• 2020-10-21 06:38:29
  • ព័ត៌មាន

៦ចំណុចនេះ អានហើយ អ្នកបន្ទោបង់ផ្ដេសផ្ដាស នឹងផ្លាស់ប្ដូរទម្លាប់

  • 2020-10-21 06:38:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើអ្នកដឹងទេថា ការបន្ទោបង់មិនត្រឹមត្រូវនឹងប៉ះពាល់អ្វីខ្លះ? ការបន្ទោបង់មិនត្រឹមត្រូវ ឬការបន្ទោបង់ពាសវាលពាសកាល នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់បញ្ហាសុខភាព បរិស្ថាន និងសេដ្ឋកិច្ច។ ឥទ្ធិពលដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពនោះ ព្រោះតែ លាមកជាប្រភពមេរោគ ដែលនៅក្នុងលាមកមនុស្សម្នាក់ៗបន្ទោបង់ មានទម្ងន់ប្រហែល៣ខាំ ក្នុងនោះលាមក ១ក្រាមផ្ទុក ទៅដោយវីរុសចំនួន ១០លាន, ប៉ារ៉ាសិតចំនួន១ពាន់, បាក់តេរីចំនួន ១លាន និង ព្រូន១០០។

រូបភាព៖ មន្ទីរសាធារណការ និង​ដឹក​ជញ្ជូន​រាជធានីភ្នំពេញ​)

ផ្អែកតាមការសិក្សាឯកសារចេញផ្សាយរួមមួយដែលមាន ៥អង្គភាព គឺក្រសួងអភិវឌ្ឈន៍ជនបទ, Wash Journalis Network, ក្លិបអ្នកកាសែតកម្ពុជា Australian Aid និង WaterAid បានឲ្យដឹងថា ប្រសិនបើការបន្ទោបង់ក្រៅបង្គន់ គឺអាចបង្កលក្ខណៈងាយស្រួលឲ្យមេរោគរស់នឹងកើតឡើងកាន់តែច្រើននៅក្នុងបរិស្ថាន ដែលជាប្រភព នៃការបង្កជំងឺឆ្លងគ្រប់ប្រភេទដ៏មានគ្រោះថ្នាក់បំផុតសម្រាប់មនុស្ស។

រូបភាព៖ មន្ទីរសាធារណការ និង​ដឹក​ជញ្ជូន​រាជធានីភ្នំពេញ​)

ផលប៉ះពាល់ពីការបន្ទោបង់ក្រៅបង្គន់ អាចធ្វើឲ្យប៉ះពាល់រហូតដល់៦ចំណុច ដូចការរៀបរាប់ខាងក្រោមនេះ៖

១. ជំងឺរាក ៖ តាមការប៉ានស្មានរបស់អង្គការសុខភាពពិភពលោកនៅក្នុងឆ្នាំ ២០១០ ក្នុងពិភពលោកជំងឺរាក បានសម្លាប់មនុស្សប្រមាណ២,២ លាននាក់ក្នុងមួយឆ្នាំ ដោយក្នុងនោះភាគច្រើនជាកុមារនៅកម្ពុជា ២០ភាគរយ ។ នៃមូលហេតុស្លាប់របស់កុមារអាយុក្រោម ៥ឆ្នាំគឺបណ្តាលមកពីជំងឺរាក។ ចំនួន ៨៨% នៃជំងឺរាក គឺបណ្តាលមកពី កង្វះអនាម័យបរិស្ថាន និងការប្រតិបត្តិអនាម័យផ្ទាល់ខ្លួនមិនបានល្អ រួមនឹងការហូបទឹកមិនមានសុវត្ថិភាព។ តួលេខនេះ ផ្អែកតាមរបាយការណ៍របស់ UNCEF ២០១២។

២. ជំងឺដង្កូវព្រូន ៖ ក្រៅពីជំងឺរាក ការបន្ទោបង់ពាសវាលពាសកាលនិងកង្វះអនាម័យផ្នែកចំណីអាហារ បាន បង្កឲ្យមានជំងឺដង្កូវព្រូនជាច្រើនប្រភេទដល់មនុស្សគ្រប់វ័យ ជាពិសេសកុមារ រួមមានដូចជាព្រូនសំប៉ែត ព្រូនចង្កឹះ អៀន និងព្រូនទំពក់។

