• 2020-11-10 08:55:43
  • ព័ត៌មាន

វិស័យឯកជនថៃជិត២០០ស្ថាប័ន រួមគ្នាអនុវត្តសេដ្ឋកិច្ចវិលជុំ ដើម្បីដោះស្រាយបញ្ហាបរិស្ថានសាកល

  • 2020-11-10 08:55:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិស័យឯកជននៅប្រទេសថៃបានអំពាវនាវឲ្យមានការពន្លឿនការអនុវត្តគោលការណ៍សេដ្ឋកិច្ចវិលជុំ (circular economy) ដើម្បីជំរុញជីវភាពប្រសើរឡើងរបស់ប្រជាជន និងដោះស្រាយបញ្ហាធំៗ ដូចជា គ្រោះរាំងស្ងួត ភាពក្រីក្រ ធូលីបំពុលខ្យល់ PM 2.5 និងបញ្ហាសំណល់។ ការអំពាវនាវនេះធ្វើឡើងនៅឯសន្និសីទ SD ឆ្នាំ២០២០ ស្ដីពី “សេដ្ឋកិច្ចវិលជុំ ៖ សកម្មភាពដើម្បីអនាគតប្រកបដោយចីរភាព” ដែលឆ្នាំនេះធ្វើតាមប្រព័ន្ធអនឡាញ។

នៅក្នុងសន្និសីទនេះ ក្រុមហ៊ុន SCG និងដៃគូទាំង ១៨០ បានប្រកាសអំពីវឌ្ឍនភាព នៃការអនុវត្តសេដ្ឋកិច្ច វិលជុំនាឆ្នាំកន្លងមក និងសម្រាប់ឆ្នាំ២០២០នេះ ក្រុមហ៊ុននិងដៃគូបានដាក់ចេញនូវដំណោះស្រាយ ៤ចំណុច ដែលចាំបាច់ត្រូវធ្វើការជាបន្ទាន់ រួមមាន ៖

  • ១. ដោះស្រាយគ្រោះរាំងស្ងួត ដោយប្រើប្រព័ន្ធទឹកវិលជុំ

  • ២. កាត់បន្ថយធូលីបំពុលខ្យល់ PM 2.5 ដោយអនុវត្តកសិកម្ម ដែលគ្មានការដុត១០០% ព្រមទាំងការផ្ដល់លទ្ធភាពប្រើប្រាស់គ្រឿងម៉ាស៊ីនកសិកម្មដល់កសិករ ដើម្បីបង្កើតចំណូលប្រកបដោយនិរន្តរភាព

  • ៣. ស្នើឲ្យដាក់បញ្ចូលការគ្រប់គ្រងសំណល់ផ្លាស្ទិកទៅក្នុងរបៀបវារៈជាតិ

  • ៤. ស្វែងរកការយកចិត្តទុកដាក់ពីរដ្ឋាភិបាលដើម្បីគាំទ្រដល់សំណង់បៃតង និងបរិស្ថានមេត្រី ។

លោក Roongrote Rangsiyopash ប្រធាននិងអគ្គនាយក SCG បានថ្លែងថា សន្និសីទ SD នេះ ធ្វើឡើងក្នុងបំណងបំផុសគំនិតដើម្បីដោះស្រាយភាពប្រឈមចំពោះជាតិ និងប្រជាជន ដែលកំពុងកើតមាន ដូចជា របៀបកាត់បន្ថយផលប៉ះពាល់ពីបញ្ហាអាកាសធាតុ ធូលីបំពុលខ្យល់ PM 2.5 គ្រោះរាំងស្ងួត ទឹកជំនន់ កង្វះធនធានធម្មជាតិ ការកើនឡើងនូវសំណល់ផ្លាស្ទិកក្នុងអំឡុងវិបត្តិកូវីដ-១៩ ។

