- 2020-04-14 04:37:30
- ព័ត៌មាន
គួរធ្វើរឿង ៣យ៉ាង បើចង់ឲ្យកើតសិរីសួស្ដីនៅក្នុងឆ្នាំថ្មីនេះ
- 2020-04-14 04:37:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរធ្វើរឿង ៣យ៉ាង បើចង់ឲ្យកើតសិរីសួស្ដីនៅក្នុងឆ្នាំថ្មីនេះ
ចន្លោះមិនឃើញ
ព្រះភិក្ខុ សតិបាលោ សុខ សុផៃ គង់នៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង បានលើកយកចំណុចបីយ៉ាង ដែលព្រះពុទ្ធបានត្រាស់សម្ដែងមកបរិយាយថា បើចង់ឲ្យកើតសិរីសួស្ដីពិតប្រាកដទាំងក្នុងថ្ងៃចូលឆ្នាំថ្មី និងជីវភាពប្រចាំថ្ងៃ ជនប្រុសស្រីត្រូវធ្វើ៖
ទី១-ធ្វើការគោរពប្រតិបត្តិឪពុកម្ដាយ និងអ្នកមានគុណ។ ជូនជាទេយ្យទានមាន ម្ហូបអាហារនំចំណី ថ្នាំសង្កូវ សំលៀកបំពាក់ និងជួយសម្រាលបន្ទុកការងារពួកគាត់ ដើម្បីឲ្យពួកគាត់បានស្រណុកសុខស្រួល សប្បាយរីករាយ។ ព្រះអង្គមានសង្ឃដីកាថា កុំអាល័យតែបន់ទេវតាលើមេឃ បន់ព្រះដទៃ ភ្លេចព្រះខ្លួនឯងក្នុងផ្ទះ។ ព្រោះថា គ្មានទេវតាណាឲ្យជីវិត បីបាច់រក្សា បង្រៀនទូន្មាន ក្រៅពីឪពុកម្ដាយទេ។ បើចង់បានសិរីសួស្ដីត្រូវគោរពប្រតិបត្តិ ថ្វាយបង្គំ ឪពុកម្ដាយទាន់មានឱកាស។ ត្រង់នេះព្រះអង្គមិនបានហាមមិនឲ្យកាន់យកនូវទំនៀមប្រពៃណីឡើយ។ ទំនៀមទម្លាប់ជាតិខ្មែរ ពលរដ្ឋខ្មែរត្រូវរក្សាឲ្យបានខ្ជាប់ខ្ជួន។
ទី២-ចៀសវាង ឬកាត់បន្ថយការផឹកគ្រឿងស្រវឹង។ គ្រឿងស្រវឹងមិនបាននាំឲ្យកើតមង្គលទេ ផ្ទុយមកវិញគឺជាគ្រឿងកាត់នូវសិរីសួស្ដី នាំឲ្យមនុស្សអន្តរាយខូចសុខភាព បាត់បង់ជីវិត ថោកទាប បាត់កិត្តិយស។
ទី៣-ការមិនប្រមាទ បានដល់ស្មារតីប្រុងប្រយ័ត្នជាប្រក្រតី កុំធ្វេសប្រហែស។ ពុទ្ធភាសិតមួយឃ្លាពោលថា អបមាទោ អមតំ បទំ បានន័យថា ការមិនធ្វេសប្រហែស ជាផ្លូវចៀសនូវសេចក្ដីស្លាប់។ ព្រះភិក្ខុ សតិបាលោ មានសង្ឃដីកាពន្យល់ថា ការមិនស្លាប់គឺ មិនស្លាប់ជីវិតមួយ មិនស្លាប់គុណធម៌មួយ និងមានសិរីសួស្ដីជ័យមង្គលផង។ ជាក់ស្ដែងគ្រោះថ្នាក់ចរាចរណ៍កើតមានរាល់ថ្ងៃ សាហាវព្រៃផ្សៃក៏ព្រោះតែ សេចក្ដីប្រមាទ គឺការធ្វេសប្រហែសនេះឯង សង្ឃដីកាព្រះអង្គសុខ សុផៃ។