៣. ជំងឺសើស្បែក និងជំងឺផ្លូវដង្ហើម ៖ កង្វះអនាម័យខ្លួនប្រាណ ការពុំលាងសម្អាតដៃជាមួយសាប៊ូ ក៏ជាមូល ហេតុសំខាន់អាចបង្កឱ្យមានជំងឺសើស្បែក ជំងឺផ្លូវដង្ហើម ដូចជាជំងឺឆ្លងផ្សេងៗដល់មនុស្សគ្រប់វ័យផងដែរ។

៤. ជំងឺក្រិន ៖ មានភស្តុតាងកាន់តែច្រើនដែលផ្សារភ្ជាប់ការបន្ទោបង់ពាសវាលពាសកាលទៅនឹងសុខភាពមិនល្អរបស់ កុមារ តាមរយៈយន្តការយ៉ាងហោចណាស់ពីរ។ យន្តការទី១ ដែលគេស្គាល់ច្រើនជាងគេគឺជំងឺរាគ ដែលបណ្តាលមកពីមេរោគ ក្នុងលាមកបានឆ្លងចូលទៅក្នុងខ្លួនកុមារតាមរយៈការបរិភោគនិងផឹកទឹកមិនស្អាត។ ទី២ ដែលគេទើបតែនឹងសិក្សាឃើញនា ពេលថ្មីៗនេះ គឺភាពមិនប្រក្រតីនៃពោះវៀនដែលបណ្តាលមកពីការប៉ះពាល់នឹងលាមកជាប្រចាំ និងចម្លងចូលទៅក្នុងខ្លួន មនុស្សតាមផ្លូវចម្លងមេរោគផ្សេងៗ។ ស្ថានភាពនេះ ហៅថា រោគពោះវៀនបរិស្ថាន (Environmental Enteropathy) ដែល រារាំងការស្រូបយកចំណីអាហារចិញ្ចឹមរាងកាយ សូម្បីតែកុមារមិនមានជំងឺរាក ឬអាការៈឈឺក៏ដោយ។ តួលេខនេះផ្អែកតាមរបាយការណ៍របស់ WSP ២០១៣ ការបង្កើនអនាម័យជនបទ។

៥. ផលប៉ះពាល់ផ្នែកបរិស្ថាន៖ ក្នុង១ថ្ងៃៗ លាមកប្រមាណជាង ២៣៤ តោននិងទឹកនោមប្រមាណ ២៣០០ ម៉ែត្រគូបបានហូរចូលទៅក្នុងប្រភព ទឹកស្អាតសម្រាប់ប្រើប្រាស់។ ត្រីជាច្រើនអាចត្រូវពុលស្លាប់ដោយសារទឹកមិនស្អាតដែលមានលាមកបានហូរចូល។

៦. ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច សរុបខាតបង់ប្រមាណ ៤៤៨លានដុល្លារក្នុងមួយឆ្នាំ ៖

  • ខាតបង់លើសុខភាព ខាតបង់លើការបំពុល =១៨៧លានដុល្លារ
  • ខាតបង់លើការបំពុលប្រភពទឹក = ១៥០លានដុល្លារ
  • ខាតបង់ទៅលើពេលវេលាដើរទៅកណ្ដាលវាល ឬព្រៃ =៣៨លានដុល្លារ
  • ខាតបង់ទៅលើផ្នែកទេសចរណ៍ចំនួន =៧៣លានដុល្លារ មានន័យថាក្នុងម្នាក់ៗបាត់បង់ប្រាក់អស់ ៣២ដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ។ តួលេខនេះ ផ្អែកតាមរបាយការណ៍ WSP ឆ្នាំ២០០៨ ផលប៉ះពាល់ភ្នែកជាកិច្ច នៃអនាម័យកម្ពុជា៕

អត្ថបទ ៖ Bin Bunna

មតិយោបល់