• 2020-09-14 06:05:17
  • ព័ត៌មាន

មកស្គាល់តំបន់ទេសចរណ៍១០ ទាក់ទាញបំផុត នៅខេត្តកំពត

  • 2020-09-14 06:05:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តកំពត ជាខេត្តមួយស្ថិតនៅប៉ែកខាងត្បូង នៃប្រទេសកម្ពុជា ដែលមានចម្ងាយ ១៤៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ហើយក៏ជាខេត្តដែលមានសក្កដានុពលខ្ពស់លើវិស័យទេសចរណ៍ ដោយទទួលបានភ្ញៀវទេសចរច្រើនលំដាប់ទី២ នៅអំឡុងថ្ងៃឈប់សម្រាកសងចូលឆ្នាំ កាលពីខែមុននេះ។ ថ្ងៃនេះ Sabay សូមបង្ហាញតំបន់ទេសចរណ៍ដែលទាក់ទាញបំផុតចំនួន១០ ក្នុងចំណោមតំបន់ទេសចរណ៍សំខាន់ៗផ្សេងៗទៀត ក្នុងខេត្តកំពត ដូចខាងក្រោមនេះ៖

១. រមណីយដ្ឋានឋានសួគ៌ ភ្នំបូកគោ

ភ្នំបូកគោ ល្បីឈ្មោះដោយសារតែអាកាសធាតុត្រជាក់ពេញមួយឆ្នាំ។ ភ្នំបូកគោជាទីកម្សាន្តធម្មជាតិដ៏សម្បូរបែបបំផុតមិនថាធម្មជាតិ អាកាសធាតុ ដំណើរកម្សាន្តរុករក ឬសម្រាកលម្ហែនោះទេ សុទ្ធសឹងតែអាចធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍រីករាយស្រស់ថ្លា និងអនុស្សាវរីយ៍បំភ្លេចមិនបាន។ ភ្នំបូគោ គឺជាភ្នំមួយដែលស្ថិតនៅក្នុងខេត្តកំពត ភ្នំបូគោមានចម្ងាយ ៣២ គីឡូម៉ែត្រ គិតចាប់ពីផ្លូវជាតិលេខ៣ ដល់កំពូលភ្នំបូកគោហើយភ្នំបូកគោមានកំពស់ ១,១០១ម៉ែត្រ និងមានផ្ទៃដីសរុប ១៤ ០០០ហិចតា ដោយយោងតាមគណៈគ្រប់គ្រងភ្នំបូកគោ។

រមណីយដ្ឋាន ដែលមានកម្ពស់កប់ពពកមួយនេះ មានកន្លែងសម្រាប់កម្សាន្ត និងលំហែកាយជាច្រើន ដូចជាទឹកជ្រោះ ពពកវិល, ថ្មមុខយក្ស ឬអ្នកថែរក្សាព្រៃ, បឹងលើភ្នំ, វត្តសំពៅប្រាំ, ព្រះវិហារកាតូលិក ចាស់, ឡឺ បូកគោ ផាលេស (សណ្ឋាគារ ចាស់), ដំណាក់ស្លាខ្មៅ, ដំណាក់ព្រះបាទ មុនីវង្ស ឬដំណាក់ស្តេច, វាលស្រែ៥០០ និងកន្លែងសមាធិ ជាដើម៕

២. រមណីយដ្ឋាន ទឹកធ្លាក់ ថ្មតាដាសច្ចំ

រមណីយដ្ឋានធម្មជាតិ ថ្មតាដាសច្ចំ ជាតំបន់ទេសចរទាក់ទាញទាំងខ្មែរ និងបរទេសទៅកម្សាន្តឥតដាច់ដោយសារទឹកធ្លាក់ដ៏ស្រស់ស្អាត និងទេសភាពជួរភ្នំដ៏គួរឲ្យទាក់ភ្នែកតាមផ្លូវឡើង ប្រៀបបានទៅនឹងក្រមុំលាក់ខ្លួនក្នុងជ្រលងភ្នំដ៏ស្រស់ស្អាតមួយ។

