• 2020-09-25 07:55:51
  • ព័ត៌មាន

តើ ប៉ាក់ គុនហេ ជានរណា ?

  • 2020-09-25 07:55:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ាក់ គុនហេ ជាប្រធានាធិបតីទី១១ និងជាប្រធានាធិបតីស្រ្តីដំបូងរបស់កូរ៉េខាងត្បូង។ លោកស្រីក៏ជាកូនស្រីបង្កើតរបស់អតីតប្រធានាធិបតីដ៏ល្បីល្បាញគឺលោក ប៉ាក់ គុនហ៊ី ។ ក្នុងឆ្នាំ២០១៦ ដោយសាររឿងអាស្រូវនយោបាយ លោកស្រីត្រូវបានទម្លាក់ចេញពីតំណែងដោយសភា និងត្រូវបានចាប់ឃុំឃាំងនៅឆ្នាំ២០១៧។

លោកស្រី ប៉ាក់ គុនហេ កើតនៅថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ១៩៥២ នៅដេគូ ខេត្តហ្គន់សាង ភាគខាងជើងនៃប្រទេសកូរ៉េខាងត្បូង ។លោកស្រីជាកូនស្រីបង្កើតរបស់អតីតប្រធានាធិបតី ប៉ាក់ គុនហ៊ី ដែលបានដឹកនាំប្រទេសពីឆ្នាំ១៩៦១ ដល់ឆ្នាំ១៩៧៩ ។បន្ទាប់ពីទទួលបានសញ្ញាបត្រវិស្វកម្មពីសាកលវិទ្យាល័យ សឺហ្គាង (Seaugang ) ក្នុងឆ្នាំ១៩៧៤ ម្តាយរបស់លោកស្រី ត្រូវបានគេសម្លាប់ ក្នុងពេលដែលឃាតករប៉ុនប៉ងសម្លាប់ស្វាមីរបស់គាត់ គឺ ប៉ាក់គុនហ៊ី តែបែរជាត្រូវលោកស្រីទៅវិញ ។ បន្ទាប់មកទៀត ក្នុងវ័យ២២ឆ្នាំ ប៉ាក់ គុនហេ ត្រូវបានឲ្យប្រកាស់ទទួលតំណែងជាស្រ្តីទី១ ស្តីទី របស់ប្រទេសកូរ៉េខាងត្បូង ។ ក្នុងឆ្នាំ១៩៩៨ លោកស្រី ត្រូវបានតែងតាំង ជាអនុប្រធានគណបក្សជាតិរុងរឿង ហើយ៦ឆ្នាំក្រោយមក លោកស្រីបានឈ្នះជាបេក្ខភាព ប្រធានាធិបតី តំណាងគណបក្សក្នុងការបោះឆ្នោត ។ ជាការបើកទំព័រថ្មីនៃប្រវត្តសាស្រ្តរបស់កូរ៉េខាងត្បូង គឺជាប្រវត្តិសាស្រ្តដែលស្រ្តីដំបូងបានក្លាយជាប្រធានាធិបតី បនញទាប់ពីការបោះឆ្នោតថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១២ ។ នៅខែកុម្ភះ ឆ្នាំ២០១៣ លោកស្រីប៉ាក់ គុនហេ បានក្លាយជាប្រធានាធិបតីស្រ្តីដំបូង ផ្លូវការក្នុងវ័យ៦១ឆ្នាំ ។ តាមរយះជ័យជំនះជាប្រវត្តិសាស្រ្តនេះ លោកស្រីបានលើកឡើងថា «សករាជថ្មី»នៃរដ្ឋាភិបាល ហើយលោកស្រីនិងក្លាយជា «ប្រធានាធិបតី របស់ប្រជាពលរដ្ឋ» ។ លោកស្រីនឹងប្រយុទ្ធដើម្បីឯកភាពជាតិនិងវឌ្ឍនភាពជាតិ ប៉ុន្តែជីវិតនយោបាយចុងក្រោយរបស់លោកស្រីហាក់ខ្មៅងងិតទៅវិញ ដោយត្រូវជាប់ឈ្មោះអាក្រក់ក្នុងប្រវត្តិសាស្រ្តកូរ៉េខាងត្បូង។ លោកស្រីប្រធានាធិបតី បានក្លាយជាអ្នកទោស ដោយត្រូវជាប់គុក២៤ឆ្នាំ ពីបទពុករលួយនិងរំលោភអំណាច ។

