• 2020-10-07 08:39:16
  • ព័ត៌មាន

អាជ្ញាធរជាតិអប្សរា គ្រោងដាំប្រភេទផ្កាព្រៃនៅតាមផ្លូវក្នុងតំបន់រមណីយដ្ឋានអង្គរ

  • 2020-10-07 08:39:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាចំណែកដើម្បីអភិរក្សពូជផ្កាព្រៃ ក៏ដូចជាការលម្អ និងទាក់ទាញភ្ញៀវទេសចរផងនោះ អាជ្ញាធរជាតិអប្សរា បាននិងកំពុងរៀបចំដាំដើមផ្កាព្រៃលម្អតាមបណ្ដោយផ្លូវនានាក្នុងតំបន់រមណីយដ្ឋានអង្គរ។ បច្ចុប្បន្ន គម្រោងនេះកំពុងរៀបចំនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត និងពង្រីកការរៀបចំនៅតំបន់ជុំវិញបន្ថែមទៀត។

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ជុំវិញការរៀបចំនេះយ៉ាងដូច្នេះថា អាជ្ញាធរជាតិអប្សរា មានផែនការគិតគូរពីការរៀបចំនេះរួចរាល់ហើយ ហើយគម្រោងនេះបានចាប់ផ្តើមមុនគេនៅតាមផ្លូវមុខប្រាសាទអង្គរវត្ត ដែលដាំប្រភេទផ្កាព្រៃមួយចំនួនមានដូចជា ផ្កាក្ងោក ចំប៉ី ត្របែកព្រៃ ផ្ការលួស និងផ្ការំដួលជាដើម។ ឯកឧត្តមអគ្គនាយកបន្ថែមថា ទៅថ្ងៃក្រោយអាជ្ញាធរជាតិអប្សរានឹងយកគំនិតនេះដើម្បីរៀបចំដាំនៅតាមបណ្ដោយផ្លូវវង់តូចវង់ធំ គឺត្រូវមានផ្កាចម្រុះពណ៌ ដើម្បីជាទស្សនីយភាពកាន់តែទាក់ទាញដល់ភ្ញៀវទេសចរពេលជិះកាត់តាមផ្លូវទាំងនោះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីពេលថ្មីៗនៅមុខប្រាសាទអង្គរវត្ត ក្នុងពិធីដាំដើមព្នៅជាមួយព្រះសង្ឃ ឯកឧត្តម ហង់ ពៅ បានបន្ថែមថា ក្រៅពីកិច្ចការការអភិរក្សពូជផ្កាព្រៃហើយ ក្នុងនោះអាជ្ញាធរជាតិអប្សរា ក៏បានគិតពីពូជផ្កាណាដែលមានក្លិនក្រអូបផងដែរ ដែលក្លិនរបស់វាជាចំណែកមួយក្នុងការទាក់ទាញ និងធ្វើឱ្យទេសចរមានអារម្មណ៍ល្អពេលដើរកាត់សួនផ្កាទាំងនោះ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

មតិយោបល់