• 2020-11-20 04:30:30
  • ព័ត៌មាន

តោះចូលរួម​ទាំង​អស់គ្នា! យុទ្ធនាការប្រមូលយកសំរាមប្លាស្ទិករដូវទឹកសម្រកបឹងទន្លេសាប

  • 2020-11-20 04:30:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុទ្ធនាការប្រមូលយកសំរាមប្លាស្ទិករដូវទឹកសម្រកបឹងទន្លេសាបឆ្នាំនេះ មានប្រជាសហគមន៍ចូលរួមសរុបជិត ៥,០០០នាក់ នៅតាមសហគមន៍ចំនួនប្រាំ ដែលនៅជាប់មាត់បឹងទន្លេសាប និងដងស្ទឹងសៀមរាបផ្នែកខាងក្រោម ដែលក្នុងនោះប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថានរួមគ្នាសរុបចំនួន ២,៤៥០នាក់ និងសម្អាតតាមមុខផ្ទះរៀងៗខ្លួនចំនួនប្រមាណ ២,៥០០គ្រួសារផ្សេងទៀត។

អង្គការមូលនិធិទំពាំងស្នងឫស្សី (NGO2 BambooShoot Foundation) ជាមួយដៃគូម្ចាស់ជំនួយអង្គការអន្តរជាតិសម្ព័ន្ធភាពស្តារមហាសមុទ្រ (Ocean Recovery Alliance) នឹងរៀបចំកម្មវិធីប្រារព្ធទិវាអនាម័យបរិស្ថានជាតិ២២វិច្ឆិកា នារដូវទឹកសម្រកបឹងទន្លេសាបប្រចាំឆ្នាំ ដែលកម្មវិធីគ្រោងរៀបចំរយៈពេលមួយសប្ដាហ៍ គឺចាប់ពីថ្ងៃទី២២ ដល់ ២៨ វិច្ឆិកា ឆ្នាំ២០២០។ យុទ្ធនាការនៃទិវាបុណ្យបរិស្ថានរដូវទឹកសម្រកនេះ ក្រោមកិច្ចសហការជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន នឹងធ្វើឡើងតាមបណ្ដាសហគមន៍ជាប់បឹងទន្លេសាប ចាប់ពីតំបន់ឃុំកំពង់ឃ្លាំង កំពង់ភ្លក់ ចុងឃ្នៀស ស្ទឹងសៀមរាប និងសហគមន៍មេជ្រៃ។ កម្មវិធីសំខាន់ក្នុងការប្រារព្ធទិវានេះ គឺផ្តល់សារអប់រំដល់ប្រជាពលរដ្ឋពីបញ្ហាអនាម័យ ការទុកដាក់និងញែកសំរាមឱ្យបានត្រឹមត្រូវ។

លោក ស៊ា សុផល ប្រធានអង្គការមូលនិធិ ទំពាំងស្នងឫស្សី និងក្រុមយុវជនមេត្រីភាពបរិស្ថាន

កម្មវិធីបរិស្ថានទាំងមូលនឹងផ្តោតជាសំខាន់ក្នុងការប្រមូលសំរាមយកតែប្លាស្ទិកប៉ុណ្ណោះ។ ប្លាស្ទិក គឺជាសំរាមដែលមានហានិភ័យ និងមានអាយុរាប់រយឆ្នាំ ដែលបង្កហានិភ័យខ្ពស់ទាំងជីវិតមនុស្ស សត្វ។ ប្លាស្ទិកដែលប្រមូលបាន នឹងយកទៅកែច្នៃជាឥដ្ឋបរិស្ថាន ដែលអង្គការមូលនិធិទំពាំងស្នងឫស្សីបានរៀបចំដំឡើងក្នុងសហគមន៍។

