- 2020-07-27 05:50:10
- ព័ត៌មាន
បណ្ឌិតសភានគរបាលកម្ពុជា បិទសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ
- 2020-07-27 05:50:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ឌិតសភានគរបាលកម្ពុជា បិទសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ
ចន្លោះមិនឃើញ
ពិធីបិទសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារសម្រាប់រយៈពេល៥ឆ្នាំបន្ត របស់បណ្ឌិត្យសភានគរបាលកម្ពុជា និងពិធីសម្ពោធដាក់ឱ្យប្រើនូវសមិទ្ធផលនានា នៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។
នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្ដផែនការ យុទ្ធសាស្ដ្ររយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារសម្រាប់រយៈពេល៥ឆ្នាំបន្ត របស់ បណ្ឌិត្យសភានគរបាលកម្ពុជា និងពិធីសម្ពោធដាក់ឱ្យប្រើនូវសមិទ្ធផលថ្មីៗ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ មន្រ្តី និស្សិតនគរបាលនៃបណ្ឌិត្យសភាចំនួនប្រមាណ ៦០០នាក់។
ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើរបាយការណ៍សង្ខេបអំពីវឌ្ឍនភាព និងសមិទ្ធផលធំៗជាច្រើនដែលសម្រេចបានជាង ៨០% នៃផែនការ ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ដោយសារតែមានការឧបត្ថម្ភគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេសក៍ ជាអគ្គស្ថាបនិកដ៏ឆ្នើមនៃសន្តិភាព និងជាអត្ថកោវិទនៃជាតិ និងមានការយកចិត្តទុកដាក់ខ្ពស់ពី សម្តេចក្រឡាហោម ដែលមានទស្សនវិស័យវែងឆ្ងាយ ប្រកបដោយគំនិតប្រាជ្ញាភិវឌ្ឍន៍ ព្រមទាំងមានការប្ដេជ្ញាចិត្ត ឆន្ទៈមោះមុត និងការខិតប្រឹងប្រែងក្នុងការបំពេញភារកិច្ចស្នូល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ គ្រូនគរបាល និងមន្ដ្រីនៃបណ្ឌិត្យសភា ផងដែរ។
មានប្រសាសន៍ទៅកាន់អង្គសន្និបាតនាឱកាសនោះ សម្ដេចក្រឡាហោម បានសម្ដែងនូវការគាំទ្រ និងវាយតម្លៃខ្ពស់លើលទ្ធផលការងារដែលសម្រេចបាន ព្រមទាំងបានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រូនគរបាល និងមន្រ្តីទាំងអស់ដែលបានរួមសាមគ្គីគ្នា យកអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្កើតបាននូវសមិទ្ធផលថ្មីៗជាច្រើន និងជំរុញឱ្យបណ្ឌិត្យសភាមានលក្ខណសម្បត្តិគ្រប់គ្រាន់ ក្នុងការអប់រំបណ្ដុះបណ្ដាលកងកម្លាំងនគរបាលនិងមន្រ្តីពន្ធនាគារ ឱ្យស្របតាមស្ដង់ដា គុណភាពជាតិ និងអន្ដរជាតិ។
បន្ថែមលើនេះ សម្ដេចក្រឡាហោម ក៏បានថ្លែងនូវការគាំទ្រផងដែរ លើកម្មវិធីកំណែទម្រង់ គំនិតនវានុវត្តន៍ និងគោលដៅជាយុទ្ធសាស្រ្តសំខាន់ៗទាំង៣ ទាក់ទងនឹងការពង្រឹងសមត្ថភាពស្ថាប័ន ការលើកកម្ពស់គុណភាពអប់រំ និងការពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល ដែលបណ្ឌិត្យសភាបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រ៥ឆ្នាំដំណាក់កាលទី២របស់ខ្លួន។
ក្នុងឱកាសដ៏មានតម្លៃវិសេសវិសាលនោះដែរ សម្ដេចក្រឡាហោម បានផ្ដល់កិត្ដិយសអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើនូវសមិទ្ធផលថ្មីៗមួយចំនួនបន្ថែមទៀត រួមមាន៖ អគារអាហារដ្ឋានកម្ពស់២ជាន់ អគារកង់ទីន និងសាលមហោស្រពទំនើប ព្រមទាំងទស្សនាការសម្តែងសិល្បៈ វីដេអូខ្លីអំពីសមកម្មភាពរបស់បណ្ឌិត្យសភា ភាពយន្តស៊ើបអង្កេត និងការបង្ហាញពីផែនការមេក្នុងរយៈពេល១០ឆ្នាំ ខាងមុខរបស់បណ្ឌិត្យសភា ផងដែរ៕