• 2020-12-19 02:26:58
  • ព័ត៌មាន

លោកជំទាវ ដេត ម៉ាលីណា រៀបរាប់ទាំងអួលដើមក រងសម្ពាធផ្លូវចិត្តមក ១៣ ឆ្នាំហើយ(វីដេអូ)

  • 2020-12-19 02:26:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងនៃការលែងលះរវាងលោកជំទាវ ដេត ម៉ាលីណា និងលោកឧកញ៉ាមានឈ្មោះល្បីក្នុងសង្គម ឌួង ឆាយ បានធ្វើឱ្យមហាជនស្ទើរមិនជឿថាជាការពិត មានមន្ទិលសង្ស័យ មានចម្ងល់ជាច្រើនថា មានរឿងពីក្រោយអ្វីធ្ងន់ធ្ងរមែនទេ ទើបអ្នកទាំងពីរឈានដល់ចំណុចមួយនេះ ក្រោយរៀបការ ១៣ ឆ្នាំ មានកូនៗដល់ទៅ ៣ នាក់ហើយនោះ ?

នៅយប់ថ្ងៃទី ១៨ ធ្នូ ២០២០ នេះ លោកជំទាវ ដេត ម៉ាលីណា បានធ្វើការ Live លើទំព័រហ្វេសប៊ុកផេកផ្លូវការ ប្រមាណជាងកន្លះម៉ោង ដើម្បីស្រាយមន្ទិល និងការវាយតម្លៃពីសំណាក់មហាជនមួយចំនួន ដោយមិនបានដឹងរឿងច្បាស់លាស់នៃគ្រួសារតូចមួយនេះ ។ មិននិយាយឱ្យចំៗថា ការបែកបាក់នោះ ព្រោះមានអ្នកទី ៣ ព្រោះអស់ក្ដីស្រឡាញ់ ព្រោះភាពផិតក្បត់ណាមួយឱ្យប្រាកដនោះទេ ប៉ុន្តែការបកស្រាយនោះ អតីតភរិយាឧកញ៉ារូបនេះបានលើកឡើងថា រយៈពេល ១៣ ឆ្នាំកន្លងមកនេះលោកជំទាវ ខំប្រឹង តស៊ូ ថែរក្សាចំណងអាពាហ៍ពិពាហ៍នេះ ទាំងរងសម្ពាធផ្លូវចិត្តជាច្រើនលើកច្រើនសារ ដល់ពេលមួយដែលមិនអាចទ្រាំបានតទៅទៀត ។

អ្នកម៉ាក់វ័យក្មេងរូបនេះបានប្រៀបប្រដូចជីវិតប្ដីប្រពន្ធរបស់អ្នកទាំងពីរ ប្រៀបបានទៅហ្នឹងកែវមួយដែលម្នាក់ទៀតព្យាយាមបោកវាឱ្យបែក ហើយម្ខាងទៀតព្យាយាមយកកាវទៅបិតភាពប្រេះស្រាំម្ដងហើយម្ដងទៀត រហូតបិតលែងជាប់ ។ ប្រៀបដូចជីវិតប្ដីប្រពន្ធលោកជំទាវ និង លោកឧកញ៉ាកន្លងមកនេះ ទោះបីអតីតស្វាមីធ្វើខុសប៉ុន្មានដងក៏នៅតែលើកលែង នៅតែអភ័យទោសម្ដងហើយម្ដងទៀត ព្រោះតែមិនចង់មានឈ្មោះលែងលះ ព្រោះនឹកអាណិតដល់កូនៗទើបអាចស៊ូទ្រាំអស់ជាច្រើនមកនេះ ។

លោកជំទាវ ដេត ម៉ាលីណា ថា ជីវិតប្ដីប្រពន្ធអាចស្ថិតស្ថេរគង់វង់យូរអង្វែងបាន លុះត្រាតែអ្នកទាំងពីរ ព្រមលះបង់នូវសេចក្ដីសុខផ្ទាល់ខ្លួន លះបង់បង់ពេលវេលា មិនគិតរឿងមាសប្រាក់លុយកាក់ជាធំ ហើយផ្ដល់ពេលវេលាឱ្យគ្នា ទើបគ្រួសារមានសុភមង្គលអាចទៅមុខបាន ហើយពិសេសនោះគឺភាពស្មោះត្រង់មានឱ្យគ្នា បើម្នាក់ខំធ្វើល្អ ម្នាក់ទៀតស្មោះតែម្ខាង ហើយគ្មានការចូលរួមពីម្ខាងទៀត គង់តែមានថ្ងៃណាមួយដើរដល់ចំណុចបែក ។

មួយឃ្លា លោកជំទាវ បានលើកឡើងថា ពេលខ្លះឱ្យតែគ្រួសារប្ដីប្រពន្ធមានភាពស្មោះត្រង់ មានពេលវេលាឱ្យគ្នា ទោះរស់នៅក្នុងផ្ទះល្វែង ជិះត្រឹមម៉ូតូក៏មានក្ដីសុខដែរ មិនមែនរស់ក្នុងផ្ទះវីឡា តែត្រូវរស់រងសម្ពាធផ្លូវចិត្តឡើយ ។ លោកជំទាវ ដេត ម៉ាលីណា រៀបរាប់ទៀតថាលោកជំទាវ មិនមែនរៀបការមានស្វាមីជាឧកញ៉ាហើយគិតតែរឿងមាសប្រាក់ ទោះប្ដីក្បត់ចិត្តក៏មិនខ្វល់ខ្វាយនោះទេ លោកជំទាវក៏ជាមនុស្សស្រីម្នាក់ ដែលប្រាថ្នាចង់បានស្វាមីដូចបំណងរបស់ខ្លួន គឺស្រឡាញ់គ្នាដោយភាពស្មោះត្រង់ ទៅវិញទៅមក ។

យ៉ាងណាមិញលោកជំទាវ ដេត ម៉ាលីណា ថា ការបែកគ្នារវាងលោកជំទាវ និងលោកឧកញ៉ា គ្មានអ្នកណាខុស គ្មានអ្នកណាត្រូវ ការបែកគ្នានេះដោយសន្តិវិធី ហើយម្នាក់ៗនៅតែធ្វើជាឪពុកល្អ ម្ដាយល្អ សម្រាប់កូនៗ ៕

សូមស្ដាប់ការបកស្រាយទាំងស្រុងដូចខាងក្រោមនេះ៖

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់