កម្មវិធីប្រារព្ធទិវាអនាម័យបរិស្ថានជាតិ និងពិធីបុណ្យទន្លេសាបរដូវទឹកសម្រកប្រចាំឆ្នាំ២០២០ជាផ្លូវការ នឹងប្រារព្ធធ្វើឡើងនៅឃុំកំពង់ឃ្លាំង ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ២,៦៧៩នាក់ ដោយក្នុងនោះប្រជាពលរដ្ឋចូលរួមសម្អាតតាមមុខផ្ទះរៀងៗខ្លួនចំនួន ២,៣១៩គ្រួសារ និង៣៦០នាក់ផ្សេងទៀតចូលរួមក្នុងកម្មវិធីរួមគ្នា។

ជាមួយគ្នានេះ អង្គការមូលនិធិទំពាំងស្នងឫស្សី បានប្រកាសពីគម្រោងថ្មីមួយទៀតឈ្មោះថា Rice for Plastic ដែលធ្វើឡើងក្នុងបំណងលើកកម្ពស់ជីវភាពសហគមន៍ក្រីក្រក្នុងបឹងទន្លេសាប។ គម្រោងនេះបានចាប់ផ្តើមអនុវត្តន៍លើប្រជាពលរដ្ឋ ៥០គ្រួសារ នៅភូមិបណ្តែតទឹកចុងប្រឡាយ ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយយុវជនស្ម័គ្រចិត្តសហគមន៍ បានចុះចែកការ៉ុងតាមផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីប្រមូលយកតែប្លាស្ទិកប៉ុណ្ណោះ និងគ្រោងបន្ថែមប្រជានេសាទចំនួន ១៨២គ្រួសារទៀតនៅសហគមន៍មេជ្រៃ ក្នុងឃុំកែវព៌ណ ស្រុកពួក។ ជារៀងរាល់ខែ ក្រុមយុវជនស្ម័គ្រចិត្តនឹងចុះទៅពិនិត្យ និងវាយតម្លៃដល់គ្រួសារនីមួយៗ ប្រសិនបើការញែកសំរាមពួកគាត់បានត្រឹមត្រូវ ពួកគាត់នឹងទទួលបានរង្វាន់លើកទឹកចិត្តជាអង្ករ៥គីឡូក្រាម។ ក្នុងនោះ ប្រសិនបើប្រជាពលរដ្ឋណាដែលប្រមូលប្លាស្ទិកបរិស្ថាន (សំរាមអណ្ដែតសាធារណ) ពួកគាត់នឹងទទួលបានអង្ករ៥គីឡូក្រាមបន្ថែម។ មួយវិញទៀត គ្រួសារណាដែលមានគំនិតច្នៃប្រឌិត ដោយយកស្បែមោងច្នៃច្រកដបប្លាស្ទិក នឹងទទួលបានរង្វាន់លើកទឹកចិត្តជាថវិកាចំនួនមួយម៉ឺនរៀលទៀត។

យុទ្ធនាការប្រមូលយកសំណល់ប្លាស្ទិកប្រចាំឆ្នាំនារដូវទឹកសម្រក និងរដូវទឹកឡើងបឹងទន្លេសាប តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំយ៉ាងទៀងទាត់ក្នុងអំឡុងខែ វិច្ឆិកា នៅពេលដែលទឹកបឹងទន្លេសាបចាប់ផ្តើមស្រកដកថយទៅវិញ និងក្នុងអំឡុង ខែមិថុនានៅពេលដែលទឹកបឹងទន្លេសាបចាប់ផ្តើមឡើងហូរចូលមកវិញ ដែលមានប្រជាសហគមន៍ចូលរួមម្តងៗរាប់ពាន់នាក់ ក្នុងគោលបំណងចូលរួមអភិរក្សជីវចម្រុះបឹងទន្លេសាបយើងទាំងអស់គ្នា។

យើងស្អាត សហគមន៍យើងស្អាត ទន្លេសាបស្អាត ដោយគ្មានប្លាស្ទិក!

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់