លោក Roongrote បាននិយាយថា “ភាពជាដៃគូពហុវិស័យនេះ បានពង្រីកខ្លួនកាន់តែធំ ពោលគឺតាំងពីមានដៃគូត្រឹម ៤៥ក្រុមហ៊ុន-ស្ថាប័ន កាលពីឆ្នាំទៅមិញ រហូតមានដៃគូដល់ទៅ ១៨០ក្រុមហ៊ុន-ស្ថាប័ន នៅឆ្នាំនេះ ដោយប្រមូលស្ថាប័ននានាមករួមគ្នា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ និងដាក់បញ្ចូលទៅក្នុងកិច្ចសហប្រតិបត្តិការ នូវកត្តាមូលដ្ឋានសំខាន់ៗចំនួន ៤ ដើម្បីធ្វើឲ្យជីវភាពរស់នៅកាន់តែប្រសើរឡើង ជាមួយនឹងគោលការណ៍សេដ្ឋកិច្ចវិលជុំ។”

១. កសាងប្រព័ន្ធទឹកវិលជុំ ៖ ជាការត្រៀមលក្ខណៈដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅឆ្នាំខាងមុខ កិច្ចសហប្រតិបត្តិការនេះ មានគោលដៅជំរុញកសិករឲ្យមានភាពស៊ាំក្នុងការរៀនសូត្រអំពីវិធីសាស្ត្រកែសម្រួលដី រួមជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា ។ លើសពីនេះទៀត ដើម្បីអប់រំកសិករនិងកសិករថ្មីដែលវិលត្រឡប់ទៅស្រុកកំណើតវិញដោយសារផលប៉ះពាល់សេដ្ឋកិច្ចពីកូវីដ-១៩ និងពង្រីកគំនិតទាំងនេះទៅទូទាំងប្រទេស យើងបានស្នើសុំឲ្យរដ្ឋាភិបាលចូលរួមនៅក្នុងគម្រោងនេះ ។ គោលបំណងនៃគម្រោងនេះ គឺដើម្បីកាត់បន្ថយវិសមភាពសង្គម ស្ដារសេដ្ឋកិច្ចសហគមន៍ និងបង្កើនផលដំណាំកសិកម្មរបស់ប្រទេស ដើម្បីឲ្យប្រទេសថៃក្លាយជាផ្ទះបាយរបស់ពិភពលោក ។

២. ជំរុញកសិកម្មដែលគ្មានការដុតភ្លើង ១០០% នៅក្នុងឆ្នាំ២០២២ ដោយអនុវត្តគោលការណ៍សេដ្ឋកិច្ចវិលជុំ ដោយច្នៃប្រើប្រាស់ឡើងវិញនូវសម្ភារសំណល់ ដូចជា គល់កញ្ជ្រាំង ស្លឹកអំពៅ ចំបើង ដោយបំប្លែងវាទៅជាថាមពលជំនួស ជីវម៉ាស ចំណីសត្វ ជាដើម ហើយការវេចខ្ចប់ដោយប្រើរុក្ខជាតិ នឹងកាត់បន្ថយធូលី PM 2.5 និងបង្កើតចំណូលបាន ២៥,០០០លានបាត ក្នុងមួយឆ្នាំ ។ បន្ថែមលើនេះ គឺការណែនាំអំពីគោលគំនិត សេដ្ឋកិច្ចចែករំលែក (sharing economy) នៅក្នុងការបង្កើតមូលនិធិគ្រឿងចក្រសហគមន៍ ដែលអនុញ្ញាតឲ្យកសិករប្រើប្រាស់គ្រឿងចក្រកសិកម្មសម្រាប់ការកែលម្អការដាំដុះ និងការប្រមូលផល ព្រមទាំងបង្កើនទិន្នផលរបស់ពួកគាត់ ដោយមិនចាំបាច់វិនិយោគទៅលើគ្រឿងចក្រដោយខ្លួនឯងឡើយ ។