បើធ្វើដំណើរពីខេត្តកំពតតាមផ្លូវឆ្ពោះទៅរមណីយដ្ឋានទឹកឈូ គឺប្រិយមិត្តនឹងចំណាយពេលប្រហែល ៣០ នាទី ឬលើសនេះបន្តិចបន្តួច។ និយាយជារួមទៅទីតាំងរមណីយដ្ឋាននេះ បើធ្វើដំណើរហួសរមណីយដ្ឋានទឹកឈូប្រហែល ៥ គីឡូម៉ែត្រអ្នកនឹងឃើញផ្លូវបត់ចូលរមណីយដ្ឋានទឹកធ្លាក់ថ្មតាដាសច្ចំ ដោយត្រូវចំណាយពេលឡើងទៅប្រហែល ១៥ ទៅ ២០ នាទីទៀត ប៉ុណ្ណោះ។ រមណីយដ្ឋានមួយនេះ មានកន្លែង ទស្សនាជាច្រើន ដូចជា ទឹកជ្រោះអូតាត្រាវ ទឹកជ្រោះធ្លាក់ពីវាលវែង ពងទឹក បត់ដា ទឹកជ្រោះអូ១ ទឹកជ្រោះអូ២ ទឹកជ្រោះអូ៣ ទឹកផុសតាដារូងចន្ទ និង ទឹកធ្លាក់ថ្មតាដាសច្ចំ ជាដើម។

៣. រមណីយដ្ឋានដូងទេរ

រមណីយដ្ឋានដូង ទេរ ជារមណីយដ្ឋានមួយស្ថិតលើដងព្រែកទឹកឈូ ចម្ងាយប្រមាណ ៧គីឡូម៉ែត្រ ពីស្ពានកំពតថ្មីប្រមាណ ១០-១៥នាទី។ នៅទីនោះមានដូងទេរយ៉ាងស្រស់ស្អាតលយចូលទៅទឹកបឹងបង្អួតសម្រស់យ៉ាងត្រកាល។ ទេសភាពឆ្នេរមាត់ព្រែកដ៍ស្រស់ស្អាត សម្រាកលំហែកាយ ហែលទឹកកម្សាន្ត ទទួលទានអាហារឆ្ងាញ់ៗ មិនតែប៉ុណ្ណោះ ភ្ញៀវទេសចរអាចរកជិះក្ដាររំអិលកោងខ្ពស់ ជិះទូកកាយ៉ាក់ ក៏មានដែរ។ រមណីយដ្ឋានដូងទេរនេះស្ថិតនៅក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត គឺនៅជាប់នឹងព្រែកកំពត។

៤. រមណីយដ្ឋានទឹកធ្លាក់អន្លង់ធំ

ទឹកជ្រោះ អន្លង់ធំ ស្ថិតនៅក្នុងសហគមន៍ព្រែកត្នោត ជារមណីយដ្ឋានបែបធម្មជាតិ ទាក់ចិត្តភ្ញៀវទេសចរណ៍គ្រប់គ្នាមកទស្សនាកម្សាន្ត នៅរៀងរាល់ថ្ងៃចុងសប្ដាហ៍ និងថ្ងៃឈប់សម្រាក។ ទឹកធ្លាក់អន្លង់ធំ គឺជារមណីយដ្ឋាន ដែលទាក់ចិត្តភ្ញៀវទេសចរបំផុត ព្រោះជាមានទឹកធ្លាក់ពីលើភ្នំបូកគោ ហើយទឹកហូរធ្លាក់ទៅកាន់តំបន់សមុទ្រ ហើយមានព្រៃឈើច្រើន និងមានថ្មដុះច្រូងច្រាង ធ្វើឲ្យទឹកហូរបោកលើផ្ទៃថ្មធំ ជាទីចាប់អារម្មណ៍ និងទឹកថ្លាឈ្វេង មានមច្ឆាតូចធំ ហែលប្រដេញគ្នា គួរជាទីសែនមនោរម្យ សម្រាប់អ្នកនិយមចូលចិត្តហែរទឹកកម្សាន្តនៅទីភ្នំបែបធម្មជាតិ។

