• 2020-08-15 21:35:21
  • ព័ត៌មាន

ចិត្តធម៌មែន! គម្រោងមួយ ធ្វើម្ហូបចែកអ្នកខ្វះខាត​អំឡុង​ផ្ទុះជំងឺកូវីដ១៩

  • 2020-08-15 21:35:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងមួយមានឈ្មោះថា Mama's Kitchen​ គឺជាគម្រោង​មួយបង្កើតឡើង​អំឡុង​នៃការផ្ទុះឡើង​​ នៃជំងឺកូវីដ១៩​ដំបូង​នៅកម្ពុជា ដើម្បីធ្វើការចែកចាយម្ហូប​ដល់សមាគម​ជាដៃគូ​ដែល​បាន​ធ្វើការងារ​​ យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នក​ខ្វះខាត​នៅភ្នំពេញ។​ គិតចាប់​ពី​ថ្ងៃទី​២៥ ខែឧសភា រហូត​មកដល់បច្ចុប្បន្ន​នេះ បានចែកចាយ​ម្ហូប​អាហារ​ដល់​អ្នក​កំពង់​ខ្វះខាត​សរុប​ចំនួន​ជាង ៥ពាន់​កញ្ចប់​ហើយ​។​

គម្រោង​ Mama's Kitchen បង្កើត​ឡើង​ដោយ​ស្រ្តី​ជនជាតិ​កាណាដា មាន​ដើម​កំណើត​នៅ​ប្រទេស​​ អ៊ុយហ្គ្រែន កញ្ញា Yulia Khouri ដែលជាអ្នក​ផ្ដួចផ្ដើម​គំនិត​បង្កើតដំបូង និង​បាន​​ចំណាយ​ប្រាក់​ដោយ​ ខ្លួននឯង​​ក្នុងន័យ​ផ្ដល់ក្ដីស្រឡាញ់​ដល់​មនុស្ស​គ្រប់គ្នា ដែលកំពុង​ត្រូវ​ការ​អាហារ។

«ខ្ញុំបង្កើត​គំនិត​នេះ​ឡើង​ខ្ញុំ​ធ្វើ​តាម​លោក​យាយ​របស់​ខ្ញុំ។ កាលណោះ​នៅសម័យសង្គ្រាម​លោក​លើកទី​២ នៅតំបន់​មួយ​ក្នុងប្រទេស​អ៊ុយហ្គ្រែន មនុស្ស​ជាច្រើន​ខ្វះខាត​ពិសេសខ្វះម្ហូប​អាហារ ដោយ​ឃើញដូច្នេះ​លោក​យាយ​របស់​ខ្ញុំ​ជា​មនុស្ស​ដំបូង​ផ្ដើម​ធ្វើម្ហូបចែកចាយ​ដល់​ជនរងគ្រោះ​ដោយសារ​រងផល​ប៉ះពាល់​ពី​សង្គ្រាម»។ ​ ​Yulia Khouri និយាយ​ប្រាប់​ Sabay ។​

Yulia Khouri អំឡុងផ្ដល់កិច្ចសម្ភាសន៍ឲ្យក្រុមការងារ​ Sabay នៅ​TLJ កាលពីពេលថ្មីៗនេះ

Yulia Khouri វ័យ៤៥ឆ្នាំ បាន​មក​ប្រទេស​កម្ពុជា​លើក​ដំបូង​នៅ​អំឡុង​ឆ្នាំ ២០១០ ហើយ​ការងារ​ដែល ​អ្នកស្រី​ធ្វើ​ជាឯកអគ្គរដ្ឋទូត​សុឆន្ទៈ​ នៃអង្គការ​មួយ​ ដែល​ផ្ដោត​សំខាន់​លើ​ការងារ​ប្រមូល​សត្វអនាថា និងសង្គ្រោះសត្វទាំង​នោះ។​ កញ្ញាក៏ធ្លាប់​ជា​អតីតបុគ្គលិក​របស់​អង្គការ​សហប្រជាជាតិ​ ដែល​ធ្លាប់​ធ្វើការ ​ជាច្រើន​ប្រទេស ជាពិសេស​នៅ​តំបន់​អាហ្វ្រិក​ ជាដើម។​

ផ្ដើមពីការងារ​ទាំង​អស់​នេះ​ហើយ​ ដែល​ Yulia Khouri មានចិត្ត​ស្រឡាញ់សត្វ​ និង​រមែងការពារ​សត្វ។ ម៉្លោះហើយ​គម្រោង​ Mama's Kitchen គឺជាគម្រោង​ចែកចាយម្ហូបអាហារ​ប្រភេទ​ម្ហូប​បួស និង​ មិន​ប្រើប្រាស់​ប្លាស្ទិក​​ ដោយ​ការ​វេចខ្ចប់​ប្រើប្រាស់​ស្លឹកចេក ឬ​ស្លឹកឈូក។​

