• 2020-04-27 01:39:18
  • ព័ត៌មាន

មន្ត្រីកូរ៉េខាងត្បូងម្នាក់ បញ្ជាក់ថាមេដឹកនាំកូរ៉េខាងជើង មិនទាន់ស្លាប់ទេ

  • 2020-04-27 01:39:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេ​ដឹកនាំ​ប្រទេស​កូរ៉េខាង​ជើង​លោក គីមជុងអ៊ុន គឺ​នៅ​រស់​និង​មាន​សុខភាព​ល្អ​ទេ។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​កូរ៉េខាងត្បូង​ម្នាក់។

យោង​តាម​ទី​ប្រឹក្សា​គោលនយោបាយ​ការបរទេស​កូរ៉េខាងត្បូង​លោក Chung-in Moon និយាយ​ថា​រដ្ឋាភិបាល​របស់​លោក​មាន​ជំហរ​យ៉ាង​រឹងមាំ​ថា លោក​គីម​ជុង​អ៊ុន​មិន​ទាន់​ស្លាប់​ទេ។ ប្រភព​ដដែល​បន្ថែម​ថា លោក​គីម​ជុង​អ៊ុន បាន​ស្នាក់​នៅ​តំបន់ Wonsan ចាប់​តាំង​ពី​ថ្ងៃ​ទី ១៣​ខែ​មេសា​មក ហើយ​គ្មាន​ការ​បម្លាស់​ទី​ណា​មួយ​ត្រូវ​គេ​បាន​ឃើញ​នោះ​ទេ។ ពាក្យ​ចចាមអារាម​ពី​ការ​ស្លាប់​របស់​លោក​គីម ជុង​អ៊ុន ត្រូវ​បាន​ផ្ទុះ​ឡើង​ក្រោយ​ពេល​ដែល​សារព័ត៌មាន CNN ផ្សាយ​ថា​លោក​ទទួល​បរាជ័យ​ក្នុង​ការ​វះ​កាត់​បេះ​ដូង។ លើស​ពី​នេះ​ទៀត ការ​មិន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ពិធី​ខួប​កំណើត​ជីតា Kim Il Sung របស់​លោក បានធ្វើឱ្យមានការសង្ស័យអំពី​ស្ថានភាព​សុខភាព​​មេដឹកនាំ​ក្រុង​ព្យុងយ៉ាង​រូប​នេះ រហូត​មាន​សារព័ត៌មាន​ជា​ច្រើន​ផ្សាយ​ពី​ការ​ស្លាប់​របស់​លោក។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋផ្សេងទៀតនៅក្នុងប្រទេសកូរ៉េខាងជើង មិនបានរាយការណ៍អំពីសកម្មភាពរបស់មេដឹកនាំទេ ហើយក៏មិនមានរូបថតថ្មីរបស់​លោក​គីម​ត្រូវបានចុះផ្សាយដែរ។ រូបថត​ចុងក្រោយ​បំផុតរបស់​លោក គីមជុងអ៊ុន បានលេចនៅលើ​សារព័ត៌មាន​ KCNA នៅ​ពេល​ធ្វើ​ការ​ត្រួតពិនិត្យកងកម្លាំងការពារដែនអាកាសនៅភាគខាងលិចនៃកូរ៉េខាងជើង​កាល​ពី​ថ្ងៃទី ១២ ខែមេសា។ យ៉ាងណាក្ដី មិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយ​ពីកូរ៉េខាងជើងនោះទេ។ ប្រសិនបើមានព័ត៌មានបន្ថែម Sabay នឹងផ្សាយជូនបន្តទៀត៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់