• 2020-07-13 10:07:37
  • ព័ត៌មាន

​រឿង​រ៉ាវ​​គួរ​ដឹង ពី​​ចម្លាក់​អ្នក​ចម្បាំង​​​ក្រោម​​ដី​ ជាង ២ពាន់​ឆ្នាំ​ នៅ​ចិន

  • 2020-07-13 10:07:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ចម្លាក់​​​ក្រុម​អ្នក​ចម្បាំង​ចិន​ជាង ៦០០០នាក់ ​ត្រូវ​បាន​គេ​សាងសង់​ឡើង​កាលពីជាង ២២០០​ឆ្នាំ​​កន្លង​ទៅ​​ ស្ថិត​នៅ​ក្រោម​ផ្នូរ​​​អធិរាជ​ Qin Shi Huang ​ដែល​​ជាអ្នក​​បង្រួប​បង្រួម​ប្រទេស​ចិន​ជំនាន់​ឆ្នាំ ២២១ ដល់ ២០៧ ​មុន​គ្រិស្តសករាជ​។

រាប់​ពាន់​ឆ្នាំ​កន្លង​ទៅ​ ​ចម្លាក់​ទ័ព​ទាំង​នោះ​​​ នៅ​តែ​ឈរ​​តម្រៀប​គ្នា​​ដដែល។ ​​ចម្លាក់​ទាំង​អស់​ត្រូវ​បាន​អ្នក​ភូមិ​​ជាច្រើន​នាក់​​ប្រទះ​ឃើញ​ដោយ​ចៃដន្យ​នៅ​ឆ្នាំ ១៩៧៤ ខណៈ​ពេល​​កំពុង​ជីក​អណ្ដូង​។ ​ក្រុម​​ចម្បាំង​នេះ​​មាន​ឈ្មោះ​ថា «Terra-cotta Army» ដោយ​ពេល​បច្ចុប្បន្ន​ត្រូវ​បាន​គេ​ពិពណ៌នា​ថា​ជា​អច្ឆរិយ​វត្ថុ​ទី ៨​ក្នុង​លោក។

ជា​រៀង​រាល់​ឆ្នាំ ​​​ទី​នេះ​បាន​ទទួល អ្នក​ទស្សនា​រាប់​លាន​នាក់​ ​រួម​ទាំង​មេដឹកនាំ​កំពូល​ៗ​​របស់​ពិភព​លោក និង​អ្នក​មុខ​អ្នក​ការ​ជាច្រើន​រូប​ទៀត ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ស្រុក​ Lintong ​ចម្ងាយ​ប្រមាណ ៤០គីឡូ​ម៉ែត្រ​ពី​ក្រុង Xi'an ខេត្ត Shaanxi។ នៅ​តំបន់​​នេះ​ទាំង​មូល​ ​បាន​ទទួល​ចំណូល​ពី​ទេសចរ​​​រាប់រយលានដុល្លារ​ជារៀងរាល់ឆ្នាំ។

​​​​​ចាប់​តាំង​​​ពី​ថ្ងៃ​រក​ឃើញ​ ​ក្រុម​បុរាណ​​វិទូ​ បាន​​ជីក​​រណ្ដៅ​​ ៣កន្លែង​ រក​ឃើញ​ចម្លាក់​​​កងទ័ព សេះ​ និង​រទេះ​ចម្បាំង​​ចំនួន ៨០០០​។ ​អ្នក​ជំនាញ​ជឿ​ថា ​​ការ​​ឆ្លាក់​មនុស្ស​ទាំង​នេះ​ ដើម្បី​បញ្ជាក់​ភាព​អមតៈ​របស់​កងទ័ព។ រឿង​ចម្លែក​មួយ​ទៀត គឺ​ចម្លាក់​ទាំង​អស់​មិន​មាន​មុខ​ដូចគ្នា​ឡើយ ​ក្រោម​ទឹក​ដៃ​របស់​អ្នក​ឆ្លាក់​យ៉ាង​ផ្ចិតផ្ចង់​ ដែល​មើល​ទៅ​ទ័ព​មាន​ភាព​ក្លៀវក្លា​ណាស់។

