• 2020-11-16 02:44:22
  • ព័ត៌មាន

រំភើបចិត្ត! ស្ពានប្រវែង១ពាន់ម៉ែត្រ នឹងមានវត្តមាន ក្នុងខេត្តកំពង់ចាម ឆាប់ៗនេះ

  • 2020-11-16 02:44:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ ក្រូចឆ្មារ» ជាស្ពានទី៨ ដែលជាជំនួយរបស់ដ្ឋាភិបាលចិន នឹងលេចចេញរូបរាងឆាប់ៗ នៅក្នុងខេត្តកំពង់ចាម។

ស្ពានប្រវែង ១ពាន់ម៉ែត្រ តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដី នៃខេត្តត្បូងឃ្មុំ ដោយឆ្លងកាត់ទន្លេមេគង្គ ត្រូវបានគ្រោងចំណាយថវិកាសាងសង់ជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

ចំពោះស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មារនេះ គឺជាស្ពានទី៨ហើយ ដែលកន្លងមក មិត្តចិនបាន ជួយសាងសង់ស្ពាននៅកម្ពុជាចំនួន៧រួចហើយ ដូចជា ស្ពានកោះធំនៅខេត្តកណ្តាល, ស្ពានជ្រោយចង្វា២,ស្ពានសេកុង ខេត្តស្ទឹងត្រែង, ស្ពានព្រែកក្តាម ,ស្ពានព្រែកតាមាក់ ,ស្ពានមេគង្គ-ស្ទឹងត្រែង និងស្ពានព្រែកសំរោង ក្រុងតាខ្មៅ។ នេះបើតាមប្រសាសន៌ របស់សម្តេចតេជោ ហ៊ុនសែន នៅក្នុងឱកាសនៃអញ្ជើញបើកការដ្ឋានសាងសង់ កាលពីឆ្នាំ២០១៨។

រដ្ឋបាលសាលាខេត្តកំពង់ចាមបានឱ្យដឹងថា នាថ្ងៃទី៧ ខែ ធ្នូ ២០២០ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយនេះ ។ គម្រោងនៃពិធីតភ្ជាប់ស្ពាននេះត្រូវបាន ប្រកាសឲ្យដឹង ក្នុងពេលដែល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត អញ្ជើញចុះពិនិត្យទីតាំងរៀបចំពិធីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារនេះ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងទៀតថា ពិធីតភ្ជាប់«ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» គ្រោងនឹងប្រព្រឹត្តទៅ នៅទីតាំងភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបានគេដឹងថា នឹងបង្កលក្ខណៈប្រសើរបន្ថែមទៀតក្នុងការជំរុញការអភិវឌ្ឍន៏ និងកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តកំពង់ចាម និងជួយសម្រួលដល់ការធ្វើដំណើរ និង ការដឹកជញ្ជូនកសិផល ឬទំនិញផ្សេងៗ ពេលដាក់ឲ្យដំណើរការជាផ្លូវការនោះ៕

ប្រភព ៖ ក្រសួងព័ត៌មាន

មតិយោបល់
អត្ថបទពេញនិយម