- 2020-07-28 04:44:49
- ព័ត៌មាន
សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍
- 2020-07-28 04:44:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍
ចន្លោះមិនឃើញ
នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ អ្នកជំនាញផ្នែកច្បាប់ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា មូលហេតុដែលមានការរៀបចំច្បាប់ស្ដីពីអន្តោប្រវេសន៍សារជាថ្មីនេះ គឺដោយសារតែច្បាប់ ដែលយើងមាននោះ (តាំងពីឆ្នាំ ១៩៩៤) នៅមានចំណុចខ្វះខាត ហើយការអនុវត្តច្បាប់ ដែលមានស្រាប់កន្លងមក ក៏ជួបនូវបញ្ហាប្រឈមមួយចំនួន ដែលចាំបាច់ត្រូវមានការគិតគូរឡើងវិញ។ ដោយមើលឃើញពីភាពចាំបាច់ នៃការធ្វើវិសោធនកម្មច្បាប់នេះ ក្រសួងមហាផ្ទៃ បានស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីអនុញ្ញាតឲ្យមានការរៀបចំច្បាប់ស្ដីពីអន្តោប្រវេសន៍នេះជាថ្មី ក៏ដូចជាស្នើសុំឲ្យមានកិច្ចប្រជុំជាមួយមន្ត្រីពីស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលបន្ថែមពីក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាឲ្យច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានសត្យានុម័ត ក្នុងការអនុវត្តសម្រាប់បម្រើផលប្រយោជន៍ប្រទេសជាតិទាំងមូល។
សម្ដេចក្រឡាហោម ក៏បានបញ្ជាក់ថា កន្លងមក ការអនុវត្តច្បាប់ និងការគ្រប់គ្រងជនបរទេសទាំងឡាយដែលចេញចូលក្នុងប្រទេសកម្ពុជា មានលក្ខណៈម៉ត់ចត់ និងប្រកបដោយភាពជោគជ័យ ដោយស្ថាប័ន និងអង្គភាពពាក់ព័ន្ធបានខិតខំដោះស្រាយបញ្ហានានាតាមសភាពការណ៍ជាក់ស្ដែង ប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋ។
ច្បាប់ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា មានគោលបំណងគ្រប់គ្រងជនបរទេសគ្រប់រូបនៅលើទឹកដីក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់អំពីវិធាន និងលក្ខខណ្ឌសម្រាប់អនុវត្តចំពោះជនបរទេស ដែលចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជណាចក្រកម្ពុជា។ ព្រមជាមួយគ្នានេះ ច្បាប់នេះត្រូវអនុវត្តចំពោះជនបរទេសគ្រប់រូប ដែលចូល ចេញ ឆ្លងកាត់ និងស្នាក់ក្នុងព្រះរាជាណាចក្រកម្ពុជា។