្ទះ លើកលែងតែត្រូវបំពេញភារកិច្ចសំខាន់ៗ ដូចជា ទិញអាហារ និងគ្រឿងផ្គត់ផ្គង់ប្រចាំថ្ងៃ ឬស្វែងរកការថែទាំសុខភាពជាដើម។ ជាមួយគ្នានេះ ការធ្វើការពីផ្ទះ នឹងត្រូវបានលើកទឹកចិត្ត ប៉ុន្តែមិនចាំបាច់ដាច់ខាតនោះទេ។

មិនតែប៉ុណ្ណោះ អាជីវកម្មសំខាន់ៗដូចជា ផ្សារទំនើប ហាងលក់ចាប់ហួយ និងឱសថស្ថាន នៅតែបើកដំណើរការធម្មតា ហើយរដ្ឋាភិបាលបានធានាថា មិនចាំបាច់ភ័យស្លន់ស្លោក្នុងការទិញឥវ៉ាន់ទុកឡើយ។

ដោយឡែក ទីកន្លែងដែលមនុស្សប្រមូលផ្តុំគ្នាច្រើន ដូចជា រោងកុន កន្លែងប្រគុំតន្រ្តី និងកីឡដ្ឋានជាដើម ត្រូវបានបញ្ជាឲ្យបិទទ្វារ ខណៈព្រឹត្តិការណ៍ធំត្រូវបានលុបចោល ឬពន្យាពេល។ ក្នុងនោះដែរ សាលារៀនជាច្រើនបានបិទទ្វាររួចទៅហើយ ដោយរង់ចាំរហូតដល់ផុតថ្ងៃវិស្សមកាល Golden Week ដែលបញ្ចប់នៅដើមខែឧសភា។

ចំណែកឯប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដូចជា រថភ្លើង នឹងនៅបន្តដំណើរការដដែល ប៉ុន្តែអាចនឹងផ្លាស់ប្តូរម៉ោង ឬកាត់បន្ថយសេវាកម្ម អាស្រ័យលើតម្រូវការជាក់ស្តែង៕

គួរឲ្យដឹងថា រហូតមកទល់ពេលនេះ ប្រទេសជប៉ុនមានចំនួនអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៤ ១៦៨ករណី ក្នុងនោះស្លាប់ ៨១នាក់ ហើយជាសះស្បើយ ៦២២នាក់៕

ប្រភព៖ Kyodo News ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់