Yulia Khouri បានប្រាប់​បន្ដ​ទៀត​ថា សព្វថ្ងៃនេះ​ ទីតាំងកន្លែង​ធ្វើ​ម្ហូប​បាន​មិត្តភក្ដិ​ផ្ដល់​កន្លែង​ឲ្យ​ ចម្អិន​ម្ហូប និង​អ្នក​ធ្វើ​ម្ហូប​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​៥នាក់ ដែល​ពួកគេ​សុទ្ធសឹង​ស្រឡាញ់​ការងារ​​មនុស្ស​ធម៌។​ សព្វថ្ងៃនេះ​គម្រោង​មាន​លទ្ធភាព​ធ្វើ​ម្ហូប​បាន​​៥០០កញ្ចប់​ក្នុង​១សប្ដាហ៍ ហើយចែកចាយ​ដល់​​អង្គការ សមាគម​ជា​ដៃគូ​មួយ​ចំនួន​ ដែល​ធ្វើ​ការងារ​ផ្ដោត​លើ​ការ បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ ជាជនពិការ ជាដើម។ ជាក់ស្ដែងកន្លែង​គម្រោង​បាន​ផ្ដល់​អាហារ​ដល់​សមាគម​ Shanty Town Spirit & The Voice international ដែលធ្វើការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នានា​ដល់​កូន​ខ្មែរ។​

គម្រោង​ Mama's Kitchen ដំបូង​ឡើយ​បង្កើត​ឡើង​ដើម្បីចែកអាហារ​អំឡុង​នៃការ​ផ្ទុះ​ជំងឺកូវីដ​១៩​ ដែល​អ្នកផ្ដួចផ្ដើម​រំពឹង​ថា​ ទំនង​ជា​អូសបន្លាយ​ត្រឹម​រយៈពេល​៣ខែ​ប៉ុណ្ណោះ ប៉ុន្ដែស្ថានភាព​ប្រែប្រួល​​ ជំងឺកូវីដ១៩​​នេះ​កំពុង​វាយ​លុក​ពិភពលោក​ហើយ​ក៏​មិន​ទាន់​ដឹង​អំពី​ពេល​វេលាជាក់​ នៃការ​ស្ងប់ស្ងាត់​ទៅ​ វិញ​នៅពេល​ណា​នៅឡើយ។ ផ្ដើម​ពីការ​ចំណាយ​លុយ​ខ្លួន​ឯង ឥឡូវ​នេះ​មាន​ដៃគូ​មួយ​ចំនួន​បាន​ ចូលរួម​ឧបត្ថម្ភ មានដូចជា៖

  • ១. ក្រុមហ៊ុន IBS Rice បាន​បរិច្ចាគ​ជា​អង្ករ​ប្រមាណ​ជា ៥០គីឡូ​ក្នុង​១ខែ ផ្ដើម​ពី​ខែសីហា​ ២០២០​នេះ។

  • ២. Soma Community បាន​ផ្ដល់​ទីតាំង​នៅ​ក្នុង​ខុនដូ​មួយ​កន្លែង​ដើម្បី​ធ្វើ​ម្ហូប​ ដោយ​ឥតគិតថ្លៃ

  • ៣. ក្រុមហ៊ុន​ GIBAM បាន​ផ្ដល់​ប្រាក់​បាន​ពី​មូលនិធី​ឥណ្ឌូណេស៊ី​​ជារៀងរាល់ខែ​ និង​បណ្ដា​ដៃគូ​មួយ​ចំនួន​ទៀត​ បាន​ចូលរួម​ចំណែក។​

ទោះជាយ៉ាង​ណា​ការ​អូសបន្លាយ​នៃជំងឺកូវីដ១៩ ហើយ​តម្រូវ​ការ​របស់​អ្នក​ខ្វះខាត​នៅ​តាម​បណ្ដា​អង្គការ សមាគម​ផ្សេង​ៗ​នៅតែមាន គម្រោង​ Mama's Kitchen មានឆន្ទៈ​បន្ដ​ធ្វើ​ការ​ចែកចាយ​ម្ហូប​អាហារ​ដោយ​​ ឥតគិតថ្លៃ​ដល់​ដៃគូ​ទាំង​នោះ។

ប៉ុន្ដែ Yulia Khouri បាន​លើកឡើង​ថា *«យើងក៏នៅ​មាន​ការ​ខ្វះខាត​ផងដែរ​អំពី​ថវិកា​ដើម្បីទ្រទ្រង់​ ដូច្នេះ​ប្រសិន​បើ​មាន​អង្គការ សមាគម ឬក្រុម​ហ៊ុន​ណា​ចង់​ចូលរួម​កិច្ចការងារ​មនុស្ស​ធម៌​មួយនេះ អាច​ចូលរួម​បាន​ ដោយ​អាច​បរិច្ចាគ​ជា​អង្ករ ឬ​សម្ភារៈ​ផ្សេង​ៗទៅ​តាម​លទ្ធភាព​ ជាមួយ​គម្រោង​ Mama's Kitchen»

ដូច្នេះ​ប្រសិន​បើ​ប្រិយមិត្ត​ចង់​ចូលរួម​បរិច្ចាគ​ក្នុង​គម្រោង​នេះ អាច​ទំនាក់ទំនាក់​តាមរយៈ​លេខខាងក្រោមនេះ៖

  • 010 500 111 លោក​ សាយ សុខឿន

  • 088 874 4411 Yulia Khouri

គម្រោង​ Mama's Kitchen មានលទ្ធភាពចម្អិនម្ហូប​បាន​រហូតដល់​ជាង​២០មុខ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់