ទឹកជ្រោះខាងលើនេះស្ថិតនៅចម្ងាយប្រមាណជា ២៧គីឡូម៉ែត្រពីទីរួមខេត្តកំពត ដោយធ្វើដំណើរតាមផ្លូវទៅកាន់វាលរេញ មកដល់ត្រឹមគីឡូម៉ែត្រលេខ ១៧៧-១៧៨ នៅខាងស្ដាំដៃនឹងឃើញឈ្មោះវិទ្យាល័យ ហ៊ុន សែន ព្រែកត្នោត ហើយបន្ដដំណើរតាមផ្លូវសាលានេះ ក្នុងចម្ងាយប្រមាណជាជាង១គីឡូម៉ែត្រ នឹងឃើញស្លាកឈ្មោះរបស់រមណីយដ្ឋានទឹកធ្លាក់អន្លង់ធំ ស្ថិតនៅក្នុងភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

៥. រមណីយដ្ឋាន ល្អាងឈ្ងោក

ភ្នំឈ្ងោក គឺជារមណីយដ្ឋានប្រវត្តិសាស្រ្តដែលបន្សល់ទុកពីសម័យនគរភ្នំ។ ស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា ភ្នំឈ្ងោកមានចំងាយជាង ៥គីឡូម៉ែត្រពីបឹងប្រទាក់ក្រឡា ឬប្រមាណ ១៣គីឡូ ម៉ែត្រពីទីរួមខេត្តកំពត។ នៅចំកណ្ដាលគុហាដ៏ធំនៃភ្នំនេះ មានសំណង់ស្ថាបត្យកម្មប្រាសាទមួយសង់ឡើងអំពីឥដ្ឋរាងតូចល្មម សង់ព័ទ្ធជុំវិញ លិង្គធម្មជាតិដុះចេញពីថ្មកំបោរ និងមានការសង់បន្ថែមទម្រយោនី ដោយកំណត់ថាជាសិវលិង្គតាមជំនឿព្រហ្មសាសនា។ កាន់តែអស្ចារ្យ នៅពីលើសិវលិង្គនោះ ត្រូវបានប្រោះព្រំដោយ ដំណក់ ទឹកយ៉ាងត្រជាក់ដូចទឹកកក ស្រក់ច្រោះតាមរយៈថ្មកំបោរដែលដុះចំពីលើកំពូលប្រាសាទ។ ចំណុចគួរឲ្យចាប់ អារម្មណ៍នៃប្រាសាទភ្នំនេះ គឺត្រូវបានកសាងឡើងតាំងពីសតវត្សទី៦ ម្ល៉េះ។ នេះបើយោងតាមការស្រាវជ្រាវ របស់លោកបណ្ឌិត មីសែល ត្រាណេ អ្នកបុរាណវិទូជនជាតិខ្មែរ។

ក្រៅពីសំណង់ប្រាសាទដ៏គួរឲ្យស្ញប់ស្ញែង ផ្នែកខាងក្នុងនៃភ្នំឈ្ងោកមានបង្កប់ប្រព័ន្ធល្អាងជាច្រើន ដែលមានសភាពប្លែកៗពីគ្នា ហើយល្អាងខ្លះបានក្លាយជាទីជម្រករបស់សត្វប្រចៀវរ់នៅ។ ដើម្បីទៅកាន់ល្អាងនីមួយៗ អ្នកទេសចរត្រូវធ្វើដំណើរក្រាបផង លូនផង និងរំកិលខ្លួនបន្តិចម្ដងៗ តាមរូងភ្នំដ៏ងងឹត និងតូចចង្អៀត។ ដំណើរឆ្លងកាត់ស្ថានភាពលំបាកៗទាំងនេះ ពិតជាស័ក្តិសមបំផុត សម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង។ ជាង ១ ៥០០ឆ្នាំកន្លងផុតទៅ ភ្នំឈ្ងោក មិនត្រឹមតែជាទីតាំងទេសចរដ៏មានសក្តានុពលប៉ុណ្ណោះទេ ថែមទាំងជាបូជនីយដ្ឋានប្រវត្តិសាស្រ្តដ៏សំខាន់មួយនៃអាណាចក្រខ្មែរ៕

