• 2021-01-16 06:00:53
  • ព័ត៌មាន

ទិដ្ឋភាពដ៏រំភើប! សាយ នីកូ និងដាឡែន នាំយកថវិកា​ជិត ១៥០០០ដុល្លារ ជូនសាលាបង្រៀនកុមារអូទីហ្សឹម!

  • 2021-01-16 06:00:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវតីនីកូ និងយុវតីដាឡែន ដែលបាន​រត់​ ១០០គីឡូម៉ែត្រ​​ជាមួយ​សាយ បានទទួលថវិកា​បរិច្ចាគ​ពីសប្បុរសជន​ប្រមាណជិត ១៥០០០ដុល្លារ សម្រាប់​អង្គការ​សាលារៀនទន្សាយ ដែលបង្រៀន​កុមារ​អូទីហ្សឹម និងពិការភាពជាច្រើនរយនាក់។ នៅព្រឹក​ថ្ងៃទី១៦ ខែមករានេះ សាយ រួមជាមួយ​យុវតី​ទាំង ២រូប បាននាំយក​ថវិកា​ទាំងអស់នោះ ទៅជូន​សាលារៀនទន្សាយ ដែលមានទីតាំង​នៅ​ក្នុង​សាលា​បឋមសិក្សា​ទួលគោក។

យុវតីនីកូ ដែលមានវ័យត្រឹម ១៥ឆ្នាំ បាន​ឲ្យដឹងក្នុង​កម្មវិធីនេះថា៖ "ខ្ញុំពិតជារំភើប​ដែលអាច​រួមចំណែក​ជួយ​កុមារ​អូទីហ្សឹមនៅសាលារៀនទន្សាយ ឲ្យបន្ត​ការ​សិក្សា។ ខ្ញុំសូមអរគុណ​សប្បុរសជនទាំងអស់ដែលបានបរិច្ចាគ​ក្នុង​ការរត់របស់ខ្ញុំ ហើយក៏សូមអរគុណប៉ាម៉ាក់ បងប្អូន មិត្តភក្ដិ និងបងសាយ ដែលបានគាំទ្រ​ផ្ដល់កម្លាំងចិត្ត ជួយឲ្យខ្ញុំអាចរត់ដល់គោលដៅ​ ១០០គីឡូម៉ែត្រ"។

នីកូ

ចំណែក​យុវតី ដាឡែន អាយុ ១៦ឆ្នាំ ដែល​បានរត់ជាមួយនីកូ ពីដើមដល់ចប់​ដែរនោះ ក៏បាន​បង្ហាញ​ក្ដីរំភើប ត្រេកអរជាពន់ពេក ដែលអាច​រត់បាន ១០០គីឡូមែ៉ត្រ ហើយទទួល​បានការ​បរិច្ចាគដ៏ច្រើនបែបនេះ។ ដាឡែន បាន​ប្រាប់ថាក្នុងអំឡុងពេលរត់ មាន​ផល​លំបាក​មួយចំនួន ដូចជា​ចរាចរណ៍ច្រើន សុនខ​ដេញជាដើម ប៉ុន្តែ​នាង​បាន​តស៊ូរត់​រហូត​បានសម្រេច ដោយសារ​មានការគាំទ្រ​ពីអ្នកគ្រប់គ្នា។

ដាឡែន

សាយ ដែលជា​អ្នកបង្កើត​កម្មវិធីរត់ដើម្បីសប្បុរសធម៌ជុំវិញ​ប្រទេស​កម្ពុជា ក៏បាន​បង្ហាញ​អារម្មណ៍ស្រដៀងគ្នានេះដែរ។ "ខ្ញុំពិតជារំភើប នៅពេលបានដឹងដំណឹងថាមានកុមារី​អាយុត្រឹម​ ១៥ឆ្នាំ ចូលរួម​រត់​ ១០០គីឡូម៉ែត្រ​ ដើម្បី​រកថវិកាជួយ​កុមារអូទីហ្សឹម។ ការ​រត់​របស់នីកូ​នេះ មិនត្រឹមតែអាចរកថវិកា​ជួយ​កុមារអូទីហ្សឹមប៉ុណ្ណោះទេ តែក៏ជា​ការ​ជម្រុញ​ឲ្យ​យុវជន​យើង​ជាច្រើនទៀត ចាប់ផ្ដើម​ការងារ​សង្គម​ដូចគ្នាដែរ។ ខ្ញុំសូមលើកទឹកចិត្ត​​នីកូ ​ឲ្យ​បន្តសកម្មភាព​សង្គម​បន្តទៀត"។

សាយ

សូមបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធី​ប្រគល់ថវិកា​ជូនសាលារៀនទន្សាយ​នេះ ក៏មាន​ការ​ចូលរួម​ពី​ក្រុមហ៊ុន​ទឹកដោះគោសុទ្ធ គិរីសួគ៌ ហាងនំប៉័ង​ Tours les Jours និងដូមីណូភីហ្សា​ផងដែរ។ ក្រុមហ៊ុនទាំង៣ បាន​បន្ត​ចែករំលែក​ក្ដីស្រលាញ់​ ដោយ​បាន​ចែក​ជូនជា​ទឹកដោះគោសុទ្ធ យ៉ាអួ នំប៉័ង និងភីហ្សា ដល់​កុមារ​អូទីហ្សឹម និងអ្នកចូលរួម​ទាំងអស់ក្នុង​កម្មវិធីផងដែរ។ ក្រៅពីផ្ដល់ជា​ទឹកដោះគោសុទ្ធ និងយ៉ាអួ ក្រុមហ៊ុនគិរីសួគ៌ ក៏បាន​ផ្ដល់​កាត​លើទឹកចិត្ត​ដល់​កុមារ​អូទីហ្សឹម​គ្រប់ៗរូប ក៏ដូចជា​ជូនជា​កាដូ​ដល់​សាយ នីកូ និងដាឡែន ដែលបាន​បង្កើត​កម្មវិធីសប្បុរសធម៌​នេះឡើង៕

មតិយោបល់