• 2020-11-25 00:28:03
  • ព័ត៌មាន

កម្ពុជា​រក​ឃើញ​អ្នក​វិជ្ជមានកូវីដ១៩ ទី​៣០៧

  • 2020-11-25 00:28:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩​ទី​ ៣០៧​ លើ​បុរស​ជនជាតិ​នេប៉ាល ហើយ​ក៏បាន​ប្រកាស​ពីការ​ព្យាបាល​អ្នក​ជំងឺកូវីដ១៩​ជាសះស្បើយ​ចំនួន​២នាក់ គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា​ ឆ្នាំ២០២០។​

ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា បុរសជនជាតិនេប៉ាល់អាយុ ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយកន្លែង ក្នុងរាជធានី ភ្នំពេញ បានធ្វើដំណើរមកពីប្រទេសនេប៉ាល់ ទៅដូហា និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ អ្នកដំណើររូបនេះ ធ្លាប់មានវិជ្ជមានវីរុសកូវីដ-១៩ កាលពីនៅប្រទេសណេប៉ាល់នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបានធ្វើចត្តាឡីស័កចំនួន១៥ថ្ងៃ នៅពេលនោះ។ នៅថ្ងៃទី ០២ និងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ គាត់បានធ្វើតេស្តឡើងវិញដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ ទាំងពីរលើក។

ថ្ងៃដែលបានមកដល់កម្ពុជា គាត់បានធ្វើតេស្តដោយទទួលបានលទ្ធផលនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ អវិជ្ជមានវីរុសកូវីដ-១៩ ហើយត្រូវបានអនុញ្ញាតឲ្យទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុង រាជធានីភ្នំពេញ ដោយគាត់ជាបុគ្គលិកអង្គការអន្តរជាតិមួយនៅភ្នំពេញ។ លទ្ធផលតេស្តនៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់គាត់ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ ហើយអ្នកជំងឺរូបនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ទន្ទឹម​នឹង​ការ​រកឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩​ខាងលើ​ កម្ពុជា​ក៏បាន​ព្យាបាល​ជា​សះស្បើយ​អ្នក​ជំងឺកូវីដ១៩​ចំនួន​២នាក់ ដែល​ធ្វើ​ឲ្យ​អ្នក​ជា​សះស្បើ​យ​សរុប​ចំនួន ២៩៨នាក់ និង​អ្នក​ឆ្លងសរុប​ ៣០៧នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​សរុប​ចំនួន​០៦នាក់៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់