• 2020-06-04 04:22:15
  • ព័ត៌មាន

សមិទ្ធិផល ៤ធំៗ របស់ឯកឧត្តម គួច ចំរើន ក្រោយចូលកាន់ តំណែងជាអភិបាលខេត្តព្រះសីហនុ ១ឆ្នាំ

  • 2020-06-04 04:22:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាធារណៈជនពិតជានៅចងចាំបានថា ឯកឧត្តម គួច ចំរើន ត្រូវបានផ្ទេរភារកិច្ចមកជាអភិបាលខេត្តព្រះសីហនុ ភ្លាមៗនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ក្រោយខេត្តជាប់សមុទ្រមួយនេះ ស្ថិតក្នុងវិបត្តិធម្មជាតិ និងគ្រោះអាសន្ន។

ឯកឧត្តម គួច ចំរើន ត្រូវបានប្រជាជនគោរពកោតសរសើរ ថាជាមន្រ្ដីខ្លាំង លះបង់ខ្ពស់អស់កម្លាំងកាយចិត្ត ធនធាន ធ្វើច្រើនជាងនិយាយ ជាមន្រ្ដីបម្រើរាស្រ្ដ ស្របតាមគោលនយោបាយដឹកនាំដ៏ខ្ពង់ខ្ពង់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ។ សមិទ្ធិផលធំៗ ៤ ដែលឯកឧត្តម គួច ចំរើន បានខិតខំដើម្បីសេចក្ដីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងកែប្រែមុខមាត់ខេត្តព្រះសីហនុ ដែលមានការសាទរខ្លាំងពីមហាជន និងមជ្ឈដ្ឋានប្រជាពលរដ្ឋ ៖

ទី១.ការរៀបចំឱ្យមានរបៀបរៀបរយឡើងវិញ នូវសំណង់អាណាធិបតេយ្យគ្មានច្បាប់ និងខុសច្បាប់ ដែលការរៀបចំនេះគឺដើម្បីរក្សាបានសណ្ដាប់ធ្នាប់សាធារណៈ ដូចជាការសាងសង់លើអូរប្រឡាយ លើចំណីផ្លូវសាធារណៈ ដែលបង្កអោយមានដូចជាជំនន់ទឹកភ្លៀង ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ប៉ះពាល់ដល់ជីវភាព និងការធ្វើដំណើររបស់សាធារណៈ ។

ទី២.ការរៀបចំសោភ័ណភាព អនាម័យ និងកែប្រែឆ្នេរសមុទ្រ ក្លាយជាឆ្នេរសាធារណៈ ផ្ដល់អោយប្រជាពលរដ្ឋទូទៅ អាចទៅកំសាន្ដសប្បាយ អង្គុយលេង ជួបជុំគ្រួសារ មិត្តភក្ដិបានដោយសេរី និងសប្បាយរីករាយ ក្នុងនោះ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថាឆ្នេរសមុទ្រ គឺជាឆ្នេរសាធារណះ ហើយបងប្អូនដែលមកលេងកម្សាន្ត អាចក្រាលកន្ទេល អង្គុយលេង ញាំអាហារបាន ដោយគ្មានបង់សេវាឡើយ ។​ ដោយមិនអនុញ្ញាត ឱ្យមានការវាតទីធ្វើជាកម្មសិទ្ធរបស់បុគ្គលណាមួយឡើយ តែអាចដាក់ជាកន្ទេល សម្រាប់ឱ្យបងប្អូនមកពីឆ្ងាយអាចជួលអង្គុយ ដោយត្រូវគិតសេវាសមរម្យ កន្ទេល ១ តម្លៃ ២,០០០ ឬ ៣,០០០រៀល ជាដើម(ករណីបងប្អូនមិនបានដាក់កន្ទេលទៅខ្លួនឯង) ក៏ជាការចូលរួមឱ្យអ្នកមកលេង ទុកដាក់សំរាម នៅមួយកន្លែង និងវេចខ្ចប់ សម្អាតបានល្អ ។

ទី៣.បញ្ហាបរិស្ថាន នៅតែជាទិសដៅចំបងមួយ ដែលឯកឧត្តម គួច ចំរើន នៅតែបន្ដយកចិត្តទុកដាក់ខ្ពស់ និងបានអំពាវនាវ ចុះសកម្មភាពជាបន្ដបន្ទាប់ ដើម្បីបំផុសគំនិតប្រជាពលរដ្ឋ អោយស្រឡាញ់ និងចូលរួមថែរក្សាការពារ អនាម័យ បរិស្ថានស្អាត ដើម្បីទាំងសុខភាព សោភ័ណភាព និងទេសចរណ៍ស្អាតសម្រាប់ខេត្តទេសចរណ៍មួយនេះផងដែរ ។ បញ្ហាសំរាម ត្រូវបានដោះស្រាយបានស្ទើរទាំងស្រុង ដោយនៅកន្លែងមួយចំនួន ដែលរដ្ឋបាលខេត្តក្រុង កំពុងបន្ដជំរុញ និងដោះស្រាយយ៉ាងសកម្ម ។

ទី៤. ការស្ថាបនាមហាវិថី វិថី និងអនុវិថី ចំនួន ៣៤ ខ្សែ​ផ្លូវថ្មីចំនួន ៣៤ ខ្សែនៅខេត្តព្រះសីហនុ ត្រូវបានសាងសង់រួចរាល់ប្រមាណ ៩៤% ហើយ ។ នេះបើតាមប្រសាសន៍របស់​ឯកឧត្ដម គួច ចំរើន បានថ្លែងនៅថ្ងៃទី ១ ខែមិថុនា ២០២០ នេះ ។ ផ្លូវទាំង ៣៤ ខ្សែមានលក្ខណៈទំនើបស៊ីវិល័យ មានខឿនក្រាលក្រានីតដាំលម្អដោយផ្កាចម្រុះ មានបំពាក់អំពូលភ្លើងឆ្លាតវៃ មានផ្លូវក្រាលថ្មក្រានីតសម្រាប់អ្នកដំណើរថ្មើជើង និងជនពិការទៀតផង ។ ក្រៅពីសមិទ្ធផលខាងលើនេះលោក បានធ្វើឱ្យប្រសើរឡើងជាច្រើនចំណុចទៀត ដែលមិនអាចអត្ថាធិប្បាយអស់នៅក្នុងអត្ថបទមួយនេះ ។ ទៅថ្ងៃខាងមុខព្រះសីហនុនឹងក្លាយជាទីក្រុងពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា មានអគារខ្ពស់ៗ ផ្លូវខ្វាត់ខ្វែង មិនចាញ់ប្រទេសជឿនលឿនឡើយ​ ។

ប្រភព៖ ប្រជាជនខេត្តព្រះសីហនុ

អត្ថបទ៖ Tep Sovannmoly

មតិយោបល់