- 2020-09-30 07:41:27
- ព័ត៌មាន
ជាកូនកំព្រាឳពុក តែតស៊ូធ្វើការ រហូតបានប្រាក់ខែ ខ្ទង់ម៉ឺនដុល្លារ នៅសហរដ្ឋអាមេរិច
- 2020-09-30 07:41:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាកូនកំព្រាឳពុក តែតស៊ូធ្វើការ រហូតបានប្រាក់ខែ ខ្ទង់ម៉ឺនដុល្លារ នៅសហរដ្ឋអាមេរិច
ចន្លោះមិនឃើញ
ការតស៊ូ ក្នុងការសិក្សា តាំងពីលោកឪពុក បានចែកឋានទៅ បានធ្វើអោយកំលោះធុរកិច្ច រូបនេះ ទទួលបានជោគជ័យ នៅក្នុងជីវិត ថែមទាំងទទួលបានប្រាក់ខែខ្ទង់ម៉ឺនដូល្លារ និងឱកាសក្នុងការបម្រើការងារ នៅក្នុងក្រុមហ៊ុនយក្យ (AMAZON) របស់អាមេរិចរួមទាំងការសិក្សា បន្តថ្នាក់អនុបណ្ឌិត ដោយមិនអស់ប្រាក់សូម្បីតែ១កាក់ ១សេន ផងដែរ។ តើអ្វីខ្លះ ជាការតស៊ូនៅក្នុងជីវិត ដែលមានតែម្តាយ ក្នុងរយៈពេលជាង ១៦ឆ្នាំមកនេះ?
លោក លឹម ចាន់ណារិទ្ធ ត្រូវបានឪពុកស្លាប់ចោលតាំងពីអាយុ៣ឆ្នាំ ដោយបន្សល់ទុកនូវសម្ពាធយ៉ាងខ្លាំងសម្រាប់អ្នកម្តាយ ក្នុងការចិញ្ចឹមបីបាច់ និងមើលថែរក្សារូបលោក។ តែយ៉ាងណាមិញលោកមិនបានបោះបង់ចោលការសិក្សា ឬមានការត្អូញត្អែរចំពោះជីវិតនោះឡើយ ផ្ទុយទៅវិញលោកបានខិតខំ តស៊ូ ជំនះឧបសគ្គ មិនថាក្នុងការសិក្សា ការរស់នៅ ក៏ដូចជាការផ្សារភ្ជាប់ខ្លួនជាមួយនឹងបរិបទជីវិតថ្មី លើទឹកដីសហរដ្ឋអាមេរិច។
លោក លឹម ចាន់ណារិទ្ធ បានឆ្លើយតប តាមរយៈសារអេឡិចត្រូនិច មកកាន់ Sabay ទាក់ទងទៅនឹងជីវិត នៃការសិក្សា របស់រូបលោក នៅសហរដ្ឋអាមេរិចថា ៖
នៅពេលខ្ញុំសិក្សានៅអាមេរិក ខ្ញុំក្លាយជាសិស្សពូកែម្នាក់នៅអនុវិទ្យាល័យ និង វិទ្យាល័យ។
ខ្ញុំបានឈ្នះពានរង្វាន់ជាច្រើនសម្រាប់សមិទ្ធិផលសិក្សារបស់ខ្ញុំ។
នៅពេលខ្ញុំរៀនដល់ថ្នាក់សាកលវិទ្យាល័យ ខ្ញុំត្រូវប្រកួតប្រជែងជាមួយសិស្សនិស្សិតដែលមានទេពកោសល្យរាប់ពាន់នាក់ទៀតរហូតដល់ខ្ញុំទទួលបានអាហារូបករណ៍ពេញដើម្បីសិក្សាកម្រិតបរិញ្ញាបត្រ នៅពេលនោះអាហារូបករណ៍របស់ខ្ញុំក៏បានបញ្ចូលប្រាក់ឧបត្ថម្ភរាប់ពាន់ដុល្លារសម្រាប់ខ្ញុំដើម្បីចំណាយផ្ទាល់ខ្លួនផងដែរក្នុងមួយឆ្នាំៗ។
នៅពេលខ្ញុំកំពុងសិក្សាថ្នាក់បរិញ្ញាបត្រខ្ញុំបានឈ្នះការបោះឆ្នោតនៅសាកលវិទ្យាល័យដើម្បីក្លាយជាអ្នកតំណាងនិស្សិត ខ្ញុំតំណាងឱ្យនិស្សិតរាប់ពាន់នាក់នៅសាកលវិទ្យាល័យហើយដើរតួជាសំលេងរបស់ពួកគាត់ក្នុងការដោះស្រាយបញ្ហាផ្សេងៗ។ នៅពេលនោះខ្ញុំគឺជាជនជាតិអាស៊ីនិងជនជាតិកម្ពុជាដំបូងគេដែលកាន់តំណែងខ្ពស់បែបនេះ។