៣. ជំរុញឲ្យរដ្ឋាភិបាលដាក់ការគ្រប់គ្រងសំណល់ផ្លាស្ទិកជារបៀបវារៈជាតិ ។ ប្រទេសថៃត្រូវតែអនុវត្តច្បាប់គ្រប់គ្រងសំណល់ឲ្យបានហ្មត់ចត់ ។ រដ្ឋាភិបាលក៏ត្រូវបានជំរុញផងដែរ ឲ្យជួយសម្របសម្រួលនិងដាក់ចេញនូវបទប្បញ្ញត្តិនានា ដើម្បីអាចធ្វើការរួមគ្នានៅលើបញ្ហានេះបាន ។ ផែនទីបង្ហាញផ្លូវសម្រាប់ការគ្រប់គ្រងសំណល់ផ្លាស្ទិក ត្រូវការចាំបាច់នូវក្របខ័ណ្ឌរឹងមាំ និងដំណើរការការងារច្បាស់លាស់ ។ ស្ថាប័ននិយ័តកម្ម ត្រូវដឹកនាំភាពម្ចាស់ការនៅក្នុងការដោះស្រាយបញ្ហានេះ នៅក្នុងខ្សែចង្វាក់តម្លៃទាំងអស់ ដោយរាប់ចាប់តាំងពីការកែសម្រួលរចនាសម្ព័ន្ធពន្ធ និងការផ្ដល់បុព្វសិទ្ធិពន្ធដល់ធុរកិច្ចគ្រប់គ្រងនិងកែច្នៃសំណល់ ។

៤. ជំរុញសេដ្ឋកិច្ចវិលជុំនៅក្នុងវិស័យសំណង់ ។ នៅក្នុងការប្រែក្លាយវិស័យសំណង់ឲ្យទៅជាវិស័យបៃតងនិងបរិស្ថានមេត្រី រដ្ឋាភិបាលចាំបាច់ត្រូវតែដើរតួនាទីដឹកនាំ ។ រដ្ឋាភិបាលត្រូវដាក់ចេញនូវគោលការណ៍ណែនាំ លទ្ធកម្មថ្មីសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ។ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីគ្រប់គ្រងធនធានឲ្យមានប្រសិទ្ធផលអតិបរមា និងកាត់បន្ថយសំណល់គ្រឿងសំណង់ ក៏ចាំបាច់ត្រូវដាក់បញ្ចូលនៅក្នុងគោលការណ៍ណែនាំនេះផងដែរ ឬម្យ៉ាងទៀត ត្រូវផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដល់អ្នកម៉ៅការគម្រោងសាងសង់ ដើម្បីលើកទឹកចិត្តពួកគេឲ្យងាកទៅប្រើប្រាស់វត្ថុធាតុដើមបរិស្ថានមេត្រី ឬច្នៃប្រើប្រាស់វត្ថុធាតុដើមឡើងវិញ នៅក្នុងការសាងសង់ ។

SCG បានសន្យាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងឈានទៅដល់ការកាត់បន្ថយឲ្យដល់កម្រិតសូន្យ នៅក្នុងឆ្នាំ២០៥០ ដោយចូលរួមក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីរឹតត្បិតកំណើតសីតុណ្ហភាពឲ្យនៅត្រឹមតិចជាង ១,៥អង្សាសេ ។ ជាងនេះទៅទៀត ក្រុមហ៊ុន SCG ក៏បានដាក់បញ្ចូលលនូវគោលការណ៍សេដ្ឋកិច្ចវិលជុំទៅក្នុងប្រតិបត្តិការធុរកិច្ចរបស់ខ្លួន ផងដែរ ។ ដើម្បីសម្រេចគោលដៅនិរន្តរភាព SCG បានអនុវត្តនូវយុទ្ធសាស្ត្រដូចខាងក្រោម ៖