​​​​​​​អ្នក​ជំនាញ​មួយ​រូប​​លោក Du និយាយ​ថា៖ "អធិរាជ​សម័យ​នោះ​មាន​កងទ័ព​​ខ្លាំង​ក្លា​បំផុត​ក្នុង​លោក​ពេល​ទ្រង់​នៅ​រស់ ដូច្នេះ​​ទ្រង់​​ចង់​បាន​​ទ័ព​ខ្លាំង​​​បែប​នេះ​សម្រាប់​ជំនាន់​ក្រោយ​ៗ​ទៀត ពេល​ទ្រង់សោយទិវង្គត​ទៅ"។

​ក្រៅ​ពី​ទ័ព សត្វ​សេះ រទេះសេះ​ គេ​ក៏បាន​​រក​ឃើញ​​​ក្រុម​តន្ត្រីករ Terra-cotta ​មន្ត្រី​រដ្ឋ​ និង​ស្រីស្នំ​ជាច្រើន​​នាក់ នៅ​ក្នុង​​រណ្ដៅ​ផ្សេង​ទៀត​ដែរ។ រឿង​មួយ​ដែល​គ្រប់គ្នា​​គិត​ថា​មាន​ភាព​សាហាវ គឺ​អធិរាជ Qin Shi Huang ​ក៏បាន​​កប់​មនុស្ស​ក្នុង​រណ្ដៅ​ទាំង​រស់​ដែរ។

កម្មករ​ជាង ៧០ម៉ឺននាក់ ​បាន​ធ្វើការ​យប់​ទាំង​ថ្ងៃ​ទាំង​យប់ រយៈពេល​ជាង​ ២ទសវត្ស ដើម្បី​សាងសង់​កន្លែង​តម្កល់​សព​អធិរាជ Qin Shi Huang តែ​អធិរាជ​រូប​នេះ​ ក្រោយ​មក​ក៏​បាន​​សម្លាប់​​កម្មករ​ដែល​ធ្លាប់​ដឹង​ពី​ផែន​ទី ​និង​វាំង​ក្រោម​ដី​​នេះ​ចោល​ដែរ។

អស់​រយៈពេល​ជាង ៤០​ឆ្នាំ​មក​នេះ​ អ្នក​ជំនាញ​រាប់​រយ​នាក់​ បាន​ផ្គុំ​ចម្លាក់​បាក់​បែក​ឡើង​វិញ​បណ្ដើរៗ ដោយ​ចម្លាក់​ទ័ព​​​​ពី​ដី​ឥដ្ឋ​មួយ​ គេ​ប្រើ​រយៈ​ពេល​ផ្គុំ​​ប្រមាណ ១ខែឯណោះ។

បើ​និយាយ​ពី​ការ​​ទៅ​ទស្សនា​ទី​នោះ​គេ​ត្រូវ​ជិះ​រថយន្ត​ក្រុង​​ប្រភេទ Bus 306, 914, 915 ដែល​ធ្វើ​ដំណើរ​​ស្ថានីយ​រថភ្លើង​ធំ ​ទៅកាន់​សារមន្ទីរ​ផ្ទាល់ ​ឬ​អាច​ជិះ​តាក់ស៊ី​តម្លៃ ១២០យាន់ ឬ ១៩ដុល្លា​​ពី​ក្រុង​ Xi'an ឬ​ជួល​រថយន្ត​​​តូច​មួយ​​មាន​អ្នក​បើក​ស្រាប់​តម្លៃ ៦២,៥ដុល្លារ​ក្នុង​មួយ​ថ្ងៃ៕​​

ប្រភព៖ CNN ប្រែ​សម្រួល៖ ភារុណ

មតិយោបល់