- 2020-10-26 04:51:28
- ព័ត៌មាន
ស្ទើរមិនជឿ! រូបចម្លាក់លើផ្ទាំងថ្មអាយុ ៩០០ឆ្នាំ នៅស្អាតដូចថ្មី សម្ងំលាក់ខ្លួនកណ្តាលព្រៃ ក្នុងខេត្តសៀមរាប
- 2020-10-26 04:51:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ទើរមិនជឿ! រូបចម្លាក់លើផ្ទាំងថ្មអាយុ ៩០០ឆ្នាំ នៅស្អាតដូចថ្មី សម្ងំលាក់ខ្លួនកណ្តាលព្រៃ ក្នុងខេត្តសៀមរាប
ចន្លោះមិនឃើញ
ពើងគំនូរ គឺជារមណីយដ្ឋានប្រវត្តិសាស្រ្ដមួយ ដែលស្ថិតនៅប៉ែកខាងកើតនៃឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន ដែលនៅមិនឆ្ងាយប៉ុន្មានពីទីរួមស្រុកស្វាយលើ ខេត្តសៀមរាប។ ដើម្បីទៅទស្សនារមណីយដ្ឋាននេះ គេធ្វើដំណើរចេញពីប្រាសាទបេងមាលា ទៅទិសខាងជើង តាមផ្លូវជាតិលេខ ៦៤ ក្នុងចម្ងាយជាង ១៤គីឡូម៉ែត្រ។ បន្ទាប់មកគេត្រូវដើរតាមព្រៃឫស្សីប្រមាណ ១គីឡូម៉ែត្រទៀត ទើបទៅដល់ទីស្ថានដែលមានផ្ទាំងថ្មធំៗ ស្ថិតតាមចម្រាក់ភ្នំ ឈរចាំស្វាគមន៍ភ្ញៀវទេសចរ។
ទីដែលហៅថាពើងគំនូរនេះ មានចម្លាក់ជាប់ហ្នឹងផ្ទាំងថ្មភ្នំដែលបង្ហាញរឿងរ៉ាវជាច្រើន។ ចំណុចដែលភ្ញៀវទេសចរចាប់អារម្មណ៍ជាងគេ គឺចម្លាក់ថ្មពីរផ្ទាំងធំនៅទល់មុខគ្នា មួយមានរូបព្រះវិស្ណុកំពុងផ្ទុំលើនាគអនន្ន រូបព្រះព្រហ្មគង់លើផ្កាឈូកចេញពីផ្ចិតរបស់ព្រះវិស្ណុ និងមានរូបព្រះនាងព្រះនាងលក្ស្មី នៅចុងជើង។ រូបមួយផ្ទាំងទៀត មានចម្លាក់ព្រះគណេស ភ្នែក៣ ដៃ៨ កាន់រន្ទះ ភ្លុក ផ្កាឈូក និងដំបង។
ភ្ញៀវទេសចរដែលបានមកដល់ទីនេះ ពិតជាទទួលបានអារម្មណ៍ប្លែកជាងការដើរទស្សនាចម្លាក់តាមជញ្ជាំងប្រាសាទនានា ព្រោះនេះគឺជាចម្លាក់ដែលផុសនៅលើផ្ទាំងថ្មកណ្ដាលព្រៃជ្រៅដ៏ស្ងប់ស្ងាត់។ ហើយអ្វីដែលអស្ចារ្យជាងនេះទៀត គឺផ្ទាំងចម្លាក់ទាំងនេះ ស្ថិតក្នុងភាពល្អប្រណីត ដែលស្ទើរតែមិនគួរឲ្យជឿថាមានអាយុកាលជាង ៩០០ឆ្នាំ។
ចង់ដឹងថាពើងគំនូរ មានអ្វីអស្ចារ្យទៀត សូមទស្សនាវីដេអូពី "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖
ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