• 2021-01-21 13:53:55
  • ព័ត៌មាន

នាយករដ្ឋមន្ត្រី​ម៉ុងហ្គោលី​លាលែង​ ក្រោយ​​មាន​ការ​តវ៉ា​នឹង​ចំណាត់​ការ​រឿង​កូវីដ

  • 2021-01-21 13:53:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Khurelsukh Ukhnaa បាន​ដាក់ពាក្យ​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​ទៅ​កាន់​រដ្ឋសភា​ម៉ុងហ្គោលី បន្ទាប់​ពី​មាន​ការ​តវ៉ា​ទាក់ទិន​នឹង​ការ​ចាត់ចែង​លើ​រឿង​កូវីដ-១៩ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​អង្គភាព​សារព័ត៌មាន​ជាតិ​ម៉ុងហ្គោលី និង​រាយការណ៍​បន្ត​ដោយ​ Reuters

លោក​នាយករដ្ឋមន្ត្រី​ Khurelsukh ដែល​កាន់​តំណែង​តាំង​ពី​ឆ្នាំ២០១៧ បាន​សរសេរ​ក្នុង​សំបុត្រ​លាលែង​របស់​ខ្លួន​ថា លោក "ព្រម​ទទួល​ខុសត្រូវ​លើ​រឿង​គ្រប់​យ៉ាង​ដោយ​ខ្លួន​ឯង និង​ព្រម​ទទួល​យក​ការ​ទាមទារ​របស់​មហាជន"។ ខាង​រដ្ឋសភា​បាន​បោះឆ្នោត​ទទួល​យក​ការ​លាលែង​ពី​តំណែង​របស់​លោក។

បាតុកម្ម​ដែល​មាន​ចំនួន​មនុស្ស​រាប់រយ​នាក់​ ផ្ទុះ​ឡើង​ក្រោយ​មាន​ការ​ចែកចាយ​វីដេអូ​មួយ ដែល​​ម្ដាយ​​មួយ​រូប ត្រូវ​បាន​អូស​ចេញ​ពី​សម្ភព​នៅ​ក្នុង​ស្រុក​ ទាំង​​នៅ​ឈុត​អាវ​គេង​យប់ ជាមួួ​យ​នឹង​ស្បែក​ជើង​ផ្ទាត់ ខណៈ​អាកាសធាតុ​នៅ​ម៉ុងហ្គោលី​ត្រជាក់​ដល់​ថ្នាក់​ក្រោម​សូន្យ​អង្សា។ មន្ត្រី​ជាន់ខ្ពស់​ផ្នែក​សុខាភិបាល​ ក៏​ដូច​ជា​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​សុខាភិបាល បាន​លាលែង​ពី​តំណែង​ផង​ដែរ។

ការ​តវ៉ា​នេះ​ដែរ​កើត​ឡើង​កំឡុង​ពេល​ម៉ុងហ្គោលី​កំពុង​តែ​ជួប​បញ្ហា​សេដ្ឋកិច្ច ដោយ​ប្រជាជន​ជា​ច្រើន​បាត់បង់​ការងារ​ធ្វើ។

ម៉ុងហ្គោលី​ទទួល​បាន​ការ​សរសើរ​ពី​អង្គការ​សុខភាព​ពិភពលោក​អំពី​ការ​ចាត់ចែង​រឿង​កូវីដ-១៩​បាន​ល្អ តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​មានរលក​នៃ​ការ​ឆ្លង​ជា​ថ្មី ក្រោយ​ពី​មាន​ករណី​នាំ​ចូល​ពី​ប្រទេស​រុស្ស៊ី។ ប្រទេស​​បិទ​ជិត​ចន្លោះ​ចិន និង​រុស្ស៊ី​នេះ មាន​អ្នក​ឆ្លង​កូវីដជាង ១,៥០០នាក់ ចំណោម​ប្រជាជន​ ៣លាន​នាក់៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់