១ ជីវិតដំបូង

ជីវិតដ៏អស្ចារ្យនៃស្រ្តីដែកថែបរបស់កូរ៉េខាងត្បូង ប៉ាក់ គុនហេ គឺពោពេញដោយរឿងឈឺចាប់បំផុត ពេលនៅកុមារភាព ។ ឪពុករបស់លោកស្រី គឺលោកអតីតប្រធានាធិបតីកាន់តំណែង១៨ឆ្នាំ ប៉ាក់គុនហ៊ី ត្រូវបានគេលួចធ្វើឃាតនៅឆ្នាំ១៩៧៩ ហើយម្តាយដែលជាអតីតស្រ្តីទី១ យ៉ុក យ៉ូងស៊ូ ក៏ត្រូវបានគេសម្លាប់ ក្នុងពេលដែលគេប៉ុនប៉ងសម្លាប់ស្វាមីរបស់ខ្លួនកាលពីឆ្នាំ១៩៧៤ ។ ឪពុករបស់លោកស្រី បានចាប់ផ្តើមកាន់អំណាច នៅពេលដែលលោកស្រី មានអាយុ១១ឆ្នាំ ។ អ្នករិះគន់មួយចំនួនបានហៅ ឪពុករបស់លោកស្រីថា ជា «ជនផ្តាច់ការ» ដែលរំលោភបំពានសិទ្ធិមនុស្សនិងពន្យារពេល ចាប់ផ្តើមនៃប្រជាធិបតេយ្យនៅកូរ៉េខាងត្បូង ។ ប៉ុន្តែសម្រាប់អ្នកគាំទ្ររូបលោកវិញបានអះអាងថា លោកគឺជាបិតានៃកំណែទម្រង់សេដ្ឋកិច្ច និងជួយស្រោចស្រង់ប្រទេស បន្ទាប់ពីសង្រ្គាមឧបទ្វីបកូរ៉េ (១៩៥០ ដល់ ១៩៥៣ )។

២ ការឈានជើងចូលប្រឡូកក្នុងឆាកនយោបាយ

បន្ទាប់ពីបញ្ចប់វិទ្យាល័យ កញ្ញា ប៉ាក់ គុនហេ បានបន្តការសិក្សាថ្នាក់ ឧត្តមសិក្សានៅសាកលវិទ្យាល័យ សឺហ្គាង (Seaugang ) ជាទីដែលទទួលបានសញ្ញាបត្របរិញ្ញាបត្រវិស្វកម្ម ក្នុងឆ្នាំ ១៩៧៤ ។ ក្នុងឆ្នាំដដែល ប៉ាក់ គុនហេ មានទុក្ខយ៉ាងក្រៀមក្រំបំផុត ព្រោះម្តាយរបស់នាងត្រូវបានគេបាញ់សម្លាប់ ដោយស្នាដៃឃាតករកូរ៉េខាងត្បូង ឈ្មោះ មុន សេវ៉ាង (Mun Segwang ) ។ ជាមួយទុក្ខដ៏សោកសៅនេះ ប៉ាក់ គុនហេ ក៏ត្រូវបានតែងតាំងជាស្ត្រីទី១ស្តីទី ដែលតួនាទីនេះហាក់ដូចជាបានកំពុងសាកល្បងជាមួយនិងនិស្សិតទើបបញ្ចប់ការសិក្សា ដែលមានវ័យត្រឹម២២ឆ្នាំប៉ុណ្ណោះ ។ ប៉ុន្តែ ប៉ាក់ គុនហេ ហាក់ផ្សាំជាមួយជីវិតនយោបាយបានយ៉ាងល្អ ដោយពេលចាប់ផ្តើម បំពេញការងារ ប៉ាក់ គុនហេ ជាមនុស្សម្នាក់ដែលចេះគោរព និងឲ្យតម្លៃបណ្តាមន្រ្តីក្នុងជួររដ្ឋាភិបាល ។

ឃាតកម្មលើរូបអ្នកម្តាយមិនទាន់ទាំងបានបាត់ស្រមោងផង ៥ឆ្នាំក្រោយ ស្រមោលខ្មៅនៃសោកដនាកម្មមួយទៀតបានចូលមកដល់ ។ លោកឪពុកជាទីស្រលាញ់ របស់ខ្លួន និងប្រជាជនកូរ៉េទាំងមូល ត្រូវបានឃាតករបាញ់សម្លាប់ក្នុងអាហារពេលល្ងាច ដោយស្នាដៃមេកងការពារផ្ទាល់របស់លោក ឈ្មោះ គីមចែក្ចូ (Kim jae kyu ) នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ១៩៧៩ ។

៣ សមាជិកនៃរដ្ឋសភាជាតិ

បន្ទាប់ពីបំពេញតួនាទីជាស្ត្រីទីមួយ លោកស្រី ប៉ាក់ គុនហេ បានរីកលូតលាស់ យ់ាងខ្លាំងក្នុងពិភពនយោបាយ របស់កូរ៉េខាងត្បូង ហើយត្រូវបានតែងតាំង ជាអនុប្រធានគណបក្សជាតិរុងរឿង (Grand National Party ) ក្នុងឆ្នាំ១៩៩៨ ។ (គណបក្ស GNP ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ ដោយការរួមបញ្ចូលគ្នារវាងគណបក្ស Financially Struggling New Korea Party និងគណបក្សប្រជាធិបតេយ្យ ) ។ ក្នុងឆ្នាំ១៩៩៨ លោកស្រីក៏ជាសមាជិកសភាជាតិ ហើយបន្តរហូតដល់៥អាណត្តិជាប់គ្នា ។ ពេលនេះហើយដែលលោកស្រីមានគោលដៅច្បាស់លាស់ គឺមិនត្រឹមតែជាការរួបរួមគ្នាតែក្នុងគណបក្សនោះទេ ប៉ុន្តែត្រូវធ្វើយ៉ាងណាឲ្យមានការរួបរួមនិងពង្រឹងជាតិទាំងមូល ។ ក្នុងឆ្នាំ២០០៣ លោកស្រីគុនហេ ត្រូវបានជ្រើសតាំងជាប្រធានគណបក្ស ហើយក្នុងឆ្នាំ២០០៧ លោកស្រីត្រូវបានជ្រើសតាំងសម្រប់ការប្រកួតប្រជែងក្នុងបក្សជាមួយលោក លីម្យុងបាក់ (Lee Myung bak ) ប៉ុត្រែការបោះឆ្នោតក្នុងបក្ស លោកស្រីត្រូវបានបរាជ័យ ។

