• 2020-12-09 07:17:35
  • ព័ត៌មាន

មកដឹងមូលហេតុប្តីប្រពន្ធជប៉ុនរៀបការរួចមិនរួមភេទ ខណៈអ្នកចង់នៅ Single កាន់តែកើន

  • 2020-12-09 07:17:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាង Mariko កំពុងតែព្រួយបារម្ភអំពីជីវិតផ្លូវភេទរបស់មិត្តនាង។ "នាងចង់មានកូន ប៉ុន្តែនាង និងប្តីរបស់នាង មិនដែលរួមភេទទេ"។ នេះបើតាមសម្តីរបស់ស្រ្តីវ័យ ៤៤ឆ្នាំខាងលើ។ នាងបានបន្ថែមថា "ប្តីរបស់នាងចូលចិត្តលេងហ្គេម និងអាហារ ប៉ុន្តែគាត់មិនចាប់អារម្មណ៍នឹងការរួមភេទទេ"។ នាង Mariko បច្ចុប្បន្នក៏មិនទាន់មានដៃគូដែរ ទោះបីជានាងចង់បានប្តី និងកូនយូរមកហើយក្តី។

គួរឲ្យដឹងថា មនុស្សភាគច្រើននៅក្នុងប្រទេសជប៉ុន កំពុងតែមានភាពឯកោដោយសារតែទំនាក់ទំនងស្នេហាកំពុងធ្លាក់ចុះ ហើយប្រជាជនមានវ័យចំណាស់លឿនជាងប្រទេសឧស្សាហកម្មដទៃទៀតនៅក្នុងពិភពលោក។

លោក Masahiro Yamada សាស្រ្តាចារ្យមកពីសកលវិទ្យាល័យ Chuo University បានមានប្រសាសន៍ថា "ប្រហែល ២៥ ភាគរយនៃយុវជនសព្វថ្ងៃនៅក្នុងប្រទេសជប៉ុន ប្រហែលជាចង់នៅលីវ និងមិនទាន់រៀបការ ពេញមួយជីវិតរបស់ពួកគេ"។ ចំនួនមនុស្សនៅលីវក្នុងចំំណោមប្រជាជនសរុបបានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេល ៣ ទសវត្សចុងក្រោយនេះ។

កាលពីឆ្នាំ ២០១៥ ការសិក្សាពីសកលវិទ្យាល័យ University of Tokyo បានបង្ហាញថា ស្ត្រីម្នាក់ក្នុងចំណោម ៤ នាក់ និងបុរសម្នាក់ក្នុងចំណោម ៣ នាក់ ដែលមានអាយុ ៣០ ឆ្នាំក្រាស់ គឺនៅលីវ។ មិនតែប៉ុណ្ណោះពាក់កណ្តាលនៃពួកគេមិនមានចំណាប់អារម្មណ៍ក្នុងទំនាក់ទំនងភេទផ្ទុយគ្នានោះទេ។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនតែងរាយការណ៍ជាទៀងទាត់ អំពីការកើនឡើងនូវព្រហ្មចារី និងការថយចុះនូវចំណាប់អារម្មណ៍ក្នុងការរួមភេទ ក៏ដូចជាការណាត់ជួបគ្នាក្នុងចំណោមមនុស្សវ័យក្មេង ទៀតផង។

ប៉ុន្តែ តើការបាត់បង់ចំណង់ផ្លូវភេទនេះឬ ដែលបណ្តាលឲ្យអត្រាកំណើតថយចុះនៅក្នុងប្រទេសជប៉ុន? អ្នកស្រាវជ្រាវនិយាយថា បញ្ហានេះកាន់តែស្មុគស្មាញខ្លាំងជាងនេះទៅទៀត។ "ប្រទេសជប៉ុនពិតជាងប់ងល់នឹងប្រពៃណីរបស់គ្រួសារណាស់"។ នេះបើតាមសម្តីរបស់លោក Yamada ដែលបានសរសេរសៀវភៅអំពីយុវវ័យ និងតម្លៃអភិរក្ស។

យុវជនជប៉ុនជាច្រើនមានបំណងបំពេញតួនាទីយេនឌ័រតាមបែបប្រពៃណី ដោយបុរសជាអ្នករកស៊ីចិញ្ចឹម ហើយស្ត្រីជាអ្នកមើលថែទាំផ្ទះ និងកូនៗ។ នៅក្នុងឆ្នាំរីកលូតលាស់ខ្លាំងនៃទសវត្សទី៩០ វាងាយស្រួលសម្រាប់ស្ត្រីវ័យក្មេងក្នុងការស្វែងរកបុរសដែលមានការងារមានប្រាក់ខែខ្ពស់។ ផ្ទុយទៅវិញ សព្វថ្ងៃនេះ បើយោងទៅតាមស្ថានភាពសេដ្ឋកិច្ចដ៏លំបាករបស់ប្រទេសជប៉ុន វាមិនងាយស្រួលដូចមុននោះទេ។

ទោះយ៉ាងណា Yamada និយាយថា ការគិតពីបុរាណ ដែលបុរសជាអ្នករកស៊ីចិញ្ចឹមគ្រួសារ នៅតែមានតម្លៃ។ ជាលទ្ធផលនារីជប៉ុនវ័យក្មេងជាច្រើន បន្តរស់នៅជាមួយឪពុកម្តាយ និងរង់ចាំដៃគូ។ "ប៉ុន្តែសម្រាប់ពួកគេភាគច្រើន ដៃគូដ៏ល្អបំផុតនឹងមិនងាយកើតឡើងនោះទេ។ ជាលទ្ធផល ពួកគេភាគច្រើននៅលីវ"។ នេះបើតាមការបន្ថែមរបស់ Yamada។

នៅឆ្នាំ ២០១៥ អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ University of Tokyo បានរកឃើញស្ត្រីនៅលីវច្រើនជាងមុនចំនួន ២,២ លាននាក់ និងបុរសដែលនៅលីវច្រើនជាងមុន ១,៧ លាននាក់ ដែលមានអាយុចន្លោះពី ១៨ ទៅ ៣៩ ឆ្នាំ បើប្រៀបធៀបនឹងចំនួនអ្នកនៅលីវក្នុងឆ្នាំ ១៩៩២។

"បន្ទាប់ពីអាយុ ៣០ ឆ្នាំ អ្នកត្រូវរៀបការ ឬនៅលីវ។ មានមនុស្សតិចតួចណាស់នៅក្នុងក្រុមមនុស្សចាស់ដែលមិនទាន់រៀបការ ហើយមានទំនាក់ទំនងជាមួយគ្នា"។

លោក Yamada ក៏បានអះអាងទៀតថា ជនជាតិជប៉ុនវ័យក្មេងភាគច្រើន សុខចិត្តបំពេញសេចក្តីត្រូវការខាងផ្លូវភេទរបស់ពួកគេ ដោយទៅរកស្រីនៅខាងក្រៅ ជាជាងរកដៃគូសង្សារ ឬប្រពន្ធ៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់