• 2020-08-13 07:09:34
  • ព័ត៌មាន

អាជ្ញាធរជាតិអប្សរា ជួសជុលនិងស្តារប្រព័ន្ធបង្ហូរទឹកចាស់ នៅលើស្ពានហាល ខាងលិចប្រាសាទអង្គរវត្ត ឱ្យដំណើការឡើងវិញ

  • 2020-08-13 07:09:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរជាតិអប្សរាធ្វើបែបនេះ ក្នុងគោលបំណងសង្គ្រោះ រចនាសម្ពន្ធស្ពានហាល ខាងលិចប្រាសាទអង្គរវត្តកុំឱ្យថ្មងាយខូចពុកផុយដោយសារបញ្ហាទឹកដក់ ទឹកហូរច្រោះនារដូវវស្សា នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានជួសជុលនិងស្តារប្រព័ន្ធបង្ហូរទឹកចាស់នៅលើស្ពានហាលឱ្យដំណើការឡើងវិញ។ ប្រព័ន្ធបង្ហូរទឹកនេះត្រូវបានបារាំងរៀបចំឡើងនៅពេលជួសជុលស្ពានហាលកាលពីពេលកន្លងមក ប៉ុន្តែពុំបានបន្សល់ទុកនូវប្លង់បច្ចេកទេសលម្អិតទេ។

ដើម្បីអនុវត្តការងារស្តារប្រព័ន្ធឱ្យបានជោគជ័យ ក្រុមអ្នកបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹកបានប្រើប្រាស់ឧបករណ៍ទំនើបបែបវិទ្យាសាស្ត្រ Drain and Pipe Inspection Camera ដែលជាប្រភេទម៉ាស៊ីនកាមេរ៉ាខ្សែសម្រាប់ថតពិនិត្យបញ្ហាដែលកកស្ទះក្នុងប្រព័ន្ធបង្ហូរទឹកដោយមិនចាំបាច់ប្រើប្រាស់កម្លាំងមនុស្សជាអ្នកលើកដាក់ថ្មឡើយ។

បន្ទាប់ពីកំណត់បាននូវបញ្ហាដែលកើតមានខាងក្នុងហើយ ក្រុមអ្នកបច្ចេកទេសបានប្រើម៉ាស៊ីន Drain Cleaning Machin S-200 ដើម្បីខួងលាងសម្អាតរន្ធកកស្ទះទាំងនោះចេញ ដែលបំពង់ខួងអាចបត់បែនបានតាមសណ្ឋាននៃប្រព័ន្ធបង្ហូរទឹកចាស់ ហើយនៅពេលនេះប្រព័ន្ធដោះទឹកនៅលើផ្លូវដើរស្ពានហាលមុខប្រាសាទអង្គរវត្តខាងលិចមានដំណើរការឡើងវិញហើយដោយពុំមានដក់ទឹកទៀតទេ។

ក្រុមអ្នកបច្ចេកទេសអះអាងថា បញ្ហាសំខាន់ដែលធ្វើឱ្យមានការកកស្ទះគឺដោយសារមានកម្ទេចកម្ទីរ សំរាមប្លាស្ទិច និងដីបិទជិត។ ដូច្នេះដើម្បីឱ្យប្រព័ន្ធរំដោះទឹកអាចដំណើរការឡើងវិញ ក្រុមអ្នកបច្ចេកទេសបានសម្អាតរន្ធបង្ហូរទឹកសរុបទាំងអស់ចំនួន៧កន្លែង៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

មតិយោបល់