• 2020-09-24 07:26:45
  • ព័ត៌មាន

ក្រសួងបរិស្ថានសម្ពោធជាផ្លូវការយុទ្ធនាការការពារព្រៃឡង់ តាមរយៈការទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម

  • 2020-09-24 07:26:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងបរិស្ថានបានសម្ពោធជាផ្លូវការយុទ្ធនាការការពារព្រៃឡង់ តាមរយៈការទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម ក្រោមអធិបតីភាពឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ។

លោកស្រី វីណា រេដឌី នាយិកាបេសកកម្ម ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិក (USAID)

លោកស្រី វីណា រេដឌី នាយិកាបេសកកម្ម ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិក (USAID) ប្រចាំកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេលជាងមួយទសវត្សនេះ ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិច កម្មវិធីអភិរក្សបរិស្ថាន (USAID) បានធ្វើការគាំទ្រជាច្រើននៅក្នុងប្រទេសកម្ពុជា។

នៅពេលបច្ចុប្បន្ននេះ កម្មវិធីរបស់យើង ផ្តោតលើតំបន់ជីវចម្រុះសំខាន់ៗចំនួនពីរ គឺតំបន់ព្រៃឡង់ និងតំបន់វាលទំនាបភាគខាងកើត ហើយកិច្ចខិតខំប្រឹងប្រែងរបស់យើង បានចូលរួមជាចំណែកក្នុងការ ការពារប្រភេទសត្វដែលជិតផុតពូជសំខាន់ៗ នៅក្នុងតំបន់ភូមិសាស្រ្តទាំងនោះ ។ គម្រោងនេះមានគោលបំណង លើកកម្ពស់ការការពារបរិស្ថាន ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋកម្ពុជា ដើម្បីការពារធនធានរបស់ខ្លួន ។

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន

ក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព មានប្រសាសន៍សម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់USAIDប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់ ចំពោះការប្តេជ្ញាចិត្តខ្ពស់ និងសកម្មភាពលើកកម្ពស់កិច្ចការពារព្រៃឈើ ការអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាពនៅកម្ពុជា ។

ឯកឧត្តមបន្ថែមថា កម្មវិធីនេះគឺបានឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល លើការគ្រប់គ្រងព្រៃឈើ និងជីវៈចម្រុះ របស់យើងប្រកបដោយចីរភាព ដូចដែលបានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញស្តីពីការការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ ២០១៩-២០២៣ ។

ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមទៀតថា ក្រសួងបរិស្ថានបានដាក់ចេញនូវចក្ខុវិស័យ ពីរគឺ៖ (១) ធានាឱ្យបាននូវគុណភាពនិងនិរន្តរភាពបរិស្ថាន និង (២) ការពារធនធានធម្មជាតិ ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់។ ដើម្បីសម្រេចចក្ខុវិស័យនេះ ក្រសួងបរិស្ថាន បានដាក់ចេញបេសកកម្ម រួមមាន៖ (១) ការគ្រប់គ្រងឱ្យបានល្អប្រសើរនូវកិច្ចខិតខំប្រឹងប្រែងការពារបរិស្ថាន (២) ការការពារធនធានធម្មជាតិ និង ការអភិរក្សជីវៈចម្រុះប្រកបដោយចីរភាព និង(៣) ការលើកកម្ពស់ការរស់នៅប្រកបដោយនិរន្តរភាព។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃនីតិកាលទី៦ របស់រដ្ឋសភា រាជរដ្ឋាភិបាលបានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ លើការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ លើសពីនេះ រាជរដ្ឋាភិបាល នៅតែបន្តគាំទ្រ និងបញ្ចូលការងារបរិស្ថានទៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលរួមមាន៖ ការគ្រប់គ្រងសំណល់នៅតាមតំបន់ទីប្រជុំជន ការគ្រប់គ្រងធនធានធម្មជាតិ ការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគុណភាពខ្យល់ និងការលើកកម្ពស់ជីវភាពសហគមន៍ ។

ឯកឧត្តមសៅ សុភាព បញ្ជាក់ថា យុទ្ធនាការការពារព្រៃឡង់ តាមរយៈការទំនាក់ទំនងផ្លាស់ប្តូរឥរិយាបទសង្គម គឺជាការបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីសម្រេចបាននូវការផ្លាស់ប្តូរឥរិយាបទដ៏មានអត្ថន័យ និងការលើកកម្ពស់សកម្មភាពជាវិជ្ជមានឆ្ពោះទៅរកកិច្ចការពារព្រៃឈើ និងការអភិរក្សជីវៈចម្រុះនៅកម្ពុជា ៕

ប្រភព៖ ក្រសួងបរិស្ថាន

មតិយោបល់
អត្ថបទពេញនិយម