- 2020-04-16 00:23:26
- ព័ត៌មាន
អាល្លឺម៉ង់ គ្រោងបន្ធូរបន្ថយវិធានការចាក់សោរប្រទេសបន្តិចម្តងៗ
- 2020-04-16 00:23:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាល្លឺម៉ង់ គ្រោងបន្ធូរបន្ថយវិធានការចាក់សោរប្រទេសបន្តិចម្តងៗ
ចន្លោះមិនឃើញ
អធិការបតីនៃប្រទេសអាល្លឺម៉ង់ លោកស្រី Angela Merkel បានប្រកាសពីផែនការដើម្បីបន្ធូរបន្ថយការរឹតបន្តឹងបន្តិចម្តងៗ ដើម្បីដោះស្រាយការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។
វិធាននៃការឃ្លាតឆ្ងាយពីសង្គម នឹងនៅជាប្រចាំរហូតដល់ថ្ងៃទី៣ ខែឧសភា ដោយលោកស្រី Merkel ក៏បានណែនាំឲ្យប្រើម៉ាសនៅតាមហាង និងនៅលើមធ្យោបាយដឹកជញ្ជូនសាធារណៈ ខណៈនៅសប្តាហ៍ក្រោយហាងដែលមានទំហំជាក់លាក់តាមការកំណត់ អាចបើកទ្វារឡើងវិញបាន។ រីឯសាលារៀនវិញ នឹងចាប់ផ្តើមបើកជាបណ្តើរៗ ចាប់ពីថ្ងៃទី៤ ខែឧសភា តទៅ។
លោកស្រី Merkel មានប្រសាសន៍ថា អាល្លឺម៉ង់បានទទួលជោគជ័យជាមធ្យម តាមរយៈវិធានការណ៍រឹតបន្តឹង និងចាក់សោរប្រទេស។ អធិការបតីរូបនេះបានបន្ថែមថា អាល្លឺម៉ង់ត្រូវតែផ្តោតអារម្មណ៍ និងបន្តដើរទៅមុខទៀត។
យ៉ាងណាក៏ដោយ ការប្រជុំសាធារណៈធំៗ រួមទាំងសេវាកម្មសាសនា នឹងនៅតែត្រូវបានហាមឃាត់រហូតដល់ថ្ងៃទី៣១ ខែសីហា។ បារ ហាងកាហ្វេ ភោជនីយដ្ឋាន រោងកុន និងកន្លែងតន្រ្តី នឹងនៅតែបិទទ្វារដដែល។ គួរឲ្យដឹងថា រហូតមកទល់ពេលនេះ ប្រទេសអាល្លឺម៉ង់មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៤ ៧៥៣នាក់ ដោយក្នុងនោះមានអ្នកជាសះស្បើយ ៦៦ ១៦៩នាក់ និងស្លាប់ ៣ ៨០៤នាក់៕