• 2020-09-22 08:11:38
  • ព័ត៌មាន

ផ្ទុះប្រតិកម្មក្រោយក្រុមហ៊ុនទេសចរណ៍នៅអូស្ត្រាលី ដាក់រូបប្រាសាទអង្គរតែដាក់ពាក្យវៀតណាម

  • 2020-09-22 08:11:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពលរដ្ឋកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិជាច្រើនទៀត បានផ្ទុះការរិះគន់ និងប្រតិកម្មជាខ្លាំងលើក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍របស់អូស្ត្រាលី ឈ្មោះ «Wendy Wu Tours» ដែលយករូបប្រាសាទអង្គរវត្តរបស់កម្ពុជា ហើយបែរជាសរសេរពាក្យសម្គាល់ប្រទេសវៀតណាមនៅពីលើ។

«Wendy Wu Tours» ជាទីភ្នាក់ងារទេសចរណ៍ដ៏ល្បីមួយរបស់ប្រទេសអូស្ត្រាលី ដែលបាននាំភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជា ជាញឹកញាប់។ ថ្មីៗនេះ គេហទំព័ររបស់ទីភ្នាក់ងារទេសចរណ៍មួយនេះ បានបង្ហោះរូបភាពស្ដីពីតំបន់ទេសចរណ៍ជាច្រើននៅជុំវិញពិភពលោក ក្នុងនោះក៏មានរូបភាពប្រាសាទអង្គរវត្តដ៏ស្រស់ឆើតឆាយរបស់កម្ពុជាផងដែរ។ ប៉ុន្តែគេហទំព័រនេះបានបង្កើតនូវកំហុសឆ្គងដោយអចេតនាមួយ គឺនៅត្រង់នៅផ្នែកខាងលើនៃរូបភាពប្រាសាទអង្គរវត្ត គេបានសរសេរពាក្យថា «VIETNAM» ជាហេតុនាំឱ្យមានការយល់ច្រឡំថា ប្រាសាទអង្គរវត្ត ស្ថិតនៅប្រទេសវៀតណាម។

កំហុសឆ្គងរបស់ក្រុមហ៊ុនទេសចរណ៍អូស្ត្រាលីមួយនេះ នាំឱ្យមានការរិះគន់យ៉ាងខ្លាំងសម្បើមពីសំណាក់ប្រជាជនកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិមួយចំនួន ដែលគេបានដឹងច្បាស់អំពីទីតាំងប្រាសាទអង្គរវត្តរបស់កម្ពុជា។ ទន្ទឹមនឹងនោះ មហាជនក៏បានស្នើសុំឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងក្រសួងទេសចរណ៍កម្ពុជា ចេញចំណាត់ការឱ្យបានម៉ឺងម៉ាត់ចំពោះកំហុសឆ្គងនេះ។

ក្រោយទទួលបានដំណឹងនេះហើយ មន្ត្រីជំនាញនៃក្រសួងទេសចរណ៍ បានទាក់ទងភ្លាមៗទាំងយប់ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីបានស្នើឱ្យទីភ្នាក់ងារ «Wendy Wu Tours» កែសម្រួលកំហុសឆ្គងនៅលើគេហទំព័ររបស់ខ្លួនជាបន្ទាន់។ លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ក្រសួងទេសចរណ៍បានថ្លែងនាព្រឹកថ្ងៃទី២២ ខែកញ្ញានេះថា ក្រសួងបានទាក់ទងទៅកាន់ទីភ្នាក់ងារ Wendy Wu Tours រួចហើយ ដើម្បីឱ្យគេកែសម្រួលព័ត៌មាននោះឡើងវិញ។ ទីភ្នាក់ងារនេះក៏បានសម្ដែងនូវការសូមអភ័យទោសចំពោះកម្ពុជា និងយល់ព្រមកែសម្រួលឡើងវិញផងដែរ ដោយបានកែពីពាក្យ VIETNAM មកដាក់ថា SOUTHEAST ASIA វិញ។ មូលហេតុដែលទីភ្នាក់ងារ Wendy Wu Tours មិនប្ដូរមកជា CAMBODIA វិញនោះ ក៏ដោយសារក្រុមហ៊ុនចង់បង្ហាញថា «ប្រាសាទអង្គរវត្តរបស់កម្ពុជា» ជានិម្មិតរូបតំណាងឱ្យតំបន់អាស៉ីអាគ្នេយ៍លើនៅគេហទំព័ររបស់ខ្លួន ពីព្រោះប្រាសាទអង្គរវត្តជាសម្បត្តិបេតិភណ្ឌដែលពិភពលោកស្គាល់ច្រើនជាងគេ។ ទោះបីជាទីភ្នាក់ងារ Wendy Wu Tours បានកែសម្រួលនៅលើទំព័រមុខនៃគេហទំព័ររបស់ខ្លួនរួចហើយក្ដី ប៉ុន្តែនៅមានមួយកន្លែងទៀតដែលក្រុមហ៊ុនមិនទាន់បានកែសម្រួលអស់ គឺនៅពេលចូលទៅក្នុងផ្ទាំង Brochures គេនៅឃើញមានរូបប្រាសាទអង្គរវត្តដែលដាក់ពាក្យ VIETNAM នៅពីលើនៅឡើយ។ ត្រង់ចំណុចនេះ ក្រសួងទេសចរណ៍ ក៏នឹងទាក់ទងទៅកាន់ក្រុមហ៊ុនបន្តទៀត ដើម្បីឱ្យកែសម្រួលឱ្យបានគ្រប់ជ្រុងជ្រោយ៕

ប្រភព៖ ក្រសួងទេសចរណ៍

មតិយោបល់