• 2020-12-01 04:54:19
  • ព័ត៌មាន

កម្ពុជា និមន្តព្រះសង្ឃ ប្រោះព្រំ និងស្វាគមន៍ ការមកដល់ របស់ដំរី ១ក្បាល ពីប្រទេស ប៉ាគីស្ថាន

  • 2020-12-01 04:54:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំរី (ខាវ៉ាន់) ជាដំរីឈ្មោល មានអាយុ ៣៥ ឆ្នាំ ត្រូវបានក្រុមអភិរក្សសត្វព្រៃ ជួយសង្គ្រោះពីសួនសត្វមួយ នៃប្រទេសប៉ាគីស្ថាន តាមរយៈការតស៊ូ ផ្នែកច្បាប់ ហើយចុងក្រោយតុលាការកំពូលរបស់ប៉ាគីស្ថានបានសម្រេចឱ្យដំរីខាវ៉ាន់ មានសេរីភាព និងបញ្ជូនមករស់នៅក្នុងព្រៃធម្មជាតិ នៃដែនជម្រកសត្វព្រៃរបស់ប្រទេសកម្ពុជា។

ដំរីឈ្មោល ១ក្បាល ដែលជាដំរីដ៏ឯកោបំផុតនៅលើលោក បានមកដល់ទីក្រុងសៀមរាប នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីបានធ្វើដំណើរជាច្រើនម៉ោងនៅលើយន្តហោះពីប្រទេសប៉ាគីស្ថាន។

ក្រោយពីទទួលបានការប្រោះព្រំពីព្រះសង្ឃនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដំរី (ខាវ៉ាន់) ត្រូវបាននាំយកទៅកាន់ជម្រកថ្មីដែលមានទំហំដី ៤.៣៥០ ហិកតានៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យដែលអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា បានទទួលការអនុញ្ញាតក្រសួងបរិស្ថានធ្វើការការពារនិងអភិរក្ស។ នៅក្នុងតំបន់នោះ មានសត្វដំរីស្រុកញីចំនួន ៣ ក្បាលដែលបានយកមកពីខេត្តមណ្ឌលគិរី។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា កម្ពុជាមានក្តីសោមនស្សរីករាយទទួលស្វាគមន៍ដំរីខាវ៉ាន់។ ដំរីខាវ៉ាន់នឹងលែងរស់នៅក្នុងភាពឯកោទៀតហើយ។ សត្វដំរីខាវ៉ាន់នេះនឹងត្រូវរស់នៅក្នុងព្រៃធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យក្រោមការយកចិត្តទុកដាក់ថែរក្សាការពារខ្ពស់របស់ក្រសួងបរិស្ថាននិងអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា (CWS)។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ដំរីខាវ៉ាន់គឺជាប្រភេទដំរីអាស៊ីដែលជាប្រភេទរងការគំរាមកំហែង ហើយកម្ពុជាមានប្រភេទដំរីអាស៊ីនេះចន្លោះពី ៤០០ ទៅ៦០០ក្បាលដែលកំពុងតែរស់ នៅក្នុងព្រៃនៃតំបន់ការពារធម្មជាតិរបស់កម្ពុជាក្នុងខេត្តរតនគិរីនិងមណ្ឌលគិរី និងនៅក្នុងតំបន់ ជួរភ្នំក្រវ៉ាញ។ កម្ពុជាមានដំរីស្រុកប្រមាណជាង ៧០ ក្បាលផងដែរ។

គួរបញ្ជាក់ដែរថា សត្វដំរីអាស៊ី ឈ្មោះខាវ៉ាន់នេះនឹងត្រូវយកទៅចិញ្ចឹមក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពស្ថិតនៅក្នុងភូមិអូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ៕

ប្រភព ៖ ក្រសួងព័ត៌មាន

ប្រភពរូប ៖ ក្រសួងបរិស្ថាន

មតិយោបល់
អត្ថបទពេញនិយម