• 2020-07-30 07:30:08
  • ព័ត៌មាន

លោក​ជំទាវ​ ជា សិរី បកស្រាយ​​រឿង​ផ្សារ​ទំនើប​អ៊ីអន​ ប្រកាស​ឈប់​អាប់​ប្រាក់​ដុល្លារ​ប្រភេទ​តូច​

  • 2020-07-30 07:30:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេចក្ដី​ជូន​ដំណឹង​មួយ​របស់​ផ្សារ​ទំនើប​អ៊ីអន​​នៅ​ថ្ងៃ​នេះ​ បាន​ធ្វើ​ឲ្យ​មហាជន​​​ចាប់​អារម្មណ៍​ខ្លាំង ពី​ការ​លែង​អាប់​នូវ​ប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​តូច​រួម​មាន​ ១ដុល្លារ​ , ៥​ដុល្លារ​ និង​១០​ដុល្លារ​ ចាប់​ពី​ដើម​ខែ​សីហា​តទៅ។​

ក្នុង​ខ្លឹម​សារ​ដែល​មាន​ចុះ​ជា​ភាសា​ខ្មែរ​ ​អង់គ្លេស និង​ជប៉ុន​​នៅ​ពី​ក្រោម​ ផ្សារ​ទំនើប​ដ៏​មាន​ប្រជាប្រិយភាព​ដដែល​ បាន​បន្ថែម​ថា​ការ​អាប់​ត្រឡប់​​ទៅ​វិញ​នឹងប្ដូរជា​រូបិយវត្ថុ​លុយ​​រៀល​ ជំនួស​ឲ្យ​ការ​អាប់​ជា​ដុល្លារ​ប្រភេទ​តូច​ដូច​មាន​រាយរាប់​នៅ​ខាង​ដើម។​

លោក​ជំទាវ​ ជា​ សិរី​

យ៉ាង​ណា​មហា​ជន​នៅ​មាន​ភាព​ស្រពិចស្រពិល​ពី​ខ្លឹមសារ​នៃ​ការ​ប្រកាស​របស់​អ៊ីអន​ ទើប​មុន​នេះ​បន្តិច​លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​បកស្រាយ​​ ពន្យល់​បន្ថែម​នៅ​លើ​បណ្ដាញ​សង្គម​​ដែល​មាន​ខ្លឹម​សារ​ដូច​តទៅ៖

"ចំពោះការប្រកាសរបស់ផ្សារទំនើបអ៊ីអន គាត់នៅតែទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូច ប៉ុន្តែប្រសិនបើគាត់មិនមានក្រដាសដុល្លារទាំងនេះសម្រាប់អាប់ ក៏យើងមិនអាចបង្ខំគាត់អោយអាប់នូវក្រដាសទាំងនោះបានដែរ។ សំខាន់ គាត់អាចអាប់ក្រដាសប្រាក់ណាដែលគាត់មាន។ យើងទាំងអស់គ្នាគួរបន្តគាំទ្រការប្រើប្រាស់រៀលឱ្យបានទូលំទូលាយ"។

លោកជំទាវបន្តថា "នៅក្នុងមាត្រា៦៤ នៃច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជាចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ចែងថា “ជនណាពុំព្រមទូទាត់រូបិយវត្ថុដែលមានតម្លៃនិត្យានុកូលនិងមានតេជានុភាពធ្វើសេរីកា លើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោសពិន័យជាប្រាក់ស្មើនឹង ១០០ ដង នៃទឹកប្រាក់ដែលពុំទូទាត់នោះ"។

ជាចុងក្រោយ លោកជំទាវ បានលើកសរសើរជប៉ុន ក៏ដូចជាផ្សារទំនើប​ AEON ដែលបានគាំទ្រ​ប្រាក់រៀលតាំងពីដើមមក។ "ជាទូទៅ ជប៉ុនគាត់តែងតែគាំទ្រប្រាក់រៀល តាមរយៈការជួយសិក្សាស្រាវជ្រាវពីការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជាតាមរយៈ JICA ការទទួលយកតែប្រាក់រៀលសម្រាប់ទូទាត់ទិដ្ឋាការ​នៅស្ថានទូតជប៉ុន ការចេញមុនគេឧបករណ៍ទូទាត់តែប្រាក់រៀលតែ១គត់ របស់ធនាគារឯកទេស AEON និងសូម្បីតែការដាក់តម្លៃជាប្រាក់រៀលក្នុងផ្សារទំនើបមុនគេក្នុងចំណោមផ្សារទំនើបទាំងអស់នៅកម្ពុជា"៕

អត្ថបទ៖ សៀនហួរ

មតិយោបល់