លើសពីនេះខ្ញុំមានឱកាសធ្វើការនៅក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលមានកិច្ចសន្យាជាមួយក្រសួងការពារជាតិនៃសហរដ្ឋអាមេរិកដែលមានទឹកប្រាក់សរុបរាប់ពាន់លានដុល្លារផងដែរ។
ក្នុងថ្នាក់អនុបណ្ឌិតខ្ញុំក៏ទទួលបានអាហារូបករណ៍ពេញដើម្បីសិក្សាផងដែរ ដោយមិនចាំបាច់ចំណាយសូម្បីតែ ១ សេន។
ខ្ញុំបានប្រឡងតេស្តសមត្ថភាពជំនាញហើយរកពិន្ទុបាន ៩៩ ភាគរយខ្ពស់ជាងគេក្នុងចំណោមសិស្សដទៃទៀតនៅអាមេរិកដែលសិក្សាមុខជំនាញដូចគ្នា។
ជារួម ដោយសារតែឧត្តមភាពសិក្សា និងបទពិសោធន៍ការងារ លោកត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតមួយនៅអាមេរិក Amazon ជ្រើសរើសដើម្បីគ្រប់គ្រងផ្នែកប្រតិបត្ដិដែលមានបុគ្គលិករាប់រយនាក់ ដែលទទួលបានប្រាក់ខែ រាប់ពាន់ដុល្លា។ លោកក៏បាន ផ្តល់ជាសារ ដល់ប្អូនៗ ដែលជាយុវជន ជំនាន់ក្រោយថា ក្នុងនាមជាយុវជន ត្រូវបើកចិត្តអោយទូលាយ ដើម្បីទទួលយកចំណេះដឹងថ្មីៗ ជុំវិញពិភពលោក ហើយអ្វីដែលសំខាន់ជាងនេះ គឺការកំណត់គោលដៅ រយៈពេលវែង និងរយៈពេលខ្លី និងផែនការជាក់ស្តែងផងដែរ។ មិនត្រឹមតែប៉ុននោះ ក្នុងនាមជាយុវជន មិនត្រូវឈប់ដេញតាមក្តីស្រមៃ នោះឡើយ ព្រោះគ្មានអ្វី ដែលងាយស្រួលក្នុងជីវិតនោះទេ ដូច្នេះ យើងត្រូវតែមានការតស៊ូ រួមផ្សំជាមួយគុណធម៌ជីវិត នោះគឺភាពស្មោះត្រង់ និងសុចរិតភាព លះបង់ និងខិតខំ ចំពោះគ្រប់កិច្ចការ ដែលខ្លួនបានធ្វើ។
លោកក៏បានបញ្ជាក់បន្ថែមដែរថា ក្រុមហ៊ុនលំដាប់ពិភពលោកដូចជា Amazon ចាប់អារម្មណ៍លើបេក្ខជនដែលមានទេពកោសល្យ និងការច្នៃប្រឌិតខ្ពស់សម្រាប់ការកាន់តំណែងជាអ្នកដឹកនាំ ហើយកត្តាដែលរូបលោក ត្រូវបានជ្រើសរើស អោយចូលធ្វើការនៅក្នុងក្រុមហ៊ុននេះ គឺដោយសារតែបទពិសោធន៍សិក្សា និងភាពជាអ្នកដឹកនាំរបស់លោក។
ជាថ្មីម្តងទៀត យុវជនទាំងអស់ត្រូវមានភាពក្លាហាននិងបង្ហាញចរិតលក្ខណៈជាអ្នកដឹកនាំ កុំខ្លាចក្នុងការផ្តួចផ្តើមគំនិត និងដឹកនាំមនុស្សគ្រប់រូបនៅក្នុងក្រុម ព្រោះចំណេះដឹងបច្ចេកវិទ្យា និងជំនាញទន់ (soft skills) ក៏សំខាន់ណាស់ដែរ ពីព្រោះក្នុងនាមជាអ្នកដឹកនាំ យើងត្រូវតែអាចប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពជាមួយមនុស្សគ្រប់គ្នានៅជុំវិញយើង នេះជាសំណូមពរ ពីលោក លឹម ចាន់ណារិទ្ធ ដែលជាធុរកិច្ចជោគជ័យ៕