- 2020-11-27 03:15:03
- ព័ត៌មាន
ល្អណាស់! សហគមន៍កំពង់ភ្លុក ប្ដេជ្ញាចិត្តគ្រប់គ្រងប្រមូលសំរាមប្លាស្ទិកឲ្យបានជោគជ័យ
- 2020-11-27 03:15:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អណាស់! សហគមន៍កំពង់ភ្លុក ប្ដេជ្ញាចិត្តគ្រប់គ្រងប្រមូលសំរាមប្លាស្ទិកឲ្យបានជោគជ័យ
ចន្លោះមិនឃើញ
សហគមន៍កំពង់ភ្លុក ស្ថិតនៅក្នុងស្រុកប្រាសាទបាងគង ខេត្តសៀមរាប បានទទួលយកគម្រោង នៃការគ្រប់គ្រងសំរាមប្លាស្ទិក ពីអង្គការមួយ ដើម្បីសហគមន៍គ្មានសំរាមប្លាស្ទិកពាសវាលពាសកាល។
លោក សុខ ប្លង់ មេឃុំកំពង់ភ្លុក បានប្រាប់ Sabay ថា សហគមន៍របស់លោកបានសម្រេចទទួលយកគម្រោង នៃការគ្រប់គ្រងសំរាមប្លាស្ទិកពីអង្គការមូលនិធិទំពាំងស្នងឫស្សី ដើម្បីធ្វើឲ្យបរិស្ថានស្អាត សុខភាពល្អ និងទាក់ទាញទេសចរមកកាន់តំបន់នេះកាន់តែច្រើនឡើង។
ទាក់ទងនឹងការផ្លាស់ប្ដូរឥរិយាបថរបស់សហគមន៍ លោក សុខ ប្លង់ បានសម្ដែងការជឿជាក់ថា «យើងអាចផ្លាស់ប្ដូរឥរិយាបថពួកគាត់បានពីការប្រើប្រាស់ប្លាស្ទិក ចោលពាសពាលកាល មកជាប្រើប្រាស់វត្ថុធម្មជាតិ និងគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវ ប៉ុន្ដែយើងត្រូវការពេលវេលាដើម្បីអប់រំផ្សព្វផ្សាយ»។
សារសំខាន់មួយក្នុងចំណោមសារសំខាន់ផ្សេងៗទៀត លោក សុខ ប្លង់ ចង់ឲ្យប្រជាពលរដ្ឋនឹករលឹកដល់ទសវត្ស៩០ ដែលជំនាន់នោះប្រជាពលរដ្ឋភាគច្រើន ស្ទើរតែមិនប្រើប្រាស់ប្លាស្ទិក ដោយហូបបាយវេចខ្ចប់នឹងស្លឹកចេក ឬស្លឹកឈូកជាដើម។ «យើងគ្មានវិធានការចាប់បង្ខំពួកគាត់ឲ្យផ្លាស់ប្ដូរឥរិយាបថនោះទេ តែយើងជឿជាក់លើការវិធានការអប់រំដូចភ្លៀងរលឹម ដើម្បីអប់រំពួកគាត់ ឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន»។
គួរបញ្ជាក់ថា សហគមន៍កំពង់ភ្លុក ដែលប្ដេជ្ញាឈប់ចោលប្លាស្ទិកទៅក្នុងទឹក និងឈប់ដុតប្លាស្ទិក និងពួកគាត់ចេះញែកសំណល់ទុកឲ្យបានត្រឹមត្រូវ គឺមានគ្រួសារជិត១ពាន់គ្រួសារ ស្មើនឹងប្រជាពលរដ្ឋជិត៤ពាន់នាក់ ក្នុងភូមិចំនួន៣ គឺភូមិ ត្នោតកំបុត, ភូមិ ដីក្រហម, និង ភូមិ គោកក្ដុល។
លោក ស៊ា សុផល ស្ថាបនិកគម្រោងផ្លាសស្ទិកបឹងទន្លេសាប និងជាប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី បាននិយាយថា «ខ្ញុំជឿជាក់លើការផ្លាស់ប្ដូររបស់ប្រជាពលរដ្ឋ ព្រោះពលរដ្ឋនៅក្នុងសហគមន៍នេះ ប្រមាណជា៨០%ហើយ បានគ្រប់គ្រងសំណល់ប្លាស្ទិកបានល្អ ដូច្នេះអង្គការខ្ញុំបានប្រគល់គម្រោងនេះឲ្យពួកគាត់ ដោយយើងផ្ដល់ជាការ៉ុង ដល់រដ្ឋបាលឃុំចែកជូនដល់ប្រជាពលរដ្ឋគ្រប់ផ្ទះ ឲ្យប្រមូលសំណល់ប្លាស្ទិក ដូចជា ចានស្នោ កែវជ័រ ទុយោ…ប្រមូលមកទុកឲ្យបានត្រឹមត្រូវ»។
ទន្ទឹមនឹងនេះ លោក ស៊ា សុផល បានទទូចថា ការមិនចោលសំរាមប្លាស្ទិកពាសពាសកាលពិសេសក្នុងទឹក និងការមិនដុតសំរាមប្លាស្ទិក គឺជាផ្នែកមួយសំខាន់ចូលរួមជួយគ្រប់គ្រងបរិស្ថានបានល្អ និងមិនធ្វើឲ្យប៉ះពាល់ដល់ជីវចម្រុះផង និងសុខភាពខ្លួនយើងផង ស្របទិសស្លោក «យើងស្អាត សហគមន៍យើងស្អាត ទន្លេស្អាត ដោយគ្មានសំរាមប្លាស្ទិក»។
យ៉ាងណាមិញ លោក សុខ ប្លង់ មេឃុំកំពង់ភ្លុក បានលើកឡើងថា ក្រៅពីការប្ដេជ្ញាចិត្តរបស់អ្នកភូមិ លោកក៏សូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលបានមកកម្សាន្តនៅរមណីយដ្ឋានកំពង់ភ្លុក សូមចូលរួមថែទាំ ដោយទុកដាក់សំរាមឲ្យចំធុងសំរាម ដែលបានដាក់តាមគោលដៅ ដើម្បីសហគមន៍ស្អាត គ្មានសំរាមប្លាស្ទិកជាដើម។
រូបភាពផ្ដល់ដោយ៖ លោក ស៊ា សុផល