- 2020-05-08 10:11:00
- ព័ត៌មាន
ក្រសួងវប្បធម៌ នឹងចាត់វិធានផ្លូវច្បាប់លើ បុគ្គល ឬក្រុមធ្វើឲ្យប៉ះពាល់វប្បធម៌ ប្រពៃណីជាតិ
- 2020-05-08 10:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងវប្បធម៌ នឹងចាត់វិធានផ្លូវច្បាប់លើ បុគ្គល ឬក្រុមធ្វើឲ្យប៉ះពាល់វប្បធម៌ ប្រពៃណីជាតិ
ចន្លោះមិនឃើញ
ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹង ចាត់វិធានផ្លូវច្បាប់ដោយគ្មានការលើកលែងចំពោះបុគ្គល ឬ ក្រុមជនទាំងឡាយណា ដែលប្រើប្រាស់សារជាអក្សរ សំឡេង រូបភាពឬវីដេអូ តាមគេហទំព័រ ឬ បណ្តាញព័ត៌មានសង្គម បង្កឱ្យមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀម ទម្លាប់ ប្រពៃណី អត្តសញ្ញាណ និងកិត្យានុភាពជាតិ។
សេចក្ដីណែនាំខាងលើ ដែលចុះកាលបរិច្ឆេតថ្ងៃទី ០៨ ឧសភា ដោយមានចុះហត្ថលេខា និងត្រា ដោយរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា បានឲ្យដឹងបន្ថែមថា ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កេតឃើញមានអ្នកប្រើប្រាស់គេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គមមួយចំនួន ពិសេសអាជីវករតាមប្រព័ន្ធអនឡាញ អ្នកនិពន្ធបទភ្លេង ទំនុកច្រៀង និងអ្នកសម្ដែងក្រៅប្រព័ន្ធបានផ្សព្វផ្សាយរូបភាព សារជាអក្សរ/សំឡេង និងវីដេអូប្រកបដោយអសីលញាណ ប្រាសចាកក្រមសីលធម៌បង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទំម្លាប់ ប្រពៃណី អត្តសញ្ញាណ និងកិត្យានុភាពជាតិជារឿយៗ។
ដើម្បីបញ្ឈប់សកម្មភាពខាងលើនេះ ក្រុមប្រឹក្សាពិន័យ និងលើកសរសើរនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមណែនាំដល់អ្នកប្រើប្រាស់គេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គមទាំងអស់ សូមបញ្ឈប់នូវការផ្សាព្វផ្សាយ គ្រប់រូបភាព សារជាអក្សរ/សំឡេង និងវីដេអូ ដែលមានចរិតលក្ខណៈអាសអាភាស ស្រើបស្រាល អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ដែលបង្កឲ្យមានប៉ះពាល់ដល់សង្គមវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា សេចក្ដីថ្លៃថ្នូរ និងកិត្យានុភាពរបស់សង្គមជាតិ ចាប់ពីថ្ងៃចេញសេចក្ដីណែនាំនេះតទៅជាកំហិត។
សេចក្ដីណែនាំរបស់ក្រសួង បានសរសេរទៀតថា បុគ្គល ឬក្រុមណាមួយនៅបន្ដប្រព្រឹត្តិសកម្មភាពអវិជ្ជមានខាងលើ ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នឹងសហការជាមួយក្រសួងមហាផ្ទៃ ឬ/និង ក្រសួងព័ត៌មាន ឬ/និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឬ/និង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ចាត់វិធានការដោយអនុលោមតាមក្រមសីលធម៌ នៃអ្នកសិល្បៈ ឬ/និង ប្រកាសអន្ដរក្រសួងលេខ១៧០ ប្រក.ចុះថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៨ ស្ដីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ិនធឺណេត នៅព្រះរាជាណាចក្រកម្ពុជា ឬ/និង ដាក់បណ្ដឹងទៅតុលាការដោយអនុលោមតាមក្រមព្រហ្មទណ្ឌ ឬ/និង ច្បាប់ស្ដីពីបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ អាស្រ័យទៅតាមស្ថានបទល្មើស ដែលអ្នកប្រើប្រាស់គេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គមបានប្រព្រឹត្ត។
ទោះយ៉ាងណាក្ដី ក្រុមប្រឹក្សាពិន័យនិងលើកសរសើរនៃក្រសួងវប្បធម៌ សង្ឃឹមនិងជឿជាក់ថា អ្នកប្រើប្រាស់គេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គមទាំងអស់ ពិតជានឹងចូលរួមអនុវត្តស្របតាមខ្លឹមសារ នៃសេចក្ដីណែនាំនេះ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ជាក់ជាពុំខាន៕
សូមអានសេចក្ដីណែនាំទាំងស្រុងរបស់ក្រសួង នៅខាងក្រោមនេះ៖