៤ ប្រធានាធិបតីស្រ្តីដំបូងរបស់កូរ៉េខាងត្បូង

សម្រាប់ការបោះឆ្នោតជាប្រវត្តិសាស្រ្តនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ លោកស្រីបានយកឈ្នះគូរប្រកួតរបស់លោកស្រី គឺ លោក មូចែអិន (Moo jae in ) វ័យ៥៩ឆ្នាំ ជាបក្ខភាពបក្សប្រឆាំងនិងជាអតីតមេធាវីការពារសិទ្ធមនុស្ស។ ក្រោយពីជ័យជម្នះនេះ លោកស្រី ប៉ាក់ គុនហេ ត្រូវបានគេប្រសិទ្ធនាមថា « ម្ចាស់ក្សត្រីនៃការបោះឆ្នោត » និងត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្រ្តកូរ៉េខាងត្បូង ជាប្រធានាធិបតីស្រ្តីដំបូង ។ ជានារីគ្មានស្វាមី ដែលជាភាសារខ្មែរ ហៅថា «នៅព្រៅ» លោកស្រីតែងនិយាយថា ខ្លួនបានរៀបការរួចហើយ គឺ«រៀបការជាមួយប្រទេសជាតិរបស់លោកស្រី » ។ ជាមួយនឹងជ័យជម្នះនេះ លោកស្រីប៉ាក់គុនហេ បាននិយាយថា «សករាជថ្មី» នៃរដ្ឋាភិបាលហើយគាត់ជា «ប្រធានាធិបតីរបស់ប្រជាពលរដ្ឋ» ។ លោកស្រី ប៉ាក់គុនហេ បានស្បថចូលកាន់តំណែង នៅថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៣ ។

៥ រឿងអាស្រូវនយោបាយ និងការទម្លាក់ពីតំណែង

ក្នុងពេលកំពុងកាន់តំណែង លោកស្រីត្រូវបានគេរិះគន់និងចោទប្រកាន់ថា បានប្រើប្រាស់អំណាច ដើម្បីបិទមាត់ក្រុមប្រឆាំង ហើយភ្លាមៗនោះ លោកស្រីបានក្លាយទៅជាប្រមុខដឹកនាំ ប្រទេសដែល អប្រជាប្រិយភាពបំផុត បន្ទាប់ពីការធ្វើការស្ទាបស្ទង់មួយ។នៅខែតុលាឆ្នាំ២០១៦ លោកស្រីបន្តរួមរឹតដោយរឿងអាស្រូវពុករលួយ ដែលធ្វើឲ្យនយោបាយរបស់លោកស្រីកាន់តែធ្លាក់ដុនដាប ។លោកស្រី ត្រូវបានគេចោទថា បានប្រើប្រាស់អំណាច រំលោភអំណាច និងស៊ីសំណូក ដែលអនុញ្ញាតឲ្យមិត្តជិតដ៏ស្និទ្ធស្នាលបំផុតរបស់គាត់ គឺលោកស្រី Choi Soon sil អាចចូលមើលព័ត៍មានរដ្ឋបាន ។ លោកស្រីត្រូវបានតុលាការចោទប្រកាន់ និងបានចាប់ខ្លួនដាក់ពន្ធនាគារ ។ លោកស្រីធ្លាប់បានថ្លែងសុំទោស ក្រោយលេចធ្លាយរឿងអាស្រូវរបស់ខ្លួនថា « បេះដូងរបស់ខ្លួនត្រូវបានខ្ទេចខ្ទី នៅពេលខ្ញុំគិតថា ខ្ញុំមិនអាចដោះស្រាយការខកចិត្តនិងកំហឹងរបស់ប្រជាជនបាន ទោះបីជាខ្ញុំត្រូវសូមទោស១០០ដងក៏ដោយ ។ នៅខែមេសា ឆ្នាំ២០១៨ តុលាការបានប្រកាសកាត់ទោសស្រ្តីប្រធានាធិបតីទី១ របស់កូរ៉េខាងត្បូងឲ្យជាប់គុក២៤ឆ្នាំ និងពិន័យជាប្រាក់១៨ពានលានវុន ស្មើនឹងជាង១៧លានដុល្លាអាម៉េរិក ។

អត្ថបទ ៖ ទេព សុវណ្ណមោលី

ប្រភព៖ សៀវភៅ ស្រ្តីដែកថែប​

មតិយោបល់
អត្ថបទពេញនិយម