• 2020-11-14 03:01:41
  • ព័ត៌មាន

សំណុំរឿងលោកស្រី ទ្រី សុផានិត ត្រូវបានលើកពេលហើយ ប្រគល់ឱ្យក្រុមគ្រួសារព្យាបាលឱ្យជាសិន

  • 2020-11-14 03:01:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណីសំណុំរឿងកំពុងក្ដៅគគុករបស់ លោកស្រី ទ្រី សុផានិត ត្រូវបានសាលាដំបូងសម្រេចប្រគល់ឱ្យក្រុមគ្រួសារព្យាបាលជំងឺឱ្យជាសះស្បើយសិន មុននឹងបន្តនីតីវិធីបន្តទៀត ។

ការប្រគល់ឱ្យក្រុមគ្រួសារយកលោកស្រី ទ្រី សុផានិត កាលពីល្ងាចថ្ងៃទី ១៣ វិច្ឆិកា ២០២០ ដើម្បីឱ្យគ្រួសារយកទៅពិនិត្យ និងព្យាបាលជំងឺវិញនេះ បន្ទាប់ពីមានមានការយល់ព្រមពីលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោក ហម ម៉េងសែ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ។

គួរឱ្យដឹងថាបន្ទាប់ពីមានការឃាត់ខ្លួនលោកស្រី ទ្រី សុផានិត នៅត្រង់ចំណុចផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ និងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃដដែលនោះស្រាប់តែលោកស្រីបានដួលសន្លប់ភ្លាមៗនៅមុខច្រកទ្វារចូលបានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ។ ក្រោយមកដោយសារស្ថានភាពលោកស្រី ទ្រី សុផានិត មើលទៅហាក់ធ្ងន់ធ្ងរពេកក៏បានសម្រេចបញ្ជូនទៅមន្ទីរពេទ្យតាមរថយន្តសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ ។ យ៉ាងណាក្ដីរហូតមកដល់ពេលនេះនៅមិនទាន់មានការបញ្ជាក់ទេថា លោកស្រី ទ្រី សុផានិត មានបញ្ហាសុខភាពអ្វីឱ្យពិតប្រាកដនោះ ។

សូមបញ្ជាក់ថាលោកស្រី ទ្រី សុផានិត ត្រូវបានឃាត់ខ្លួនពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០» ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់