  • ធុរកិច្ចវេចខ្ចប់ អនុវត្តគោលការណ៍សេដ្ឋកិច្ចវិលជុំនៅក្នុងទិដ្ឋភាពនានានៃប្រតិបត្តិការរបស់ខ្លួន ។ ក្នុងន័យជាដំណោះស្រាយផ្នែករចនាផលិតផល យើងផ្ដោតសំខាន់ទៅលើការធ្វើរចនាបថផលិតផលដែលប្រើប្រាស់ធនធានតិចជាងមុន និងប្រើប្រាស់ធនធានដែលអាចប្រើឡើងវិញ ឬកែច្នៃប្រើបានឡើងវិញ ។ ចំពោះការគ្រប់គ្រងខ្សែងចង្វាក់តម្លៃ យើងបានអនុវត្តកម្មវិធីទទួលយកផលិតផលមកវិញ ដើម្បីធានានូវការគ្រប់គ្រងធនធាននិងសំណល់ឲ្យមានប្រសិទ្ធផល ព្រមទាំងបង្កើនអត្រានៃការកែច្នៃប្រើឡើងវិញ នៅក្នុងដំណើរការផលិតកម្ម ។

  • ធុរកិច្ចគីមី បានប្រើប្រាស់នូវបច្ចេកវិទ្យាដើម្បីដាក់បញ្ចូលនិងអនុវត្តគោលការណ៍សេដ្ឋកិច្ចវិលជុំ នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ទាំងមូល ដោយរាប់ចាប់តាំងពីការអភិវឌ្ឍផលិតផល (បង្កើនសមត្ថភាពកែច្នៃប្រើឡើងវិញ ដូចជា ផលិតផលដែលប្រើវត្ថុធាតុដើមតែមួយប្រភេទ (mono-materials)) និងការអភិវឌ្ឍបច្ចេកវិទ្យាកែច្នៃប្រើប្រាស់ផ្លាស្ទិក (ដោយបង្កើនអត្រានៃការប្រើប្រាស់សំណល់ជាវត្ថុធាតុដើម) រហូតដល់ការបង្កើតកម្មវិធីឌីជីថលដើម្បី ជាឧបករណ៍សម្រាប់ញែកនិងប្រមូលសំណល់ (ដោយបង្កើតនូវសហគមន៍គ្មានសំណល់ និងគាំទ្រដល់ប្រតិបត្តិការធនាគារសំណល់) ។

  • ធុរកិច្ចស៊ីម៉ងត៍-គ្រឿងសំណង់ ផ្ដោតសំខាន់លើបច្ចេកវិទ្យាដែលមាននវានុវត្តន៍សម្រាប់ការអភិវឌ្ឍផលិតផលនិងសេវាកម្ម ដើម្បីបំពេញទៅតាមសេចក្ដីត្រូវការរបស់អតិថិជន និងតម្រូវការបរិស្ថាន នៅក្រោមស្លាកយីហោ ”ជម្រើសបៃតងរបស់ SCG” ។ ស្លាកយីហោនេះផ្ដល់នូវផលិតផលដែលផលិតចេញពីវត្ថុធាតុដើមច្នៃប្រើប្រាស់ឡើងវិញ ជាផលិតផលសម្រេចដែលកាត់បន្ថយសំណល់នៅក្នុងដំណើរការដំឡើង និងផលិតផលនិងសេវាកម្មដែលជួយកាត់បន្ថយការប្រើប្រាស់ថាមពល ឬដែលប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជា ថាមពលពន្លឺព្រះអាទិត្យ ។

កិច្ចប្រឹងប្រែងទាំងនេះនាំឆ្ពោះទៅរក ”ការរស់នៅបៃតង និងសង្គមបៃតង” ដែលរួមបញ្ចូលការប្រើប្រាស់វត្ថុធាតុដើមសំណល់ឡើងវិញ ក្រោមយុទ្ធនាការ”ប្រែក្លាយសំណល់ទៅជាទ្រព្យ” ដើម្បីផ្ដល់ផលប្រយោជន៍ដល់សង្គមជាតិ ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់