• 2021-01-09 09:23:11
  • ព័ត៌មាន

ចាំទះដៃស្វាគមន៍ផង! ទីបំផុត សាយ រត់​​ដល់គោលដៅ ២១គីឡូម៉ែត្រចុងក្រោយហើយ

  • 2021-01-09 09:23:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយចំណាយពេលអស់ ៩៧ ថ្ងៃ រត់ដោយថ្មើរជើងចម្ងាយ ២ ៤០០ គីឡូម៉ែត្រជុំវិញប្រទេសកម្ពុជា ទីបំផុតនៅថ្ងៃទី ៩ មករា ២០២១ នេះ វីរបុរស សាយ បានរត់មកដល់គោលដៅ ២១ គីឡូម៉ែត្រចុងក្រោយហើយ នៃគម្រោងរត់ដើម្បីសប្បុរសធម៌ជាមួយសាយ ។

តាមរយៈទំព័រហ្វេសប៊ុកផេកផ្លូវការ លោក សាយ បានបង្ហាញក្ដីរំភើបពន់ពេកជាមួយនឹងស្នាមញញឹម ពោរពេញដោយក្ដីសង្ឃឹម ចំពោះភាពជោគជ័យរបស់ខ្លួនអាចរត់មកដល់គោលដៅចុងក្រោយនៅរាជធានីភ្នំពេញ ប្រកបដោយសុវត្ថិភាព ។ សាយ បានពោលពាក្យមួយឃ្លាយ៉ាងមានន័យបំផុតថា៖ «កម្មវិធីបែបនេះមួយជីវិតខ្ញុំប្រហែលជាមានតែម្ដងនេះទេ ហើយបើទោះបីជាអ្នកទាំងអស់គ្នាមិនបានមករត់ជាមួយខ្ញុំ ក៏អាចនៅតែបន្តការបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជាផ្នែកមួយជួយសង្គ្រោះដល់កុមារកម្ពុជាដែលកំពុងសម្រាកព្យាបាលនៅទីនោះ» ។

ដូច្នេះសម្រាប់អ្នកភ្នំពេញ អាចចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុងជាមួយ សាយ នៃ ២១ គីឡូម៉ែត្រចុងក្រោយនេះទាំងអស់គ្នា ព្រោះយើងប្រហែលជាមិនអាចមានឱកាសច្រើនលើក ដើម្បីបានធ្វើសកម្មភាពដ៏ប្រពៃមួយនេះសម្រាប់សង្គមយើង ជាមួយ សាយ ទៀតនោះទេ ។

យ៉ាងណាមិញ សាយ បានផ្ដាំដែរថា សូមអ្នកចូលរួមទាំងអស់មេត្តាចូលរួមដោយការទទួលខុសត្រូវខ្ពស់ រក្សានៅគម្លាតសង្គម និងមិនគួរយកយានជំនិះមកជាមួយទេព្រោះអាចធ្វើឱ្យមានការកកស្ទះនៅតាមដងផ្លូវ។ សម្រាប់អ្នកដែលមិនអាចរត់ 21 គីឡូបាន អាចចាប់ផ្ដើមនៅចំណុចទី 2 ដែលរយៈចម្ងាយសល់ប្រហែល 10 គីឡូ ឬមកចាំនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញតែម្ដងក៏បានដើម្បីផ្ដល់ជាកម្លាំងចិត្តពួកយើង ៕

មតិយោបល់
អត្ថបទថ្មី