- 2020-10-16 08:47:50
- ព័ត៌មាន
ក្តីស្រមៃរបស់កូនខ្មែរ សាងសង់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា កំពុងចេញរូបរាងបណ្តើរៗហើយ
- 2020-10-16 08:47:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្តីស្រមៃរបស់កូនខ្មែរ សាងសង់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា កំពុងចេញរូបរាងបណ្តើរៗហើយ
ចន្លោះមិនឃើញ
មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដី ១២៦ ហិកតា ស្ថិតនៅក្នុង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
គម្រោងប្លង់នេះ មានរាងសណ្ឋានជាស្លឹកពោធិ៍ ហើយនៅក្នុងបរិវេណទាំងក្រៅ និងក្នុងនឹងសាងសង់ទិដ្ឋភាពចម្រុះពាក់ព័ន្ធព្រះពុទ្ធសាសនា ។ នៅចំកណ្តាលយើងនឹងសាងសង់ព្រះមហាចុល្លាមុនីចេតិយព្រះសមណគោតម ដ៏ធំបំផុតមានទទឹង ៨០ ម៉ែត្រ និងកម្ពស់រហូតដល់ទៅ ៩២,៧០ ម៉ែត្រ សម្រាប់តម្កល់ព្រះអដ្ឋិធាតុព្រះពុទ្ធអង្គដែលបានសុំមកពី ប្រទេសឥណ្ឌា។ ព្រះមហាចេតិយនេះ មានកម្ពស់ ១១ ជាន់ដែលក្នុងនោះមានសាលសន្និសីទ សាលប្រជុំ សាលពិព័រណ៍ បណ្ណាល័យ រដ្ឋបាល និងកន្លែងជាច្រើនទៀត។មានមហាប្រាសាទចំនួន ១២ បែងចែកជាពីរជួរព័ទ្ធជុំវិញ។
ជួរ ទី១ ប្រើសម្រាប់តម្កល់គម្ពីរ ក្បួនច្បាប់សាសនា និងផ្ទាំងថ្មចារគម្ពីរព្រះត្រៃបិដកទាំង ១១០ ភាគ។ មហាប្រាសាទជាន់ ទី២ ប្រើសម្រាប់តម្កល់ព្រះពុទ្ធរូបចំនួន ៤០ ០០០ ព្រះអង្គ សង់ឡើងពីថ្មភ្នំ។ បន្ទាប់មកនឹងមានគូទឹកព័ទ្ធជុំវិញសម្រាប់ធ្វើពិធីសាសនាធំៗ ហើយបានកសាងផ្ទាំងសិលាចារគម្ពីរព្រះត្រៃបិដកចំនួន ១ ០០០ ផ្ទាំងហើយ។
ក្រៅពីនោះ «មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា» មានសាងសង់កន្លែងទាក់ទិននឹងប្រវត្តិរបស់ព្រះពុទ្ធអង្គកប់នៅក្នុងព្រៃ ដើម្បីឲ្យមហាជនបានស្វែងយល់បន្ថែម មានសាងសង់ព្រះពុទ្ធអង្គដ៏ធំចំនួន ៤ ទិស មានសាងសង់វត្តអារាម កន្លែងសំណាក់ធម៌របស់លោកតាលោកយាយ កន្លែងដាំផ្កាសម្រាប់ជាតង្វាយព្រះ និងក្បួនប្រាសាទជាច្រើនទៀត។
តាមការសិក្សា គម្រោងនេះ អាចនឹងចំណាយថវិកាប្រមាណជាង ១០ លានដុល្លារអាមេរិក ហើយត្រូវប្រើពេលកសាងប្រហែលពី ៥ ទៅ ៧ ឆ្នាំ ទើបរួចរាល់»។
ការកសាងសំណង់ដ៏ធំស្កឹមស្កៃនេះ ត្រូវបានឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បញ្ជាក់ថា ធ្វើឡើងក្នុងគោលបំណងដើម្បីលើកតម្កើងព្រះពុទ្ធសាសនា ទ្រទ្រង់ពុទ្ធវចនៈឲ្យគង់នៅ។ ទី២ គឺដើម្បីបុណ្យកុសលមនុស្សទូទៅ និងខ្លួនឯង និង ទី៣ គឺដើម្បីទុកជាទ្រព្យសម្បត្តិរបស់ប្រទេសជាតិ។