• 2020-10-09 09:20:11
  • ព័ត៌មាន

ភ្លាមៗតែម្តង! ការចុះអន្តរាគមន៍ដោះស្រាយ ជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់

  • 2020-10-09 09:20:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីភ្លាម លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រហោះទៅកាន់ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យ និងដឹកនាំកម្លាំងប្រតិបត្តិការចម្រុះដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចក្រុងយ៉ាងធ្ងន់ធ្ងរ។

លោកទេសរដ្ឋមន្ត្រី គន់ គីម អមដំណើរដោយលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត ដែលកំពុងដឹកនាំកម្លាំងពិនិត្យការជន់លិចក្នុងក្រុងពោធិ៍សាត់ បាននិយាយប្រាប់ Fresh News ថា តាមការព្យាករណ៍ទឹកក្រុងពោធិ៍សាត់អាចនឹងកន្លះម៉ែត្រថែមទៀត សម្រាប់យប់នេះ និងថ្ងៃស្អែក ដែលការជន់នេះនឹងនាំឱ្យការលិចលង់កាន់តែខ្លាំង។

លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា វេលានេះកម្លាំងចម្រុះទាំងកម្លាំងប្រដាប់អាវុធ និងស៊ីវិលនៅក្នុងខេត្ត បាននិងកំពុងស្រាក់ដៃគ្នាធ្វើប្រតិបត្តិការរៀបចំខ្សាច់ទប់ទឹកពីស្ទឹងពោធិ៍សាត់ ដើម្បីបញ្ចៀសការជន់លិចកាន់តែខ្លាំង។ បន្ថែមពីលើនោះ រូបលោកក៏បានណែនាំអាជ្ញាធរឱ្យរកទីទួលសុវត្ថិភាព ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋពេលទឹកជន់លិចខ្លាំងនៅយប់នេះផងដែរ។មិនត្រឹមតែក្រុងពោធិ៍សាត់នោះទេ នៅស្រុកវាលវែង នៃខេត្តពោធិ៍សាត់ និងបណ្តាតំបន់មួយចំនួនទៀត ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ក៏បានរងការជន់លិចផងដែរ។

លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋកម្លាំងកងទ័ពគ្រប់កងពល និងមន្ត្រីរាជការស៊ីវិលនៅតាមតំបន់រងការជន់លិច បានចេញប្រតិបត្តិការព្រមៗគ្នាជម្លៀសប្រជាពលរដ្ឋ។ បន្ថែមពីលើនោះ ប្រព័ន្ធផ្តល់ដំណឹងពីគ្រោះមហន្តរាយ ១២៩៤ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជូនដំណឹងទៅកាន់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ដើម្បីត្រៀមខ្លួនទប់ទល់ជាមួយគ្រោះទឹកជំនន់។ បើតាមលោកទេសរដ្ឋមន្ត្រី គន់ គីម មកដល់ពេលនេះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមិនទាន់អាចវាយតម្លៃពីទំហំប៉ះពាល់នៃជំនន់ទឹកភ្លៀងនេះឡើយទេ៕

ប្រភព ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

មតិយោបល់