- 2020-07-06 08:36:11
- ព័ត៌មាន
ភ្លៀងចាប់ធ្លាក់ អ្នកលក់ទឹកកក រអ៊ូលក់មិនសូវដាច់
- 2020-07-06 08:36:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្លៀងចាប់ធ្លាក់ អ្នកលក់ទឹកកក រអ៊ូលក់មិនសូវដាច់
ចន្លោះមិនឃើញ
មុខរបរលក់ទឹកកកកាក់កបខ្លាំងនៅខែក្ដៅ តែពេលនេះអាកាសធាតុមានការផ្លាស់ប្ដូរធ្លាក់ភ្លៀងញឹកញាប់បានធ្វើឲ្យអាជីវកម្មលក់ទឹកកកធ្លាក់ចុះបន្តិចវិញ។
លោក ណីសៅ អាយុ ៣៥ឆ្នាំ ដែលមានទីលំនៅភូមិស្វាយអំពារ ឃុំស្រង៉ែ ស្រុកទ្រាំងជាអ្នកលក់ទឹកកកចល័តតាមរ៉ឺម៉កម៉ូតូបានប្រាប់ Sabayថា ចាប់តាំងពីចុងខែឧសភា មកបរិមាណ នៃការលក់បានធ្លាក់ចុះទ្វេដង គឺធ្លាប់លក់ខែមុនៗដាច់ជាង ៦០ដើមក្នុង១ថ្ងៃ ឥឡូវនៅសល់ត្រឹមតែ ២៥ដើម។
“រដូវក្តៅកន្លងមកនេះខ្ញុំដឹកទឹកកកអោយអតិថិជនស្ទើរមិនទាន់ដោយថ្ងៃខ្លះប្រើរ៉ឺម៉កពីរគ្រឿងអោយកូនជួយដឹកកុំអោយម៉ូយរអ៊ូរទាំ។ មានម៉ូយខ្លះគាត់មកដឹកខ្លួនឯងដល់ផ្ទះក៏មាន។លោកសៅនិយាយ។
លោក ណី សៅ អ្នកលក់ទឹកកកចល័ត ដែលបានចាប់អាជីពនេះរយៈពេលជិត ២០ ឆ្នាំ
ទាក់ទងនឹងបញ្ហាខាងលើអ្នកលក់ទឹកកកចល័តរូបនេះបានបញ្ជាក់ថា មានហេតុផលពីរយ៉ាងដែលធ្វើអោយប៉ះពាល់ដល់អាជីវកម្មនេះ៖
ទី១. ធាតុអាកាសប្រែជាត្រជាក់ម៉ូយលក់កាហ្វេ និង ទឹកអំពៅលក់មិនសូវដាច់
ទី២. មានអ្នកទើបចាប់ផ្ដើមថ្មីដឹកទឹកកកលក់ ដែលជាការប្រកួតប្រជែងលើមុខរបរដូចគ្នានេះ។
ទោះបីជាមានការលក់ធ្លាក់ចុះបន្តិចមែន ក៏លោកនៅតែស្វាគមន៏ធាតុអាកាសត្រជាក់ជាងក្ដៅដែរ។ “បើក្ដៅខ្លាំងខ្ញុំលក់ដាច់មែនតែវាធ្វើអោយប៉ះពាល់ខ្លាំងដល់ការស់នៅរបស់មនុស្សទូទៅជាពិសេសចំពោះសត្វពាហនៈម្យ៉ាងទៀតខ្ញុំក៏ពិបាកទ្រាំដែរ”។ លោកសៅនិយាយ។
បុរសវ័យកណ្ដាលរូបនេះបានប្រកបរបរដឹកទឹកកកលក់នេះជិត ២០ឆ្នាំហើយ ដែលក្នុង១ថ្ងៃត្រូវបើកម៉ូតូកាត់ភូមិជាច្រើនចម្ងាយផ្លូវជាង ៤០គីឡូម៉ែត្រ។ តែវាបានធ្វើអោយជីវភាពគ្រួសារគាត់មានការប្រែប្រួលជាងកាលពីគាត់នៅធ្វើជាងជួសជុលម៉ូតូ។
អត្ថបទ&រូបភាពៈ ជិន វេន