- 2020-10-08 04:18:56
- ព័ត៌មាន
លើសពីជំរករ៉ែត្បូង ខេត្តបៃលិន មានសម្រស់ធម្មជាតិចម្រុះស្រស់ត្រកាល មួយជីវិតគួរទៅស្គាល់ឲ្យបានម្តង
- 2020-10-08 04:18:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លើសពីជំរករ៉ែត្បូង ខេត្តបៃលិន មានសម្រស់ធម្មជាតិចម្រុះស្រស់ត្រកាល មួយជីវិតគួរទៅស្គាល់ឲ្យបានម្តង
ចន្លោះមិនឃើញ
ប៉ៃលិនគឺជាខេត្តដែលប្រជាពលរដ្ឋខ្មែរ ស្គាល់ថាជាជង្រុករ៉ែត្បូងដ៏មានតម្លៃនៅកម្ពុជា។ ស្ថិតនៅផ្នែកខាងជើងនៃជួរភ្នំក្រវាញជាប់ព្រំដែនប្រទេសថៃ ខេត្តប៉ៃលិនមានចម្ងាយប្រមាណ ៣៧០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
ខេត្តប៉ៃលិន មានសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប មិនចាញ់ខេត្តផ្សេងៗទៀតរបស់កម្ពុជាឡើយ។ បរបៃលិនមានលក្ខណៈពិសេសគ្រប់គ្រាន់សម្រាប់ភ្ញៀវទេសចរស្កាត់ទៅទស្សនាកម្សាន្ត យ៉ាងហោចណាស់ឲ្យបានម្ដងដែរ ក្នុងមួយជីវិត។
នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ភ្នំដ៏ចំណាស់មួយផុះឡើងនៅចំពោះមុខភ្ញៀវទេសចរ គឺភ្នំយ៉ាត។ កសាងឡើងនៅឆ្នាំ១៩២២ ដោយជនជាតិកូឡា ភ្នំយ៉ាតមានកម្ពស់ ៦០ម៉ែត្រ គឺជាទីស្ថានសក្ការៈដ៏ស័ក្តិសិទ្ធ ដែលអ្នកស្រុកបរប៉ៃលិន និងអ្នកទៅពីចម្ងាយ និយមទៅបែរបន់សុំពរ ដោយគេជឿថាបារមីលោកយាយយ៉ាត នឹងជួយឲ្យការបន់ស្រន់របស់ពួកគេបានសម្រេចដូចសេចក្ដីប្រាថ្នា។
ក្រៅពីទស្សនាភ្នំយ៉ាត ដែលជាបេះដូងនៃខេត្តប៉ៃលិនហើយ អ្នកទេសចរអាទៅលេងរមណីយដ្ឋានទំនប់ទឹកអាងជីងចក់ ដែលជាតំបន់ទេសចរទើបបង្កើតថ្មី ស្ថិតនៅចម្ងាយ ៤គីឡូម៉ែត្រពីទីរួមខេត្តប៉ៃលិន។ ទំនប់អាងទឹកជីងចក់ មានទេសភាពត្រកាលត្រជាក់ភ្នែក ហើយនៅទីនេះភ្ញៀវទេសចរក៏អាចសម្រាកលម្អែនៅតាមតូបតូចៗតាមមាត់ទឹក និងអាចជួលទូកអុំកម្សាន្តបានទៀតផង។
មិនឆ្ងាយប៉ុន្មានពីទីនេះ ទឹកធ្លាក់ភ្នំខៀវ បានបន្លឺសំឡេងឈូឆរអន្ទងឲ្យភ្ញៀវទេសចរឲ្យទៅកម្សាន្តកុំបីខាន។ ទឹកធ្លាក់ធម្មជាតិភ្នំខៀវ មានកន្លែងលេងទឹក ៧ជាន់ ហ៊ុំព័ទ្ធដោយព្រៃឈើខៀវស្រងាត់។ សំឡេងទឹកធ្លាក់ និងក្លិនផ្កាព្រៃនៅទីនេះ ប្រៀបបានទៅនឹងថ្នាំទិព្វធម្មជាតិ ដែលអាចព្យាបាលដួងព្រលឹងរបស់អ្នកទេសចរទាំងឡាយ បាត់ឲ្យនូវភាពនឿយហត់ ជំនួសមកវិញនូវអារម្មណ៍ដ៏ស្រស់ថ្លាជាទីបំផុត។
ចង់ដឹងថាខេត្តប៉ៃលិនស្អាតបែបណានោះ សូមទស្សនាវីដេអូពីកម្មវិធី "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖
ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