៦. រមណីយដ្ឋាន ក្តាតសាណាកា

រមណីយដ្ឋានមួយនេះ មានចម្ងាយ ១៩គីឡូម៉ែត្រពីទីរួមខេត្តកំពត និងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះពី ក្លោងទ្វារឡើងភ្នំបូកគោ ទៅវាលរេញ។ ដោយមានជំនក់យ៉ាងខ្លាំងនៅលើធម្មជាតិ ការដើរព្រៃ ការឡើងភ្នំ ការបោះតង់ ជាដើម ទើបធ្វើឱ្យបុរសម្នាក់នេះ សម្រេចបោះទុនបង្កើតរីស្សតនេះឡើង។

ដោយសារវាមានទីតាំងនៅជិតសមុទ្រ មានព្រែក មានដើមកោងកាង និង នៅជិតភ្នំបូកគោ ដូច្នេះរីស្សត ក្ដាតសាណាកា ជាគោលដៅសម្រាប់ភ្ញៀវទេសចរ ដែលចូលចិត្តផ្សងព្រេង និង ស្រឡាញ់អេកូទេសចរណ៍។ ការជិះទូកកាយ៉ាក មើលព្រៃកោងកាង គឺជាសកម្មភាពមួយ ដែលរីស្សតនេះផ្តល់ជូនភ្ញៀវរបស់ខ្លួន។

បច្ចុប្បន្នរីស្សត ក្ដាតសាណាកា មានអគារធ្វើពីឈើប្រក់ស្បូវ៣ខ្នង សម្រាប់ភ្ញៀវស្នាក់នៅតាមបែបធម្មតា និងមានអគារ១ខ្នងទៀត សម្រាប់ស្នាក់នៅដើម្បីមើលអំពិលអំពែក។ នាថ្ងៃអនាគត ម្ចាស់រីស្សតម្នាក់នេះ នឹងកសាងផ្ទះធ្វើពីកញ្ចក់សម្រាប់ទទួលភ្ញៀវដែលចូលចិត្តគេងមើលមេឃ មើលផ្កាយ និង មើលអំពិលអំពែក៕

៧. រមណីយដ្ឋាន ណាតាយ៉ា

បើធ្វើដំណើរតាមផ្លូវជាតិលេខ ៣ ពីទីរួមខេត្តកំពតចម្ងាយជាង ១៨ គីឡូម៉ែត្រ នឹងទៅដល់រមណីយដ្ឋានណាតាយ៉ា ដែលជាកន្លែងកម្សាន្តបង្កើតឡើងសម្រាប់អ្នកដែលត្រូវការភាពស្ងប់ស្ងាត់ផ្សារភ្ជាប់ធម្មជាតិ។ ជាមួយបន្ទប់ស្នាក់នៅ ២៣ បន្ទប់ ដែលមានតម្លៃចាប់ពី ៨០ ដុល្លារ ដល់ ២០០ ដុល្លារ ភ្ញៀវដែលមកកម្សាន្តនឹងទទួលបានការផ្តល់សេវាប្រកបដោយការយកចិត្តទុកដាក់ ជាមួយម្ហូបអាហារយ៉ាងឆ្ងាញ់ពិសាររួមទាំងការកម្សាន្តនានា បន្ថែមពីលើបន្ទប់ស្នាក់នៅដែលតុបតែងប្រកបដោយភាពរ៉ូម៉េទិក។

៨. រមណីយដ្ឋាន Kampot River Residence

រមណីយដ្ឋានKampot River Residence ជាកន្លែងកម្សាន្តធម្មជាតិដ៏ស្រស់ស្អាតមួយ ដែលមានទីតាំងស្ថិតនៅភូមិកំពង់ក្រែង ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត។ ទីកន្លែងនេះ ព័ទ្ធជុំវិញទៅដោយជួរភ្នំ វាលស្រែពណ៌បៃតងខ្ចី ដងព្រែកដែលមានទឹកថ្លាយង់គួរឲ្យចង់គយគន់មិនជិនណាយ។

ក្រៅពីមានទេសភាពស្អាតហើយរមណីយដ្ឋានមួយនេះក៏មានកន្លែងស្នាក់នៅដ៏មានផាសុកភាពផងដែរ គឺមានផ្ទះសង់ពីឈើ នៅដាច់ៗពីគ្នា។ ការតុបតែងនៅខាងក្នុងមានរបៀបរៀបរយ តាមលក្ខណៈបុរាណ និងសម័យ ដែលអាចស្នាក់នៅជាលក្ខណៈ ក្រុមគ្រួសារ មិត្តភក្តិ ឬគូស្នេហ៍ ។

