• 2020-06-29 13:04:41
  • ព័ត៌មាន

ធ្លាប់ដឹងអត់? នៅ​ក្នុង​​ព្រៃ​​អាម៉ាហ្សូន​​ មាន​ទន្លេ​ទឹក​​ពុះ​ អាចសម្លាប់​មនុស្ស​សត្វ ដែល​ធ្លាក់ចូល

  • 2020-06-29 13:04:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្លេ​​ប្រវែង​ជាង​៦​ គីឡូម៉ែត្រ ស្ថិត​នៅ​ក្នុង​​ទី​ជ្រៅ​នៃ​ព្រៃ​អាម៉ាហ្សូន ក្លាយ​ជា​កន្លែង​​​ធ្វើ​​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​​ចង់​ដឹង​ ដោយ​សារ​តែ​កម្ដៅ​ក្ដៅ​របស់​វា ធ្វើ​​ឲ្យ​ទឹក​ទន្លេ​ពុះ​។

1
 

ទន្លេ​​​ Mayantuyacu ដែល​មាន​កម្ដៅ​ក្ដៅ​ដូច​ទឹក​ពុះ​​ខាង​លើ ស្ថិត​នៅ​ក្នុង​ប្រទេស​ប៉េរូ ត្រូវ​បាន​​គេ​​និយាយ​រៀបរាប់​ត​ៗ​គ្នា​រយៈ​​ពេល​យូរ​​​​​​​​​​​​​មក​ហើយ​។ ក្រោយមក អ្នក​ភូគព្ភសាស្ត្រ​ម្នាក់(សិក្សា​ពី​ផែនដី) មក​ពី​សាកលវិទ្យាល័យ ​Southern Methodist សហរដ្ឋអាមេរិក ឈ្មោះ​ Andrés Ruzo ​ដែល​បាន​ឮ​ពី​រឿង​នោះ​ បាន​​គិត​ថា​ វា​គឺ​ជា​បាតុភូត​ ដែល​មិន​អាច​កើត​ឡើង​បាន។

​ Ruzo ជឿ​ថា វា​ត្រូវ​ការ​​ថាមពល​កម្ដៅ​ខ្លាំង​​ក្នុង​​ផែន​ដី​​ទើប​អាច​​កម្ដៅ​ទឹក​ទន្លេ​តូច​មួយ​ឲ្យ​ពុះ​​បាន ជា​​មួយ​គ្នា​នោះ ប្រភព​​ទឹក​​​នៅ​ព្រៃ​អាម៉ាហ្សូន​ គឺ​នៅ​ឆ្ងាយ​​ពី​ភ្នំ​ភ្លើង​​សកម្ម​។

យ៉ាង​ណា​ក្ដី ក្នុង​ឆ្នាំ​២០១១ Ruzo បាន​ឃើញ​​​ទឹក​ទន្លេ​ពុះ​​ក្ដៅ​ហ៊ុយ​ៗ​ដោយ​ផ្ទាល់​ភ្នែក និង​បាន​ចំណាយ​ពេល​សិក្សា​ពី​​ ទន្លេ​នោះ។ Ruzo បាន​ឲ្យ​ដឹង​ថា គាត់​បាន​​រលាក​ដោយ​បានប៉ះ​​​​ទឹក​ទន្លេ​ និងអាច​ស្លាប់​តែ​ម្ដង​​ប្រសិន​បើ​ធ្លាក់​ចូល​​ទឹក​​ទន្លេ​​នោះ។ វា​មាន​កម្ដៅ​ក្ដៅ​អាច​​ឆុង​តែ​បាន ហើយទឹកទន្លេមាន​កម្តៅក្តៅផ្សេងពីគ្នាតាមកន្លែង។ Ruzo ក៏​បាន​សង្កេត​ឃើញ​ថា​ មាន​សត្វ​​​​ដែល​ធ្លាក់​​​ទន្លេ Mayantuyacu គឺ​​ត្រូវ​ងាប់​​និង​ស្រុះ​សាច់​ឆ្អិន​តែ​ម្ដង។  

2
 

​​​​​​​​​​​ក្រោយ​មក Ruzo ក៏​បាន​សរសេរ​​សៀវភៅ​មួយ​ក្បាល​រៀប​រាប់​អំពី​ ទន្លេ Mayantuyacu ដែលមានចំណងជើងថា "The Boiling River"។ យោង​ទៅ​តាម​ការ​ស្រាវជ្រាវ​ក្នុង​សៀវភៅ​នោះ​បាន​សរសេរ​ពី​​ដំណើរ​នៃ​ការ​ធ្វើ​ឲ្យ​ទឹក​ទន្លេ​ Mayantuyacu ក្ដៅ​ពុះ គឺ​ដោយ​សារ​កម្ដៅ​សំបក​ផែន​ដី ធ្វើ​ឲ្យ​ទឹក​​ផុស​ក្នុង​ដី​ក្ដៅ។ នៅ​ពេល​ភ្លៀង​ធ្លាក់​ នៅ​តំបន់​នោះ​ ទឹក​បាន​ជ្រាប​ផ្ដុំ​គ្នា​ក្នុង​គន្លាក់​រន្ធ​​ថ្ម ពេល​ទឹក​ហូរ​ចេញ​មក​ ផ្សំ​នឹង​កម្ដៅ​ផែន​ដី ធ្វើ​ឲ្យ​ក្ដៅ​បែក​ស្រទាប់​ថ្ម ក្លាយ​ជា​ទឹក​ទន្លេ​ក្ដៅ៕  

3 4 5 6 7
 

ប្រភព៖ Dailymail

មតិយោបល់