• 2020-06-11 03:47:07
  • ព័ត៌មាន

ក្រសួង​អប់រំ និងអង្គការ​ឆាលហ្វា​កម្ពុជា សហការ​គ្នា បំពាក់​ប្រព័ន្ធ​អប់រំ​តាម​បែប​ឌីជីថល តាមសាលា​រៀន​ជនបទ ដោយមិនបាច់ប្រើអ៊ីនធឺណិត

  • 2020-06-11 03:47:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយអង្គការ​ឆាលហ្វាន​កម្ពុជា (ChildFund Cambodia) ដើម្បី​បំពាក់​ប្រព័ន្ធ​អប់រំ​តាម​បែប​ឌីជីថល (អេឡិចត្រូនិក) ដល់​សាលា​រៀន​តាម​តំបន់​ជនបទ ដើម្បី​ផ្ដល់​លទ្ធភាព​ដល់​កុមារ​ក្នុង​ការ​បន្ត​ការ​សិក្សា​តាម​បច្ចេកវិទ្យា​ទំនើប។

សាលាបឋមសិក្សា​​ជនបទ​ចំនួន ១៥ សាលា នឹង​ទទួល​ផល​ពី​គម្រោង​សាកល្បង​នេះ តាម​រយៈ​ការ​បំពាក់​ប្រព័ន្ធ​មាតិកា​ឌីជីថល (Content Server) ដែល​ផ្ទុក​ទៅ​ដោយ​ឯកសារ​មេរៀន​បែប​ឌីជីថល និង​ធនធាន​អប់រំ​ជា​ច្រើន​ពី​គេហ​ទំព័រ​នានា ជា​ពិសេស​គេហទំព័រគ្រូ www.krou.moeys.gov.kh ដែល​សិស្ស​អាច​ទាញ​យក​មក​រៀន​សូត្រ ដោយ​មិន​ចាំ​បាច់​មាន​ប្រព័ន្ធ​អ៊ីនធឺណិត​ឡើយ។

គម្រោង​នេះ នឹង​ផ្តល់​លទ្ធភាព​ដល់​សាលា​គោលដៅ​តាម​ជនបទ អាច​ប្រើប្រាស់​ធនធាន​អប់រំ​បែប​ឌីជីថល ដោយ​ដោះ​ស្រាយ​បញ្ហា​ពុំ​មាន​ប្រព័ន្ធ​អ៊ីនធឺណិត​ សម្រាប់​ការ​អប់រំ​ពី​ចម្ងាយ។ បច្ចេកវិទ្យា​ថ្មី​នេះ នឹង​ផ្ដល់​ឱកាស​ឱ្យ​កុមារ​ជនបទ បាន​ស្វែង​យល់​ពី​ប្រព័ន្ធ​អប់រំ​បែប​ឌីជីថល និង​ជួយ​ពង្រឹង​សមត្ថភាព​គ្រូ​បង្រៀន​ក្នុង​ការ​តាមដាន និង​វាយ​តម្លៃ​សមត្ថភាព​របស់​សិស្ស។ គម្រោង​នេះ មិន​ត្រឹម​តែ​ធានា​ថា​កុមារ​អាច​បន្ត​ការ​សិក្សា​ក្នុង​ស្ថានភាព​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីត១៩ ប៉ុណ្ណោះ​ទេ តែ​ជា​ការ​ជួយ​ឱ្យ​សាលា​តាម​ជន​បទ​ត្រៀម​ខ្លួន​សម្រាប់​ការ​វិវឌ្ឍនា​ពេល​អនាគត ផង​ដែរ។

គម្រោង​នេះ​នឹង​ត្រូវ​សាកល្បង​តាម​សាលា​បឋម​សិក្សា​ក្នុង​ស្រុក​ស្វាយជ្រំ និង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មិថុនា រហូត​ដល់ ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២០។ គម្រោង​នេះ​នឹង​ផ្តោត​លើ​សិស្ស​ពី​ថ្នាក់​ទី ១ ដល់​ទី ៦ ហើយ​វិធាន​ការ​កិច្ចការ​ពារ​កុមារ​ទាំង​ឡាយ នឹង​ត្រូវ​បាន​ដាក់​បញ្ចូល ដើម្បី​ធានា​ថា​សិស្ស​រៀន​សូត្រ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។

ពិធី​ចុះ​កិច្ច​ព្រមព្រៀង​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក សុក ថា ប្រធាន​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន និងលោក ប្រាសាន វេម៉ា (Prashant Verma) នាយកអង្គការឆាលហ្វាន ប្រចាំប្រទេសកម្ពុជា ៕

ប្រភព៖ ក្រសួងអប់រំ

មតិយោបល់