៩. បឹងកាឡូបែបធម្មជាតិ Yellow Sun Hostel

បឹងកាឡូធម្មជាតិមួយមានចំងាយ ប្រមាណ ២គីឡូមែត្រ ពីសារមន្ទីខេត្តកំពត លោកអ្នកអាចលំហែកាយជួបជុំជាមួយគ្រួសារ មិត្តភក្តិ ក្នុងថ្ងៃឈប់សម្រាកយ៉ាងរីករាយបំផុត។ Yellow Sun Hostel ដែលជាកន្លែងស្នាក់នៅជាលក្ខណៈបឹងកាឡូបែបធម្មជាតិនៅខេត្តកំពត មានសួនច្បារ និង បារសម្រាប់លេង កម្សាន្ត មិនតែប៉ុណ្ណោះ យើងអាចជិះទូកលេងកម្សាន្តតាមមាត់បឹងទៀតផង។

ដោយឡែក បន្ទប់ស្នាក់នៅវិញ សម្រាប់ថ្ងៃធម្មតា រឺថ្ងៃបុណ្យ បន្ទប់បឹងកាឡូមាត់ទឹក រឺជិតមាត់ទឹក តម្លៃត្រឹមតែ ១២ដុល្លារក្នុងមួយយប់។ បោះតង់មួយយប់ ៥ ដុល្លារ មានតង់ ពូក ខ្នោយ ភួយ និងកន្សែងអាចគេងបានពីនាក់។ ជាងនេះទៀត ក៏មានបន្ទប់ប្រភទធំបែប Dorm គេងបាន ១០នាក់ មួយនាក់ ៤ដុល្លារក្នុង មួយយប់។

១០. ឧទ្យានដងព្រែក

ឧទ្យានដងព្រែក មានទីតាំងស្ថិតនៅជិតតំបន់ទឹកធ្លាក់ទឹកឈូ មានចម្ងាយពីទីរួមខេត្តកំពតប្រហែល ១០គីឡូម៉ែត្រ។ រៀងរាល់ចុងសប្ដាហ៍ និងថ្ងៃឈប់សម្រាកនានា ឧទ្យានមួយនេះ មានភ្ញៀវទេសចរមកកម្សាន្តយ៉ាងច្រើនកុះករ នោះ ៨០ភាគរយ ជាភ្ញៀវជាតិ និង ២០ភាគរយទៀតជាភ្ញៀវអន្តរជាតិ។

ភ្ញៀវទេសចរណ៍ អាចកម្សាន្តតាមរយៈការជិះទូកនៅក្នុងទឹកព្រែកដ៏ថ្លាឈ្វេង គយគន់ទេសភាពនៅតាមមាត់ព្រែកដ៏ស្រស់បំព្រង។ ចំពោះតម្លៃវិញ រយៈពេល ១ម៉ោងត្រឹមតែ៥ដុល្លារប៉ុណ្ណោះ។ ពិសេសប្រិយមិត្តក៏អាចសាកល្បងការកម្សាន្តថ្មី បែបព្រឺព្រួច នោះគឺការជិះខ្សែរ៉តចេញពីដើមឈើកម្ពស់ជាង ១០ម៉ែត្រ ដើម្បីឆ្លងពីត្រើយម្ខាង ទៅត្រើយម្ខាងទៀត ដែលមានប្រវែងប្រមាណ ២០០ម៉ែត្រ មានតម្លៃ ៧.៥ដុល្លារ៕

អត្ថបទខាងលើនេះ នាំមកជូនដោយ ក្រុមហ៊ុនអចលនទ្រព្យ HL Nakara Development។ គម្រោងអចលនទ្រព្យនេះ មាននៅខេត្តកំពត ដែលគម្រោងមានឈ្មោះដូចខាងក្រោម៖

  • Icon Kampot
  • de Pearl

ចង់សាកសួរអំពីគម្រោងអចលនទ្រព្យអាចទាក់ទងលេខ: 089/066/ 086 991818

មតិយោបល់