- 2020-04-29 06:18:47
- ព័ត៌មាន
មកស្គាល់ម្ចាស់រថយន្ត Cute Cute បែបក្លាស៊ីក
- 2020-04-29 06:18:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ម្ចាស់រថយន្ត Cute Cute បែបក្លាស៊ីក
ចន្លោះមិនឃើញ
មានកំណើតកើតជាក្នុងទឹកដីខេត្តសៀមរាប លោក បូរ សុភា បញ្ចាប់សញ្ញាប័ត្រមគ្គុទេសចរណ៍ថ្នាក់ជាតិពីសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប៊្រូល នៅខេត្តសៀមរាប ឆ្នាំ ២០១២។
បច្ចុប្បន្ន លោក បូរ សុភា ជាមគ្គុទេសទេចរណ៍ភាសាបារាំង និងអង់គ្លេស ឯករាជ្យនៅខេត្តសៀមរាប ហើយក៏ជាម្ចាស់សេវាកម្មផ្នែកទេសចរណ៍ជួលរថយន្ត និងម៉ូតូផលិតក្នុងទស្សវត្សទី៦០ និង៧០ បែបក្លាស៊ីកប្រចាំនៅទឹកដីអង្គរផងដែរ។
លោក បូរ សុភា បញ្ជាក់ប្រាប់ពីមូលហេតុនៃការបើករបរជួលរថយន្ត និងម៉ូតូឆ្នាំចាស់ៗបែបក្លាស៊ីកនេះថា**"ទី១កើតចេញពីការស្រលាញ់ ឡាន និងម៉ូតូចាស់ៗតាំងពីនៅក្មេងមក និងទី២មានការជម្រុញពីមិត្តភ័ក្ត និងក្រុមគ្រួសារ។ ពីដំបូងខ្ញុំទិញឡាន និងម៉ូតូចាស់ៗទាំងនេះគឺសម្រាប់តែជិះតែប៉ុណ្ណោះមិនបានគិតពីការបង្កើតសេវាកម្មជួលនោះទេ តែដោយមានមិត្តភ័ក្តខ្ញុំប្រាប់ និងរុញឲ្យធ្វើទើបខ្ញុំសម្រេចបង្កើតវាតែម្តងទៅ"**។
ម្ចាស់របរជួលរថយន្ត និងម៉ូតូឆ្នាំចាស់ៗបែបក្លាស៊ីកបន្តថា ការទិញដំបូងនៅចុងឆ្នាំ២០១៦ ទិញរថយន្ត Mercedes Benz 300 S E L ផលិតនៅឆ្នាំ១៩៦៣ ក្នុងតម្លៃ ២៦០០០ដុល្លារ ហើយក្រោយៗមកបន្តទិញម៉ូតូ Mobylette AV31 ផលិតនៅឆ្នាំ១៩៥៤ ម៉ូតូ Cup ផលិតនៅឆ្នាំ១៩៦០ និងម៉ូតូ VESPA 50S ផលិតនៅឆ្នាំ១៩៦៤ ដែលមានតម្លៃសរុបជិត ៥ម៉ឺនដុល្លារដែលថវិកាទាំងនេះបានមកពីចំណូលរបស់ខ្លួនពីការងារ និងមានការចូលរួមពីក្រុមគ្រួសារ។
ដោយសារចង់ឲ្យរបរជួល រថយន្ត និងម៉ូតូបែបក្លាស៊ីកនេះបន្តទៅមុខកាន់តែល្អនោះ លោក បូរ សុភា បានសម្រេចចិត្តសហការជាមួយមិត្តភ័ក្តរបស់លោកដោយដាក់បញ្ចូលរថយន្ត និងម៉ូតូរួមគ្នាក្នុងសេវាកម្មតែមួយដែលក្នុងនោះរួមមាន៖
រថយន្ត Mercedes Benz 300 S E L ឆ្នាំ១៩៦៣
រថយន្ត VWT2 ឆ្នាំ១៩៧៩
រថយន្ត Lang Rover Defender ឆ្នាំ១៩៦០s
រថយន្ត Jaguar ឆ្នាំ១៩៧៦
រថយន្ត Jeep A2 ឆ្នាំ១៩៦០s
ម៉ូតូ Mobylette AV31 ឆ្នាំ១៩៥៤
ម៉ូតូ Cup ឆ្នាំ១៩៦០
ម៉ូតូ VESPA 50S ឆ្នាំ១៩៦៤ ក្រោយចាប់ដៃសហការជាមួយមិត្តភ័ក្តមកមានអ្នកជួលសេវាកម្មសម្រាប់ថត Pre-Wedding មានជិត ២០គូហើយ៕