- 2020-06-26 04:20:13
- ព័ត៌មាន
គ្រឿងញៀនជិត៥០០គីឡូក្រាមត្រូវបានដុតកម្ទេចចោល
- 2020-06-26 04:20:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រឿងញៀនជិត៥០០គីឡូក្រាមត្រូវបានដុតកម្ទេចចោល
ចន្លោះមិនឃើញ
គ្រឿងញៀនជិត៥០០គីឡូួក្រាមត្រូវបានយកមកដុតកម្ចេចចោលក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាព្រឹកថ្ងៃទី២៦ មិថុនា ឆ្នាំ២០២០នេះនៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមវត្តមានឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានលើកឡើងថា លទ្ធផលក្នុងរយៈពេលប្រាំខែដើម ឆ្នាំ២០២០នេះ ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៥ ពីថ្ងៃទី០១ ខែមករា ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រេចបានរួមមាន បង្រ្កាបបាន ៤៥១០ករណី ឃាត់ខ្លួនជនសង្ស័យ ៨៩២៧នាក់ រឹបអូសគ្រឿងញៀនបានជាង ២០៩គីឡូក្រាម។ វិធានការអប់រំផ្សព្វផ្សាយ ដោយបានគ្របដណ្តប់ទៅលើអ្នកមកទទួលយកសារអប់រំចំនួនជាង ២លាន ១សែននាក់, វិធានការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន យើងគ្រប់គ្រងបានអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿងញៀនចំនួនប្រមាណ ១ម៉ឺននាក់។ វិធានការរដ្ឋបាល យើងអនុវត្តបានចំនួន ៦០៥លើក លើ០៩គោលដៅ និងបានធ្វើតេស្តរកសារធាតុញៀន លើមុខសញ្ញា មានតម្រុយប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអំពាវនាវដល់ប្រទេសក្នុងតំបន់ និងពិភពលោក ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ សូមចូលរួមជាមួយរាជរដ្ឋាភិបាកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀន។ គ្មានប្រទេសណាមួយតែឯង ដែលអាចប្រយុទ្ធប្រឆាំងគ្រឿងញៀនបានជោគជ័យទេ បើគ្មានកិច្ចសហប្រតិបត្តិការជាមួយគ្នាប្រកបដោយការទទួលខុសត្រូវ និងស្មោះត្រង់ទេនោះ។
យោងតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា រយ:ពេលឆមាសទី១ នៃឆ្នាំ២០២០បង្រ្កាបបទល្មើសគ្រឿងញៀនបានចំនួន ៤.៥១០ករណីកើន លើសឆ្នាំ២០១៩ ចំនួន ២៦,៥ភាគរយ ស្មើនឹង ១១៧៥ករណី (ឆ្នាំ២០១៩ ចំនួន ៣.៣៣៥ ករណី) ឃាត់ខ្លួនជនសង្ស័យសរុប ៨៩២៧នាក់ (ស្រី ៥៦១នាក់) កើនចំនួន ១៨០៣នាក់ សើ្មនឹង ២១,៨០ ភាគរយ (៥ខែ ឆ្នាំ២០១៩ ចំនួន ៧១២៤នាក់) ចាប់គ្រឿងញៀនបានចំនួនជាង ២០៩ គីឡូក្រាម ថយចុះជាង៣២,៥៨% ស្មើនឹងជាង ១០១ គីឡូក្រាម (៥ខែឆ្នាំ ២០១៩ ចំនួនជាង ៣១០ គីឡូក្រាម) សម្ភារ:ចាប់យកមានរថយន្តចំនួន ៥០គ្រឿង ម៉ូតូ ១១៨៣គ្រឿង ទូរស័ព្ទដៃ ៣៤៤៩៩គ្រឿង ប្រាក់រៀលចំនួនជាង ៨៥ លានរៀល ប្រាក់ដុល្លាអាមេរិក ៥៣៤៦៩ដុល្លា និងសម្ភារមួយចំនួនទៀត៕