
- 2020-08-14 10:10:58
- ព័ត៌មាន
ដំណឹងល្អ! ទឹកដោះគោសុទ្ធ គិរីសួគ៌ ត្រៀមលក់នៅលើទីផ្សារឆាប់ៗ ក្នុងតម្លៃសមរម្យ
- 2020-08-14 10:10:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ! ទឹកដោះគោសុទ្ធ គិរីសួគ៌ ត្រៀមលក់នៅលើទីផ្សារឆាប់ៗ ក្នុងតម្លៃសមរម្យ
ចន្លោះមិនឃើញ
«យើងជាកសិដ្ឋានផលិតទឹកដោះគោសុទ្ធ ហើយយើងមានដៃគូជាច្រើនតាមផ្សារទំនើប ហាងទំនើបនានាជាអ្នកលក់បន្ដ ដូច្នេះក្នុងនាមយើងអ្នកផលិតទឹកដោះគោសុទ្ធ យើងព្យាយាមយ៉ាងម៉េចចែកចាយឲ្យពួកគាត់ក្នុងតម្លៃទាបជាងទីផ្សារ ហើយគាត់លក់បន្ដអាចលក់តម្លៃសមរម្យនៅលើទីផ្សារ។ យើងរំពឹងថា ផលិតផលរបស់យើងនឹងមានតម្លៃទាប ជាងផលិតផលផ្សេងៗទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋរបស់យើងមានលទ្ធភាពទិញបានគ្រប់ៗគ្នា»។ នេះជាការលើកឡើងរបស់ លោក ជី សិលា ដៃគូសហស្ថាបនិក ក្រុមហ៊ុន Khmer Fresh Milk បានប្រាប់ Sabay កាលពីពេលថ្មីៗនេះ។
អ្វីដែលកសិដ្ឋានគិរីសួគ៌ រំពឹងថា នឹងលក់ឲ្យទាបជាងតម្លៃនៅលើទីផ្សារ ព្រោះកសិដ្ឋានមួយនេះ គឺជាកសិដ្ឋានផលិតទឹកដោះគោធំជាងគេ ហើយប្រើប្រាស់បច្ចេកទេសទំនើបចុងក្រោយមកពីប្រទេសអ៊ីស្រាអែល។ មួយទៀត កសិដ្ឋានមានទីតាំងនៅត្រឹមភ្នំតាម៉ៅ ខេត្តតាកែវ មានលទ្ធភាពដឹកជញ្ជូនបានឆាប់រហ័សមកដល់ទីផ្សារ ដែលចំណាយប្រមាណតែ១ម៉ោងប៉ុណ្ណោះ។
លោក ជី សិលា បានមានប្រសាសន៍បន្ថែមទៀតថា «យើងមានចក្ខុវិស័យនៅពេលខាងមុខ យើងចង់ឲ្យពលរដ្ឋគ្រប់ៗរូបមានលទ្ធភាព ទិញទឹកដោះសុទ្ធគិរីសួគ៌មកហូប ដូចពួកគាត់បានទិញទឹកសុទ្ធផឹកអីចឹងដែរ»។
សព្វថ្ងៃនេះកសិដ្ឋានគិរីសួគ៌ ភ្នំតាម៉ៅ បាននាំចូលសត្វគោញីប្រមាណជា ៥៥០ក្បាល ដែលរំពឹងថា អាចផលិតទឹកដោះគោប្រមាណជា ១ម៉ឺនលីត្រក្នុង១ថ្ងៃ ដើម្បីចែកចាយលក់នៅលើទីផ្សារ។ ទំហំនៃការផលិតទឹកដោះគោនេះ លោកជី សិលា យល់ឃើញថា នៅមិនទាន់គ្រប់គ្រាន់សម្រាប់ទីផ្សារក្នុងស្រុកនៅឡើយទេ ដូច្នេះនៅពេលខាងមុខ កសិដ្ឋានគិរីសួគ៌រំពឹងថា នឹងអាចផលិតកើនឡើងជាងនេះ ដើម្បីគ្របដណ្ដប់ទីផ្សារទូទាំងប្រទេសកម្ពុជា ហើយចំពោះការនាំចេញទៅក្រៅប្រទេសនៅមិនទាន់មានផែនការនៅឡើយ។
ទឹកដោះគោសុទ្ធគិរីសួគ៌ ដែលរំពឹងថា នឹងចាប់ផ្ដើមចែកចាយនៅលើទីផ្សារនៅសប្ដាហ៍ ក្រោយនេះ លោក ជី សិលា បានលើកឡើងថា «កសិដ្ឋានគិរីសួគ៌ គឺផ្ដួចផ្ដើមឡើងដោយគំនិត របស់កូនខ្មែរ ដែលយើងខិតខំធ្វើយ៉ាងណាឲ្យទឹកដោះនេះសុទ្ធ មានគុណភាពខ្ពស់ ដែលផ្ដល់ទំនុកចិត្តដល់ប្រជាជនខ្មែរ ហើយក៏សង្ឃឹមថា ប្រជាជនខ្មែរគាំទ្រផលិតផលទឹកដោះគោ គិរីសួគ៌ ខណៈយើងខិតខំធ្វើយ៉ាងណាឲ្យតម្លៃទាបសមរម្យ ដែលគ្រប់គ្នាអាចទទួលយកបាន»៕