• 2020-06-02 13:33:44
  • ព័ត៌មាន

ក្រសួង​ការបរទេស អញ្ជើញ​លោក​ទូត​វៀតណាម​មក​ពិភាក្សា​រឿង​បញ្ហា​ព្រំដែន

  • 2020-06-02 13:33:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ជំទាវ​ អ៊ាត សោភា រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ឯកអគ្គរដ្ឋទូត​វៀតណាម ឯកឧត្ដម វូ ក្វាងមិញ មក​ពិភាក្សា​ពី​បញ្ហា​ព្រំដែន​កម្ពុជា​-វៀតណាម​ត្រង់​ចំណុច​ខេត្ត​កណ្ដាល​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ (១ មិថុនា)។

លោក​ជំទាវ​ អ៊ាត សោភា និង​ ឯកអគ្គរដ្ឋទូត​ វូ ក្វាងមិញ

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ចុះ​ថ្ងៃ​ទី០២ ខែ​មិថុនា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា លោក​ជំទាវ​រដ្ឋលេខាធិការ បាន​និយាយ​គ្នា​ជាមួយ​លោក​ទូត​វៀតណាម ពី​រឿង​ខាង​ភាគី​វៀតណាម​បោះ​តង់​ចំនួន ៣១កន្លែង​លើ​តំបន់​មិន​ទាន់​ឯកភាព​គ្នា​។

លោក​ជំទាវ​រដ្ឋលេខាធិការ​បាន​ស្នើ​ ខាង​វៀតណាម​ឲ្យ​រុះរើ​តង់​ទាំង​អស់​នោះ​ឲ្យ​បាន​ឆាប់ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ស្ថានភាព​វិល​មក​ដូច​ដើម​ធម្មតា​វិញ ហើយ​​ទុក​ភារកិច្ច​ឲ្យ​គណៈកម្មការ​ព្រំដែន​ប្រទេស​ទាំង​សងខាង​ដោះស្រាយ​ឲ្យ​ដាច់​ស្រេច​ស្ថាពរ​។

ទាក់ទិន​នឹង​បញ្ហា​ចម្រូងចម្រាស​នេះ ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជូន​កំណត់​ទូត​តវ៉ា កាល​ពី​ថ្ងៃ​ទី១៣ ខែ​ឧសភា ឆ្នាំ២០២០ ហើយ​ខាង​វៀតណាម​ឆ្លើយ​តប​នៅ​ថ្ងៃ​ទី២៨ ខែ​ឧសភា​ ឆ្នាំ២០២០​ ដោយ​អះអាង​ ការ​បោះតង់​នេះ​ជា "វិធានការ​បណ្ដោះអាសន្ន​ចាំ​បាច់" ក្នុង​គោលបំណង​ទប់ស្កាត់​ការ​ឆ្លង​ដែន​ អំឡុង​ជំងឺ​កូវីដ-១៩ ឲ្យ​ទាន់​ពេល​វេលា។

ខាង​វៀតណាម​ក៏​អះអាង​ថា សកម្មភាព​នេះ​មិន​ប៉ះពាល់​នឹង​ការ​ខណ្ឌ​សីមា និង​ការ​បោះ​បង្គោល​ព្រំដែន​របស់​ប្រទេស​ទាំង​ពីរ​ទេ។ បន្ថែម​ពី​លើ​នេះ​ទៀត អាជ្ញាធរ​វៀតណាម​សន្យា​ថា​នឹង​រុះរើ​តង់​ទាំង​អស់​ចេញ​ពី​តំបន់​នោះ​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី